អេម៉ុស 3 - អាល់គីតាបពេលអុលឡោះមានបន្ទូល ណាពីត្រូវតែថ្លែងប្រាប់ប្រជាជន 1 ជនជាតិអ៊ីស្រអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលអុលឡោះតាអាឡា មានបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ 2 ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។ 3 បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា ជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត? 4 បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន? 5 បើគ្មាននុយទាក់ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន? 6 បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើអុលឡោះតាអាឡាមិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ? 7 យ៉ាងណាមិញ ពេលអុលឡោះតាអាឡាជាម្ចាស់ធ្វើការអ្វីមួយ ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។ 8 ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលអុលឡោះតាអាឡាជាម្ចាស់មានបន្ទូល តើនរណាមិនថ្លែងបន្ទូលនេះ? ការដាក់ទោសក្រុងសាម៉ារី 9 ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាសដូឌ និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា: ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី ដើម្បីសង្កេតមើលអនាធិបតេយ្យ និងអយុត្តិធម៌ នៅទីនោះ។ 10 ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស ទៅដាក់ពេញប្រាសាទរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 11 ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ មានបន្ទូលថា៖ «ខ្មាំងសត្រូវមកដល់ហើយ! គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំ ហើយកំទេចប្រាសាទរបស់អ្នកទៀតផង»។ 12 អុលឡោះតាអាឡាមានបន្ទូលថា៖ «ជនជាតិអ៊ីស្រអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកំរាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។ 13 ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ ទៅប្រាប់កូនចៅយ៉ាកកូបផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។ 14 នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។ 15 យើងនឹងធ្វើឲ្យផ្ទះរដូវរងា និងផ្ទះរដូវក្ដៅរលំលើគ្នា វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies