Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 35 - ព្រះគម្ពីរខ្មែរសាកល


អធិស្ឋានសុំជ័យជម្នះលើសត្រូវ
បទតម្កើង ​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ សូម​តតាំង​នឹង​ពួក​អ្នកតតាំង​នឹង​ទូលបង្គំ​ផង​! សូម​តយុទ្ធ​នឹង​ពួក​អ្នក​តយុទ្ធ​នឹង​ទូលបង្គំ​ផង​!

2 សូម​ចាប់យក​ខែលតូច និង​ខែលធំ ហើយ​ក្រោកឡើង​ដើម្បី​ជួយ​ទូលបង្គំ​ផង​!

3 សូម​ហូត​លំពែង និង​ដែកពួយ ដើម្បី​តទល់​នឹង​ពួកដែល​តាមបៀតបៀន​ទូលបង្គំ​ផង​! សូម​មានបន្ទូល​នឹង​ព្រលឹង​របស់ទូលបង្គំ​ថា​៖ “យើង​ជា​សេចក្ដីសង្គ្រោះ​របស់អ្នក​!”។

4 សូមឲ្យ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​អៀនខ្មាស សូមឲ្យ​ពួកដែល​គិតគូរ​ការអាក្រក់​ទាស់នឹង​ទូលបង្គំ បាន​ថយទៅវិញ ហើយ​ទទួលការអាប់យស​។

5 សូមឲ្យ​ពួកគេ​បាន​ដូចជា​អង្កាម​នៅចំពោះ​ខ្យល់ ទាំង​មាន​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ដេញ​ពួកគេ​ចេញ​ផង​។

6 សូមឲ្យ​ផ្លូវ​របស់ពួកគេ​ទៅជា​ងងឹត ហើយ​រអិល ទាំង​មាន​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ដេញតាម​ពួកគេ​ផង​។

7 ដ្បិត​ពួកគេ​បាន​បង្កប់​សំណាញ់​ក្នុង​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ​ដោយគ្មានមូលហេតុ ពួកគេ​បាន​ជីក​រណ្ដៅ ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ​ដោយគ្មានមូលហេតុ​។

8 សូមឲ្យ​ការហិនវិនាស​មក​លើ​ពួកគេ​ដោយ​មិនដឹងខ្លួន សូមឲ្យ​សំណាញ់​ដែល​ខ្លួនពួកគេ​បាន​បង្កប់ ចាប់​ពួកគេ​ជាប់ សូមឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់នោះ​រហូតដល់​ហិនវិនាស​។

9 នោះ​ព្រលឹង​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា ហើយ​រីករាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។

10 អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។

11 ពួក​សាក្សី​ព្យាបាទ​ក្រោកឡើង សាកសួរ​អំពីរឿង​ដែល​ខ្ញុំ​មិន​ដឹង​។

12 ពួកគេ​តបសង​ការអាក្រក់​ដល់​ខ្ញុំ ស្នងនឹង​ការល្អ ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​ឯកោ​។

13 ចំណែកឯ​ខ្ញុំ​វិញ កាល​ពួកគេ​ឈឺ ខ្ញុំ​ស្លៀក​សម្លៀកបំពាក់​ជា​ក្រណាត់ធ្មៃ ខ្ញុំ​បាន​ធ្វើទុក្ខ​ព្រលឹង​របស់ខ្ញុំ​ដោយ​ការតមអាហារ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ខ្ញុំ​ម្ដងហើយម្ដងទៀត​។

14 ខ្ញុំ​បាន​ទៅណេះទៅណោះ​ដើម្បីពួកគេ ហាក់ដូចជា​ពួកគេជា​មិត្តសម្លាញ់ ឬ​បងប្អូន​របស់​ខ្ញុំ​; ខ្ញុំ​បាន​ឱនចុះ​ដោយ​យំសោក ដូចជា​កាន់ទុក្ខ​ចំពោះ​ម្ដាយ​។

15 ប៉ុន្តែ​កាល​ខ្ញុំ​ជំពប់ ពួកគេ​ក៏​ផ្ដុំគ្នា​អរសប្បាយ​; ពួកអ្នក​វាយប្រហារ​បាន​ផ្ដុំគ្នា​ទាស់នឹង​ខ្ញុំ ដោយ​ខ្ញុំ​មិន​បាន​ដឹងខ្លួន ហើយ​ហែក​ខ្ញុំ​ឥតឈប់ឈរ​;

16 ពួកគេ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ដូចជា​មនុស្ស​ចំអកឡកឡឺយ​ដែល​មិនគោរពព្រះ​នៅក្នុង​ពិធីជប់លៀង​។

17 ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​គ្រាន់តែទតមើល​ដល់ពេលណា​ទៀត​? សូម​សង្គ្រោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ការបំផ្លាញ​របស់ពួកគេ សូម​សង្គ្រោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​សិង្ហស្ទាវ​ផង​។

18 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជន​ដ៏ច្រើន​។

19 កុំឲ្យ​ពួក​អ្នកដែលធ្វើជា​សត្រូវ​នឹង​ទូលបង្គំ​ដោយ​ឥតហេតុ បាន​អរសប្បាយ​លើ​ទូលបង្គំ កុំឲ្យ​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ បាន​មិច​ភ្នែក​ឡើយ​។

20 ដ្បិត​ពួកគេ​មិន​និយាយ​សន្តិភាព​ឡើយ គឺ​គិតគូរ​ពាក្យ​បោកបញ្ឆោត​ទាស់នឹង​អ្នកដែល​រស់នៅដោយស្ងប់ស្ងៀម​ក្នុង​ស្រុក​វិញ​។

21 ពួកគេ​បើក​មាត់​ធំ​ដាក់​ទូលបង្គំ ដោយ​និយាយថា​៖ “ហាសហា​! ហាសហា​! ភ្នែក​យើង​បាន​ឃើញ​ហើយ​!”។

22 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ហើយ សូម​កុំ​នៅស្ងៀម​ឡើយ​! ព្រះអម្ចាស់​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!

23 ព្រះ​នៃទូលបង្គំ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង សូម​ក្រោកឡើង ដើម្បី​សាលក្រមបំភ្លឺភាពត្រឹមត្រូវ​សម្រាប់​ទូលបង្គំ និង​ដើម្បី​រឿងក្ដី​របស់ទូលបង្គំ​ផង​!

24 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​! កុំឲ្យ​ពួកគេ​បាន​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ

25 កុំឲ្យ​ពួកគេ​ពោល​ក្នុងចិត្ត​ថា​៖ “ហាសហា​! ដូច​បំណង​យើង​ហើយ​!”។ កុំឲ្យ​ពួកគេ​ពោលថា​៖ “យើង​បាន​លេប​វា​ហើយ​!”។

26 សូមឲ្យ​ពួកអ្នកដែល​អរសប្បាយ​នឹង​មហន្តរាយ​របស់ទូលបង្គំ ត្រូវបាន​ធ្វើឲ្យ​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ជាមួយគ្នា​។ សូមឲ្យ​ពួកអ្នកដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​។

27 សូមឲ្យ​អ្នកដែល​ចង់​ឃើញ​ការរាប់ជាសុចរិត​ដល់​ទូលបង្គំ បាន​ស្រែកហ៊ោ និង​អរសប្បាយ​។ សូមឲ្យ​ពួកគេ​និយាយ​ជានិច្ច​ថា​៖ “សូម​លើកតម្កើង​ព្រះយេហូវ៉ា​! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីសុខសាន្ត​របស់​បាវបម្រើ​ព្រះអង្គ”។

28 អណ្ដាត​របស់ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​សរសើរតម្កើង​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម