Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាកុស 8 - ព្រះគម្ពីរខ្មែរសាកល


ប្រទាននំប៉័ងឲ្យបួនពាន់នាក់

1 នៅ​គ្រានោះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ម្ដងទៀត ពួកគេ​គ្មាន​អ្វី​ហូប​ឡើយ​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក មានបន្ទូល​នឹង​ពួកគេ​ថា៖

2 “ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។

3 បើសិន​ខ្ញុំ​ឲ្យ​ពួកគេ​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន ពួកគេ​នឹង​សន្លប់​តាមផ្លូវ ពីព្រោះ​អ្នកខ្លះ​បាន​មក​ពី​ឆ្ងាយ”។

4 ពួក​សិស្ស​ទូល​តប​ថា៖ “នៅ​ទីរហោស្ថាន​ដូច្នេះ តើ​អាច​យក​នំប៉័ង​មកពីណា ដើម្បី​ចម្អែត​មនុស្ស​ទាំងនេះ​បាន​?”។

5 ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “មាន​ប្រាំពីរ”។

6 ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី។ នៅពេល​យក​នំប៉័ង​ប្រាំពីរ ព្រះអង្គ​ក៏​អរព្រះគុណ ហើយ​កាច់​នំប៉័ងទាំងនោះ រួច​ប្រទាន​ដល់​ពួក​សិស្ស​ដើម្បីឲ្យ​ពួកគេ​ចែក ពួកគេ​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។

7 ពួកគេ​មាន​ត្រីតូចៗ​ខ្លះ​ដែរ ដូច្នេះ​ព្រះអង្គ​ក៏​ប្រទានពរ ហើយ​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំងនោះ​ដែរ​។

8 ពួកគេ​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែលសេសសល់​បាន​ប្រាំពីរ​កញ្ឆេ​។

9 នៅទីនោះ មាន​មនុស្ស​ប្រមាណ​បួនពាន់​នាក់​។ ព្រះអង្គ​ទ្រង់​ឲ្យ​ពួកគេ​ទៅវិញ

10 រួចក៏​ជិះ​ទូក​ជាមួយ​ពួក​សិស្ស​ភ្លាម ហើយ​ទៅដល់​តំបន់​ដាលម៉ានូថា​។


មេម្សៅរបស់ពួកផារិស៊ី និងពួកហេរ៉ូឌ

11 មាន​ពួកផារិស៊ី​ចេញមក ហើយ​ចាប់ផ្ដើម​ប្រកែក​នឹង​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ ដើម្បី​ល្បងល​ព្រះអង្គ។

12 ព្រះយេស៊ូវ​ទ្រង់​ដកដង្ហើមធំយ៉ាងវែង​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“ហេតុអ្វីបានជា​ជំនាន់​នេះ​ទាមទារ​ទីសម្គាល់​ដូច្នេះ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​ជំនាន់​នេះ​ឡើយ”។

13 ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ រួច​ជិះ​ទូក​វិញ ឆ្លង​ទៅ​ត្រើយម្ខាង​។

14 ពួកសិស្ស​ភ្លេច​យក​នំប៉័ង​មក ដូច្នេះ​ក្រៅពី​នំប៉័ង​មួយ ពួកគេ​គ្មានអ្វីសោះ​នៅលើ​ទូក​។

15 ពេលនោះ ព្រះអង្គ​ទ្រង់​បង្គាប់​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​មេម្សៅ​របស់​ពួក​ហេរ៉ូឌ​ចុះ”។

16 ពួកសិស្ស​ក៏​ជជែក​គ្នា ដោយសារ​គ្មាន​នំប៉័ង​។

17 ព្រះយេស៊ូវ​បាន​ជ្រាប ក៏​សួរ​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​ថា​គ្មាន​នំប៉័ង​ដូច្នេះ​? តើ​អ្នករាល់គ្នា​មិនទាន់​ភ្លឺ ហើយមិនទាន់​យល់​ទេ​ឬ? តើ​ចិត្ត​របស់អ្នករាល់គ្នា​នៅតែ​រឹងរូស​ឬ?

18 អ្នករាល់គ្នា​មាន​ភ្នែក តែ​មើលមិនឃើញ មាន​ត្រចៀក តែ​ស្ដាប់មិនឮ​ទេឬ​?​អ្នករាល់គ្នា​មិន​ចាំ​ទេ​ឬ​?

19 នៅពេល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ឲ្យ​ប្រាំពាន់​នាក់ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កន្ត្រក?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “ដប់ពីរ​កន្ត្រក”។

20 “ចុះ​ពេល​កាច់​នំប៉័ង​ប្រាំពីរ​ឲ្យ​បួនពាន់​នាក់​វិញ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កញ្ឆេ​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “ប្រាំពីរ​កញ្ឆេ”។

21 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​មិនទាន់​យល់​ទេ​ឬ​?”។


ប្រោសបុរសខ្វាក់ភ្នែកឲ្យជា

22 នៅពេល​ពួកគេ​មកដល់​បេតសៃដា មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក​ម្នាក់​មក ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ពាល់​គាត់​។

23 ព្រះយេស៊ូវ​ទ្រង់​ដឹក​ដៃ​បុរស​ខ្វាក់ភ្នែក​នោះ នាំ​ចេញ​ទៅ​ខាងក្រៅ​ភូមិ​។ នៅពេល​ស្ដោះ​ទឹកព្រះឱស្ឋ​ដាក់​ភ្នែក​ទាំងពីរ​របស់​បុរសនោះ និង​ដាក់​ព្រះហស្ត​ទាំងពីរ​លើ​គាត់​ហើយ ព្រះអង្គ​ក៏​សួរ​គាត់​ថា​៖“តើ​អ្នក​មើលឃើញ​អ្វី​ទេ​?”។

24 គាត់​សម្លឹងមើល ហើយ​ទូលថា​៖ “ខ្ញុំ​ឃើញ​មនុស្ស គឺ​មើលទៅ​ដូចជា​ដើមឈើ​កំពុង​ដើរ”។

25 បន្ទាប់មក ព្រះអង្គ​ដាក់​ព្រះហស្ត​លើ​ភ្នែក​របស់​គាត់​ម្ដងទៀត បុរសនោះ​ក៏​មើលឃើញច្បាស់​។ ភ្នែករបស់​គាត់​បានដូចដើមវិញ គឺ​ឃើញ​ច្បាស់​ទាំងអស់​។

26 ព្រះយេស៊ូវ​ទ្រង់​ឲ្យ​គាត់​ទៅផ្ទះវិញ ទាំង​មានបន្ទូលថា​៖“កុំ​ចូល​ក្នុង​ភូមិ​ឡើយ”។


ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ

27 ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ បាន​ចេញទៅ​ភូមិ​នានា​នៅ​សេសារា​-​ភីលីព​។ នៅតាមផ្លូវ ព្រះអង្គ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​ខ្ញុំ​ជា​នរណា?”។

28 ពួកគេ​ទូល​ឆ្លើយ​ថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ម្នាក់​ក្នុង​បណ្ដា​ព្យាការី”។

29 ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ទៀត​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។ ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ!”។

30 ព្រះអង្គ​ក៏​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណា​អំពី​ព្រះអង្គ​ឡើយ។


ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ

31 ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ថា​៖“កូនមនុស្ស​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បដិសេធ រួច​ត្រូវគេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយមក លោក​នឹង​រស់ឡើងវិញ”។

32 ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​យ៉ាងច្បាស់លាស់​។ ពេត្រុស​ក៏​នាំ​ព្រះអង្គ​មក​ក្បែរ ហើយ​ចាប់ផ្ដើម​បន្ទោស​ព្រះអង្គ​។

33 ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បែរមក​មើល​ពួក​សិស្ស ហើយ​ស្ដីឲ្យ​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


លីឈើឆ្កាងរបស់ខ្លួន

34 បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។

35 ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សាជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ និង​ដំណឹងល្អ អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ។

36 ជាការពិត ការ​ដែល​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​?

37 តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?

38 ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម