Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 22 - អាល់គីតាប


បន្ទូល​របស់​អុលឡោះ​ព្រមាន​ក្រុង​យេរូ‌សាឡឹម

1 សេចក្ដី​ប្រកាស​ស្តី​អំពី​ជ្រលង​ភ្នំ នៃ​និមិត្ត​ហេតុ​អស្ចារ្យ: យេរូ‌សាឡឹម​អើយ! តើ​មាន​រឿង​អ្វី​កើត​ឡើង​ដល់​អ្នក បាន​ជា​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​អង្គុយ​នៅ​មុខ​ផ្ទះ​ដូច្នេះ?

2 ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ទាហាន​របស់​អ្នក ដែល​ស្លាប់ មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេ ហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរ‌ភូមិ​ដែរ។

3 នាយ​ទាហាន​របស់​អ្នក​ត្រូវ​បរា‌ជ័យ បាក់​ទ័ព​រត់​នៅ​មុខ​ពល​បាញ់​ធ្នូ​របស់​ខ្មាំង។ ទោះ​បី​ពួក​គេ​រត់​ទៅ​ឆ្ងាយ​យ៉ាង​ណា​ក្ដី ក៏​ខ្មាំង​សត្រូវ​ចាប់​បាន​ពួក​គេ យក​ទៅ​ជា​ឈ្លើយ​ដែរ។

4 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវី‌រវល់​នឹង​ខ្ញុំ​អី ទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សំរាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ

5 ដ្បិត​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចល បរា‌ជ័យ និង​ភាព​ច្របូក‌ច្របល់។ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ កំពែង​ក្រុង​ត្រូវ​ស្រុត អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។

6 កង‌ទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចំបាំង និង​កង‌ពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កង‌ទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។

7 យេរូ‌សាឡឹម​អើយ! ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក មាន​ពេញ​ទៅ​ដោយ​រទេះ​ចំបាំង ហើយ​កង‌ពល​សេះ​តំរៀប​គ្នា នៅ​មាត់​ទ្វារ​របស់​អ្នក។

8 យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ នៅ​ថ្ងៃ​នោះ អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់។

9 អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុង របស់​ស្តេច​ទត បាក់​បែក​ជា​ច្រើន​កន្លែង អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​ទុក​បង្ការ នៅ​ក្នុង​ស្រះ​ប៉ែក​ខាង​ក្រោម។

10 អ្នក​រាល់​គ្នា​រាប់​ចំនួន​ផ្ទះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​រាល់​គ្នា​រំលំ​ផ្ទះ​ខ្លះ ដើម្បី​ឲ្យ​ងាយ​ការពារ​កំពែង​ក្រុង។

11 អ្នក​រាល់​គ្នា​ជីក​អាង​ទឹក នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ដើម្បី​បង្ហូរ​ទឹក​ពី​ស្រះ​ចាស់​មក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​នឹក​ដល់​អុលឡោះ ដែល​បាន​ធ្វើ​ការ​អស់​ទាំង​នេះ​ទេ អ្នក​រាល់​គ្នា​ពុំ​ចាប់​អារម្មណ៍​នឹង​ទ្រង់ ដែល​រៀបចំ​គម្រោង‌ការ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ។

12 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​យំ​សោក​សង្រេង កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ

13 តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​បុណ្យ សើច​សប្បាយ គឺ​អ្នក​រាល់​គ្នា​សម្លាប់​គោ សម្លាប់​ចៀម ហើយ​ស៊ី​ផឹក​ជប់‌លៀង​ទៅ​វិញ! អ្នក​រាល់​គ្នា​ពោល​ថា: “យើង​នាំ​គ្នា​ស៊ី​ផឹក​ទៅ ដ្បិត​ស្អែក​យើង​នឹង​ស្លាប់​ហើយ!”។

14 ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា រហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ ក៏​ទ្រង់​មិន​លើក‌លែង​ទោស​អ្នក​រាល់​គ្នា​ទេ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


លោក​អភិបាល​សេបណា​នឹង​ត្រូវ​បាត់​មុខ​តំណែង

15 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​មក​ខ្ញុំ​ថា: «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ​ក្នុង​រាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ:

16 តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជ‌ពង្ស​ស្ដេច​ណា បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ? អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!

17 ឥស្សរ‌ជន​អើយ! អុលឡោះ‌តាអាឡា​នឹង​រំលំ​អ្នក​យ៉ាង​ទាន់‌ហន់ ទ្រង់​នឹង​ចង​អ្នក​មិន​ឲ្យ​រើ​រួច​ឡើយ។

18 ទ្រង់​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រទេះ​ដ៏​រុង‌រឿង​របស់​អ្នក ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ចៅហ្វាយ​អ្នក!

19 យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​តំណែង ហើយ​ដក​បុណ្យ​ស័ក្ដិ​របស់​អ្នក​ទៀត​ផង។

20 នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ​អ្នក​បម្រើ​របស់​យើង ឲ្យ​មក គឺ​អេលា‌គីម​ជា​កូន​ហ៊ីលគី‌យ៉ា

21 យើង​នឹង​យក​អាវ​កិត្តិយស និង​សង្វារ​របស់​អ្នក មក​បំពាក់​ឲ្យ​គាត់។ យើង​នឹង​ដក​អំណាច​របស់​អ្នក ប្រគល់​ទៅ​ឲ្យ​គាត់។ គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។

22 យើង​នឹង​ប្រគល់​កូន​សោ​វាំង របស់​ស្ដេច​ទត​ឲ្យ​គាត់ បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​នរណា​បើក​បាន​ដែរ។

23 យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម គាត់​នឹង​ធ្វើ​ឲ្យ​វង្ស​ត្រកូល​របស់​គាត់ មាន​កិត្តិយស​ថ្លៃ‌ថ្នូរ។

24 សាច់‌ញាតិ​របស់​គាត់ ទាំង​តូច ទាំង​ធំ នឹង​ពឹង​ផ្អែក​លើ​គាត់​ទាំង​អស់​គ្នា គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំង និង​ថូ ដែល​គេ​ដាក់​ក្នុង​សង្រែក ហើយ​ព្យួរ​នឹង​ដែក​គោល​តែ​មួយ។

25 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: “នៅ​គ្រា​នោះ ដែក​គោល​ដែល​បោះ​ភ្ជាប់ លើ​ឈើ​ខ្លឹម​នោះ​នឹង​បាក់​របូត​ធ្លាក់​ចុះ​មក ហើយ​អ្វីៗ​ដែល​ព្យួរ​នៅ​នឹង​ដែក​គោល​នោះ ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម