Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សេផានា 3 - អាល់គីតាប


អ្នក​ក្រុង​យេរូ‌សាឡឹម​មិន​ព្រម​ស្ដាប់​អុលឡោះ

1 យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។

2 ពួក​គេ​មិន​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ទ្រង់​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា ពួក​គេ​មិន​ចូល​មក​ជិត​ម្ចាស់​របស់​ខ្លួន​ទេ។

3 មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​គិត​តែ​ពី​គ្រហឹម។ ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរ នៅ​ពេល​ព្រឹក​ឡើយ។

4 ណាពី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខ‌ងារ​របស់​ខ្លួន។ អ៊ីមុាំ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទី‌សក្ការៈ ព្រម​ទាំង​បំពាន​លើ​ហ៊ូកុំ។

5 ប៉ុន្តែ អុលឡោះ‌តាអាឡា​នៅ​ក្នុង​ចំណោម​ពួក​គេ ទ្រង់​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក ទ្រង់​បង្ហាញ​យុត្តិធម៌ ឲ្យ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់‌ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។

6 ទ្រង់​មាន​បន្ទូល​ថា៖ «យើង​បាន​កំទេច​ប្រជា‌ជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។

7 យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច និង​ព្រម​ទទួល​ការ​ស្តី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។

8 ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បន្ទូល​សន្យា​របស់​អុលឡោះ

9 ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជាអុលឡោះ‌តាអាឡា ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។

10 អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កំចាត់‌កំចាយ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី នឹង​នាំ​គ្នា​យក​ជំនូន​មក​ឲ្យ​យើង។

11 នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ដែរ។

12 យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួន ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក ប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជាអុលឡោះ‌តាអាឡា។

13 ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។

14 ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!

15 អុលឡោះ‌តាអាឡា​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ទ្រង់​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ អុលឡោះ‌តាអាឡា ជា​ស្តេច​នៃ ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។

16 នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ!

17 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក ទ្រង់​នៅ​ជា​មួយ​អ្នក ទ្រង់​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ ព្រោះ​តែ​អ្នក ទ្រង់​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ចិត្ត​ស្រឡាញ់​របស់​ទ្រង់ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ទ្រង់​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។

18 «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

19 នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។

20 នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម