យ៉ូប 12 - អាល់គីតាបចម្លើយរបស់ណាពីអៃយ៉ូប: គ្មាននរណាអាចបង្ក្រាបអុលឡោះបានទេ 1 អៃយ៉ូបតបវិញថា៖ 2 «ពិតមែនហើយ ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ ដូច្នេះ ពេលណាអស់លោកស្លាប់ ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ! 3 ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក គឺខ្ញុំមិនអន់ជាងអស់លោកទេ។ សេចក្ដីដែលអស់លោកថ្លែងនោះ តើនរណាមិនដឹង! 4 ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។ 5 អស់អ្នកដែលធ្លាប់រស់នៅដោយសុខសាន្ត តែងតែមើលងាយមនុស្សវេទនា ហើយពួកគេគិតថា អ្នកដែលភ្លាត់ជើងដួល ត្រូវតែវេទនាដូច្នេះ។ 6 មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។ 7 ក៏ប៉ុន្តែ សូមអស់លោកសាកសួរសត្វធាតុទៅ នោះវានឹងប្រៀនប្រដៅអស់លោក សូមសួរសត្វស្លាបទៅ នោះវានឹងប្រាប់អស់លោកឲ្យដឹង។ 8 សូមសាកសួរផែនដីទៅ នោះផែនដីនឹងប្រៀនប្រដៅអស់លោក សូមសួរត្រីនៅក្នុងសមុទ្រ នោះវានឹងនិទានប្រាប់អស់លោក។ 9 ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយ មិនដឹងថា អ្វីៗទាំងអស់កើតមកពីអុលឡោះតាអាឡា! 10 ទ្រង់ក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងដៃរបស់ទ្រង់ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ដៃរបស់ទ្រង់ដែរ។ 11 ត្រចៀកស្ដាប់យល់ពាក្យសំដី ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។ 12 មនុស្សចាស់ជរារមែងមានប្រាជ្ញា ហើយអ្នកដែលមានអាយុវែង ក៏មានការយល់ដឹងដែរ។ 13 មានតែអុលឡោះប៉ុណ្ណោះ ដែលមានប្រាជ្ញា និងអំណាច ព្រមទាំងយោបល់ និងការយល់ដឹង។ 14 ប្រសិនបើទ្រង់កំទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើទ្រង់ឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។ 15 ប្រសិនបើទ្រង់ទប់ទឹក នោះនឹងកើតរាំងស្ងួត ប្រសិនបើទ្រង់បើក នោះទឹកនឹងលិចផែនដី។ 16 ទ្រង់ប្រកបដោយអំណាច ហើយសម្រេចកិច្ចការអ្វីៗ តាមបំណង រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង ស្ថិតនៅក្រោមអំណាចរបស់ទ្រង់។ 17 ទ្រង់ដកអ្នកធំចេញពីតំណែង ទ្រង់ធ្វើឲ្យចៅក្រមទៅជាលេលា។ 18 ទ្រង់ទម្លាក់ស្ដេចនានាចេញពីអំណាច ហើយធ្វើឲ្យពួកគេជាប់ជាឈ្លើយសឹក។ 19 ទ្រង់ដកពួកអ៊ីមុាំចេញពីតំណែង ទ្រង់ទម្លាក់អ្នកដែលមានអំណាចរឹងមាំ។ 20 ទ្រង់ដកពាក្យសំដីចេញពីអ្នកពូកែវោហារ ទ្រង់យកតម្រិះប្រាជ្ញាចេញពីពួកអះលីជំអះ។ 21 ទ្រង់ធ្វើឲ្យមេដឹកនាំទៅជាថោកទាប ហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។ 22 ទ្រង់យកភាពងងឹតចេញពីទីជម្រៅ ហើយលើកផ្នូរខ្មោច មកដាក់ក្រោមពន្លឺ។ 23 ទ្រង់ធ្វើឲ្យប្រជាជាតិនានាចំរើនឡើង ហើយទ្រង់ធ្វើឲ្យពួកគេវិនាសទៅវិញ ទ្រង់ពង្រីកទឹកដីរបស់ប្រជាជាតិនានា យ៉ាងទូលាយ រួចទ្រង់កំចាត់កំចាយពួកគេ។ 24 ទ្រង់ដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន នៅលើផែនដី ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន ដែលគ្មានច្រកចេញ។ 25 ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ទ្រង់ធ្វើឲ្យពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។ |
© 2014 United Bible Societies, UK.
United Bible Societies