អេសាយ 9 - អាល់គីតាបបុត្រាមួយនាក់ប្រសូតនៅកណ្ដាលចំណោមយើង 1 ក៏ប៉ុន្តែ ភាពងងឹតមិនគ្របបាំងទឹកដី ដ៏សែនលំបាកនេះទៀតឡើយ។ កាលពីមុន អុលឡោះបានធ្វើឲ្យ តំបន់សាប់យូឡូន និងតំបន់ណែបថាលី ត្រូវអាម៉ាស់ តែទៅអនាគត ទ្រង់នឹងប្រទានឲ្យ ស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។ 2 ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។ 3 ឱអុលឡោះតាអាឡាអើយ ទ្រង់ប្រោសប្រទាន ឲ្យប្រជាជាតិនេះបានចំរើនឡើង ព្រមទាំងឲ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះ មុខទ្រង់ដូចជាសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជយភ័ណ្ឌដែរ 4 ដ្បិតទ្រង់បំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ទ្រង់រំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលទ្រង់រំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។ 5 ស្បែកជើងរបស់ទាហាន ដែលតែងតែរុកទន្ទ្រាន និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវដុតឲ្យឆេះអស់គ្មានសល់ 6 ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។ 7 បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។ ការដាក់ទោសរាជាណាចក្រអ៊ីស្រអែល 8 អុលឡោះតាអាឡាប្រកាសដាក់ទោស ប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រអែល ដែលជាពូជពង្សរបស់យ៉ាកកូប។ 9 ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម និងអ្នកស្រុកសាម៉ារី មុខជាដឹង ហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖ 10 «អាគារធ្វើពីដីឥដ្ឋ បានរលំហើយ យើងនឹងយកថ្មមកសង់ឡើងវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក មកជំនួសវិញ!»។ 11 អុលឡោះតាអាឡានឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ ទ្រង់នឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ 12 ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។ 13 ទោះបីអុលឡោះតាអាឡាវាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រអែលពុំព្រមវិលមករក ទ្រង់ដែរ ពួកគេពុំស្វែងរក អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលទេ។ 14 ហេតុនេះហើយបានជាអុលឡោះតាអាឡា ដាក់ទោសអ៊ីស្រអែលក្នុងថ្ងៃតែមួយ គឺទ្រង់កាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ 15 ក្បាលគឺពួកអះលីជំអះ និងអ្នកមុខអ្នកការ រីឯកន្ទុយ គឺអ្នកដែលជាណាពីក្លែងក្លាយ។ 16 ពួកមេដឹកនាំដែលបានធ្វើឲ្យ ប្រជាជននេះវង្វេង ហើយអស់អ្នកដែលត្រូវគេដឹកនាំ ក៏វិនាសអន្តរាយដែរ។ 17 ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។ 18 អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។ 19 ដោយសារអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។ 20 ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី 21 គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម អេប្រាអ៊ីមស៊ីសាច់ម៉ាណាសេ ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។ |
© 2014 United Bible Societies, UK.
United Bible Societies