Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 28 - អាល់គីតាប


ខ្យល់​ព្យុះ​កំទេច​រាជា‌ណាចក្រ​ខាង​ជើង

1 ក្រុង​សាម៉ារី ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក នៅ​រាជា‌ណាចក្រ​អេប្រាអ៊ីម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាប ដ៏​សម្បូណ៌​សប្បាយ​នេះ ប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាល របស់​ពួក​ប្រមឹក​ទាំង​នោះ។

2 អុលឡោះ​ចាត់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ឲ្យ​មក អ្នក​នោះ​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ចុះ​មក ឬ​ដូច​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ធ្វើ​ឲ្យ មាន​ទឹក​ជំនន់​យ៉ាង​ធំ។ ទ្រង់​នឹង​ច្រាន​ក្រុង​នោះ​ឲ្យ​រលំ​ដល់​ដី។

3 ក្រុង​ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក​អេប្រាអ៊ីម នឹង​ត្រូវ​ខ្មាំង​ជាន់​ឈ្លី។

4 រីឯ​ភួង​ផ្កា​ស្រពោន​ជា​សម្ផស្ស​របស់​ក្រុង​ដែល ស្ថិត​នៅ​ពី​លើ​វាល​ទំនាប​ដ៏​សម្បូណ៌​សប្បាយ ក៏​ត្រូវ​វិនាស ដូច​ក្ដឹប​ឧទុម្ពរ​នៅ​ដើម​រដូវ ត្រូវ​គេ​បេះ ហើយ​ទំពា​លេប​អស់​ទៅ។

5 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ទ្រង់​ដែល​នៅ​សេស‌សល់។

6 ទ្រង់​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្តី​ដោយ​យុត្តិធម៌ ទ្រង់​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។


ពួក​ប្រមឹក​នាំ​គ្នា​ចំអក​ឲ្យ​ណាពី​អេសាយ

7 រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ ពួក​អ៊ីមុាំ និង​ណាពី ត្រូវ​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង។ សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោត ស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់ បណ្តាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាស ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស ក៏​មិន​ច្បាស់​លាស់​ដែរ។

8 តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​ឲ្យ​ខ្ពើម គឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។

9 គេ​ពោល​ថា: «អេសាយ​នេះ​ចង់​បង្រៀន​អ្វី? តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ ប្រាប់​នរណា? តើ​គាត់​ចង់​បង្ហាត់​បង្រៀន កូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ កូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

10 គាត់​ចេះ​តែ​ពោល​ថា: “បញ្ជា​លើ​បញ្ជា ក្បួន​លើ​ក្បួន… បន្តិច​ត្រង់​នេះ បន្តិច​ត្រង់​នោះ!”»

11 ពិត​មែន​ហើយ! អុលឡោះ​នឹង​មាន​បន្ទូល មក​កាន់​ប្រជា‌ជន​នេះ ដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បាន ទ្រង់​នឹង​យក​ភាសា​ដទៃ​ទៀត មក​និយាយ​ជា​មួយ​ពួក​គេ។

12 ទ្រង់​ធ្លាប់​មាន​បន្ទូល​ទៅ​ពួក​គេ​ថា “ទុក​ឲ្យ​អ្នក​ហត់​នឿយ មក​រក​សម្រាក​លំហែ​កាយ​ចុះ” តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ទ្រង់​ទេ។

13 ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដូច​បង្ហាត់​កូន​ក្មេង​ថា: “«បញ្ជា​លើ​បញ្ជា ក្បួន​លើ​ក្បួន បន្តិច​ត្រង់​នេះ បន្តិច​ត្រង់​នោះ»!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។

14 មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹម ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ! ចូរ​នាំ​គ្នា​ស្ដាប់អុលឡោះ‌តាអាឡា​មាន​បន្ទូល ដូច​ត​ទៅ:

15 អ្នក​រាល់​គ្នា​អះ‌អាង​ថា អ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជ ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់។ កាល​ណា​មាន​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង និង​យក​ការ​ភូត‌ភរ​ជា​ជំរក។

16 ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ។

17 យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់ ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។ ខ្យល់​ព្យុះ​នឹង​បក់​រំលើង​ការ​កុហក ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូត‌ភរ ដែល​ជា​ជំរក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។

18 សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ ពេល​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។

19 រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។

20 ពេល​នោះ គ្រែ​ដេក​បែរ​ទៅ​ជា​ខ្លី​ពេក រីឯ​ភួយ​ក៏​តូច​ពេក​រក​ដណ្ដប់​ពុំ​បាន​ដែរ។

21 អុលឡោះ‌តាអាឡា​នឹង​មក ដូច​កាល​ទ្រង់​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ទ្រង់​ក្រោក​ឡើង​សំដែង​អំណាច ដែល​ជា​អំណាច​ដ៏​ចម្លែក ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។

22 ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។

23 ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!

24 តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ ចេះ​តែ​ភ្ជួរ​ជា‌និច្ច​រហូត​ទៅ​ឬ? តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជា‌និច្ច​ឬ?

25 ទេ មិន​ដូច្នោះ​ទេ! ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយ គាត់​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ល្ង​មក​ព្រោះ គាត់​ព្រោះ​ពូជ​ស្រូវ ហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើប តាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុក ព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អ នៅ​កៀនៗ។

26 អុលឡោះ​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ទ្រង់​បង្ហាត់​បង្រៀន​គាត់។

27 ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។

28 រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។

29 គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ទ្រង់​គួរ​ឲ្យ​កោត​សរសើរ ហើយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម