ម៉ាថាយ 5:11 - ព្រះគម្ពីរខ្មែរសាកល “អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។ Khmer Christian Bible អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ អាល់គីតាប ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! |
ប៉ុន្តែដោយសារតែព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងខ្ញុំត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។
ពួកអ្នកដែលញាប់ញ័រចំពោះព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ! ព្រះអង្គមានបន្ទូលថា៖ “បងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នករាល់គ្នា ជាអ្នកដែលកាត់អ្នករាល់គ្នាចេញដោយព្រោះនាមរបស់យើង ពួកគេបាននិយាយថា: ‘សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងសិរីរុងរឿង ដើម្បីឲ្យពួកយើងបានឃើញអំណររបស់ពួកឯងផង!’ ប៉ុន្តែពួកគេនឹងអាម៉ាស់មុខវិញ”។
ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
អ្នកដែលរកបានជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
អស់អ្នកដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬឪពុក ឬម្ដាយឬកូន ឬស្រែចម្ការ ដោយសារតែនាមរបស់ខ្ញុំ អ្នកនោះនឹងទទួលបានមួយជាមួយរយ ព្រមទាំងទទួលជីវិតអស់កល្បជានិច្ចជាមរតកផង។
“បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្នុងទុក្ខវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវប្រជាជាតិទាំងអស់ស្អប់ ដោយសារតែនាមរបស់ខ្ញុំ។
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
“ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន។ គេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយអ្នករាល់គ្នានឹងត្រូវគេវាយក្នុងសាលាប្រជុំ។ ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវឈរនៅមុខបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ។
ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនគេទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ លុះដល់ពេលមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល ពួកគេក៏ជំពប់ដួលភ្លាម។
ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។
ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។
អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរក្សាជីវិតវិញ។
ប៉ុន្តែគេនឹងប្រព្រឹត្តការទាំងអស់នេះដល់អ្នករាល់គ្នាដោយសារតែនាមរបស់ខ្ញុំ ពីព្រោះគេមិនបានស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
ពួកគេក៏ជេរគាត់ថា៖ “គឺអ្នកឯងហើយ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ យើងជាសិស្សរបស់ម៉ូសេ។
ដូចដែលមានសរសេរទុកមកថា: “ដោយសារតែព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់”។
យើងជាមនុស្សល្ងង់ព្រោះតែព្រះគ្រីស្ទ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាមនុស្សមានប្រាជ្ញាក្នុងព្រះគ្រីស្ទ; យើងជាមនុស្សខ្សោយ រីឯអ្នករាល់គ្នាជាមនុស្សខ្លាំងពូកែ; អ្នករាល់គ្នាជាមនុស្សមានកិត្តិយស រីឯយើងជាមនុស្សអាប់ឱនកិត្តិយស។
ពិតមែនហើយ យើងដែលនៅរស់ តែងតែត្រូវគេប្រគល់ទៅសេចក្ដីស្លាប់ជានិច្ចដោយសារតែព្រះយេស៊ូវ ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូវត្រូវបានសម្ដែងក្នុងរូបកាយរបស់យើងដែលរមែងតែងតែស្លាប់។
ដ្បិតការនេះបានប្រទានដល់អ្នករាល់គ្នាដោយសារតែព្រះគ្រីស្ទ គឺមិនគ្រាន់តែឲ្យជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងឲ្យរងទុក្ខដើម្បីព្រះអង្គទៀតផង
កាលគេជេរប្រមាថ ក៏ព្រះអង្គមិនបានជេរតប កាលព្រះអង្គរងទុក្ខ ក៏ព្រះអង្គមិនបានសម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គបានផ្ទុកផ្ដាក់អង្គទ្រង់នឹងព្រះដែលជំនុំជម្រះដោយយុត្តិធម៌។
ប្រសិនបើអ្នករាល់គ្នាត្រូវគេត្មះតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ដ្បិតព្រះវិញ្ញាណនៃសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះ សណ្ឋិតលើអ្នករាល់គ្នា។