យ៉ូប 5 - អាល់គីតាប1 ឥឡូវនេះ សូមអ្នកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកអ្នក។ តើអ្នកអាចហៅម៉ាឡាអ៊ីកាត់ណាមួយ ឲ្យមកជួយបាន? 2 ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។ 3 ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចំរុងចំរើន ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា ផ្ទះរបស់គេថា: 4 សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។ 5 សូមឲ្យមនុស្សអត់បាយនាំគ្នាមក ដណ្ដើមយកភោគផលរបស់គេ ទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។ សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមក រឹបអូសយកទ្រព្យសម្បត្តិរបស់គេ។ 6 អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។ 7 មនុស្សកើតមក ដើម្បីរងទុក្ខវេទនា ដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។ 8 ប្រសិនបើខ្ញុំមានទុក្ខដូចអ្នកវិញ ខ្ញុំនឹងស្រែកអង្វរអុលឡោះ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកជម្រាបជូនទ្រង់។ 9 ទ្រង់ធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ មានចំនួនច្រើនឥតគណនា។ 10 ទ្រង់ធ្វើឲ្យភ្លៀងបង្អុរមកលើផែនដី និងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។ 11 ទ្រង់លើកមនុស្សទន់ទាបឡើង ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។ 12 ទ្រង់រំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ 13 ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់ ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតបានការ។ 14 នៅពេលថ្ងៃ ពួកគេជំពប់ជើង ដូចដើរនៅពេលយប់ងងឹត ហើយពួកគេដើរស្ទាបៗ នៅកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ដែរ។ 15 ប៉ុន្តែ ទ្រង់សង្គ្រោះជនទុគ៌ត ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។ 16 ទ្រង់ប្រទានសេចក្ដីសង្ឃឹម ដល់មនុស្សទន់ខ្សោយ តែទ្រង់បំបិទមាត់មនុស្សទុច្ចរិត។ 17 ហេតុនេះ អ្នកដែលត្រូវអុលឡោះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់អុលឡោះ ដែលប្រកបដោយអំណាចឡើយ។ 18 អុលឡោះធ្វើឲ្យឈឺចាប់ តែទ្រង់នឹងព្យាបាលឡើងវិញ ទ្រង់ធ្វើឲ្យរបួស តែទ្រង់នឹងព្យាបាលមុខរបួសនេះ ដោយអំណាចរបស់ទ្រង់ផ្ទាល់។ 19 ទ្រង់ជួយអ្នកឲ្យរួចពីទុក្ខកង្វល់ ចំនួនប្រាំមួយដង តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច កើតមានដល់អ្នកទេ។ 20 នៅពេលកើតទុរ្ភិក្ស ទ្រង់រំដោះអ្នកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ទ្រង់រំដោះអ្នកពីមុខដាវ។ 21 ទ្រង់នឹងការពារអ្នកពីពាក្យ បរិហាររបស់អ្នកដទៃ ហើយអ្នកក៏នឹងមិនភ័យខ្លាចមហន្តរាយ ដែលកើតឡើងដែរ។ 22 អ្នកនឹងមិនញញើត នៅចំពោះមុខ មហន្តរាយ ការអត់ឃ្លាន សត្វសាហាវមិនធ្វើឲ្យអ្នកភ័យខ្លាច។ 23 ស្រែចម្ការរបស់អ្នកនឹងគ្មានដុំថ្ម ហើយគ្មានសត្វសាហាវមកយាយីអ្នកទេ។ 24 អ្នកនឹងបានសុខសាន្តនៅក្នុង ទីលំនៅរបស់អ្នក ហើយពេលអ្នកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។ 25 អ្នកនឹងឃើញពូជពង្សរបស់អ្នក កើនចំនួនច្រើនឡើង កូនចៅរបស់អ្នកកើនចំនួន ដូចស្មៅដុះនៅតាមទីវាល។ 26 អ្នករស់បានអាយុវែង ស្កប់ស្កល់ ហើយលាចាកលោកនេះទៅ ដូចស្រូវទុំនៅរដូវចម្រូត។ 27 យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។ |
© 2014 United Bible Societies, UK.
United Bible Societies