Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ កូរិន‌ថូស 4 - ព្រះគម្ពីរខ្មែរសាកល


មេការដ៏ស្មោះត្រង់

1 ដូច្នេះ មនុស្ស​ត្រូវ​ចាត់ទុក​យើង​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ និង​ជា​មេការ​នៃ​អាថ៌កំបាំង​របស់​ព្រះ​។

2 ក្នុងករណីនេះ តម្រូវ​ឲ្យ​មេការ​ជា​មនុស្ស​ស្មោះត្រង់​។

3 រីឯ​សម្រាប់​ខ្ញុំ ការ​ដែល​ត្រូវ​អ្នករាល់គ្នា ឬ​សាលាក្ដី​របស់​មនុស្ស​វិនិច្ឆ័យ ជា​រឿង​តូចបំផុត​ទេ​។ តាមពិត សូម្បីតែ​ខ្លួនខ្ញុំ​ក៏​ខ្ញុំ​មិន​វិនិច្ឆ័យ​ដែរ​។

4 ខ្ញុំ​យល់ឃើញថា ខ្ញុំ​គ្មានអ្វី​ប្រឆាំងនឹង​សតិសម្បជញ្ញៈ​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រាប់ជាសុចរិត​មិនមែន​ដោយសារតែការនេះ​ទេ គឺ​ព្រះអម្ចាស់​ជា​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​ទេតើ​។

5 ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


គំរូនៃការបន្ទាបខ្លួនរបស់ពួកសាវ័ក

6 បងប្អូន​អើយ ខ្ញុំ​បាន​យក​សេចក្ដីទាំងនេះ​មក​និយាយជាឧទាហរណ៍​ដាក់​ខ្លួនខ្ញុំ និង​អ័ប៉ុឡូស សម្រាប់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​ថា “កុំ​ហួសពី​អ្វីដែល​មាន​សរសេរ​ទុកមក​ឡើយ” ក្រែងលោ​មាន​អ្នកណា​អួតបំប៉ោង ទាំង​កាន់ខាង​ម្នាក់ ហើយ​ប្រឆាំងនឹង​ម្នាក់ទៀត​។

7 តើ​នរណា​យល់ឃើញថា អ្នក​ពិសេសជាងគេ​? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ប្រសិនបើ​អ្នក​បាន​ទទួល​មែន ចុះម្ដេចក៏​អ្នក​អួតខ្លួន​ដូចជា​មិន​បាន​ទទួល​?

8 អ្នករាល់គ្នា​បាន​ស្កប់ស្កល់​ហើយ អ្នករាល់គ្នា​មានស្ដុកស្ដម្ភ​ហើយ អ្នករាល់គ្នា​បាន​សោយរាជ្យ​ដោយគ្មាន​យើង​ហើយ​! ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​សោយរាជ្យ​ណាស់ ដើម្បីឲ្យ​យើង​បាន​សោយរាជ្យជាមួយ​អ្នករាល់គ្នា​ដែរ​!

9 តាមពិត ខ្ញុំ​យល់ឃើញថា ព្រះ​បាន​ដាក់​យើង​ដែលជា​សាវ័ក​នៅ​ក្រោយក្បួន​ឲ្យគេឃើញ ដូចជា​អ្នកទោសប្រហារជីវិត ពីព្រោះ​យើង​បាន​ក្លាយជា​ទិដ្ឋភាព​ដល់​សាកលលោក គឺ​ទាំង​ទូតសួគ៌ និង​មនុស្ស​ផង​។

10 យើង​ជា​មនុស្ស​ល្ងង់​ព្រោះតែ​ព្រះ​គ្រីស្ទ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ព្រះ​គ្រីស្ទ​; យើង​ជា​មនុស្ស​ខ្សោយ រីឯ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្លាំងពូកែ​; អ្នករាល់គ្នា​ជា​មនុស្ស​មានកិត្តិយស រីឯ​យើង​ជា​មនុស្ស​អាប់ឱនកិត្តិយស​។

11 រហូតដល់​ពេលនេះ យើង​ទាំង​ឃ្លាន ទាំង​ស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេ​វាយ ហើយ​គ្មានជម្រក

12 ព្រមទាំង​ធ្វើការនឿយហត់​ដោយ​ផ្ទាល់ដៃ​។ កាលណា​គេ​ជេរ យើង​ក៏​ឲ្យពរ​វិញ​; កាលណា​គេ​បៀតបៀន យើង​ក៏​ស៊ូទ្រាំ​;

13 កាលណា​ត្រូវគេ​មួលបង្កាច់ យើង​ក៏​អង្វរ​។ រហូតមកដល់​ឥឡូវនេះ យើង​បាន​ដូចជា​សំរាម​របស់​ពិភពលោក និង​បាន​ដូចជា​កាកសំណល់​របស់​មនុស្ស​ទាំងអស់​។


ភាពកង្វល់របស់ប៉ូលដូចជាឪពុក

14 ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​ទេ គឺ​ដើម្បី​ទូន្មាន​អ្នករាល់គ្នា​ដូចជា​កូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​។

15 តាមពិត ទោះបីជា​អ្នករាល់គ្នា​មាន​អ្នកបង្រៀន​រាប់ម៉ឺន​នាក់​ក្នុង​ព្រះ​គ្រីស្ទ​ក៏ដោយ ក៏​គ្មាន​ឪពុក​ច្រើន​ទេ ដ្បិត​ខ្ញុំ​បាន​ផ្ដល់កំណើត​ដល់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​តាមរយៈ​ដំណឹងល្អ​។

16 ដូច្នេះ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើជា​អ្នកយកតម្រាប់​តាម​ខ្ញុំ​។

17 នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។

18 មាន​អ្នកខ្លះ​មានឫកធំ ដោយស្មានថា​ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា

19 ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។

20 ដ្បិត​អាណាចក្រ​របស់​ព្រះ មិន​ស្ថិតលើ​ពាក្យសម្ដី​ទេ គឺ​ស្ថិតលើ​អំណាច​វិញ។

21 តើ​អ្នករាល់គ្នា​ចង់បាន​មួយណា? ចង់​ឲ្យ​ខ្ញុំ​មករក​អ្នករាល់គ្នា​ដោយកាន់​រំពាត់ ឬ​ដោយ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សុភាពរាបសា​វិញ​?

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម