អេសាយ 31:2 - អាល់គីតាប រីឯទ្រង់វិញ ទ្រង់ក៏ខ្លាំងពូកែដែរ ទ្រង់អាចធ្វើឲ្យទុក្ខវេទនាកើតឡើង ទ្រង់គំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ទ្រង់ប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំមហន្តរាយមក ក៏មិនដកព្រះបន្ទូលរបស់អង្គទ្រង់វិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងវង្សត្រកូលរបស់អ្នកដែលធ្វើអាក្រក់ ហើយទាស់នឹងអ្នកជួយរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះអង្គវិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលរបស់ព្រះអង្គវិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងពួកវង្ស របស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃ ជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ ព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង ព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្រង់វិញ ទ្រង់ក៏មានប្រាជ្ញាដែរ ទ្រង់នឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលទ្រង់វិញឡើយ គឺទ្រង់នឹងក្រោកឡើងទាស់នឹងពួកវង្សរបស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃជាមួយនឹងពួកប្រព្រឹត្តអំពើទុច្ចរិតនោះ |
ទ្រង់ប្រកបដោយអំណាច ហើយសម្រេចកិច្ចការអ្វីៗ តាមបំណង រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង ស្ថិតនៅក្រោមអំណាចរបស់ទ្រង់។
ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់ ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតបានការ។
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលអុលឡោះតាអាឡា អ្នករាល់គ្នាបានមើលងាយ ម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ហើយបែរខ្នងដាក់ទ្រង់ទៀតផង!
អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្ដេចឯទៀតៗទេ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានសំដែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ទ្រង់មិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អុលឡោះតាអាឡានឹងមក ដូចកាលទ្រង់មកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ទ្រង់ក្រោកឡើងសំដែងអំណាច ដែលជាអំណាចដ៏ចម្លែក ទ្រង់បំពេញកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការខុសប្លែកពីធម្មតា។
គាត់ចេះធ្វើការទាំងនេះមកពី អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ទ្រង់គួរឲ្យកោតសរសើរ ហើយប្រាជ្ញាញាណរបស់ទ្រង់ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។
ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន!
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាអុលឡោះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាម៉ាឡាអ៊ីកាត់ឡើយ។ ពេលណាអុលឡោះតាអាឡាលើកដៃឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។
ដ្បិតមនុស្សល្ងីល្ងើស្រដីចេញមកតែពាក្យល្ងីល្ងើ ចិត្តរបស់គេគិតតែពីការអាក្រក់ ពួកគេប្រព្រឹត្តអំពើព្រៃផ្សៃ ហើយប្រមាថមើលងាយអុលឡោះតាអាឡា ពួកគេមិនឲ្យអាហារដល់អ្នកអត់ឃ្លានទេ ហើយថែមទាំងយកទឹកចេញពីអ្នក ដែលស្រេកទៀតផង។
យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាអុលឡោះតាអាឡា ដែលប្រព្រឹត្តការទាំងនេះ។
ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
រីឯអុលឡោះវិញ ទ្រង់បានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។
មនុស្សទាំងអស់ត្រូវតែកោតខ្លាចទ្រង់ ដ្បិតទ្រង់ជាស្តេច របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងទ្រង់បានឡើយ។
យេរេមាយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ យេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ គាត់បន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។
ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រអែលយកធ្វើជាបង្អែក។
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើអុលឡោះតាអាឡាមិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងហ៊ូកុំដែលយើងបានបង្គាប់ដល់ពួកណាពីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចទ្រង់បានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
ពេលហិបរបស់អុលឡោះតាអាឡាចេញដំណើរ ម៉ូសាបន្លឺសំឡេងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ទ្រង់ ត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់អុលឡោះត្រូវបាក់ទ័ពនៅចំពោះទ្រង់!»។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
មានតែអុលឡោះមួយគត់ ដែលប្រកបដោយប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!។
បន្ទូលស្តីអំពីសុភមង្គលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា សន្យាសុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា បន្ទូលដែលទ្រង់ព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នា វិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។
មានអុលឡោះតែមួយទេ ដែលជាម្ចាស់សង្គ្រោះយើង ដោយសារអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ីន!។
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។