អេសាយ 31 - អាល់គីតាបអេស៊ីបពុំអាចជួយអ៊ីស្រអែលបានឡើយ 1 អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចំបាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលទេ ពួកគេពុំស្វែងរកអុលឡោះតាអាឡាឡើយ។ 2 រីឯទ្រង់វិញ ទ្រង់ក៏ខ្លាំងពូកែដែរ ទ្រង់អាចធ្វើឲ្យទុក្ខវេទនាកើតឡើង ទ្រង់គំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ទ្រង់ប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។ 3 ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាអុលឡោះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាម៉ាឡាអ៊ីកាត់ឡើយ។ ពេលណាអុលឡោះតាអាឡាលើកដៃឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។ មានតែអុលឡោះទេដែលអាចសង្គ្រោះក្រុងយេរូសាឡឹម 4 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។ 5 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងការពារ ក្រុងយេរូសាឡឹម ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ ទ្រង់ការពារ និងរំដោះក្រុងយេរូសាឡឹម ទ្រង់សង្គ្រោះក្រុងនេះ មិនឲ្យវិនាសអន្តរាយឡើយ។ 6 កូនចៅអ៊ីស្រអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីអុលឡោះចូរនាំគ្នាវិលមករកទ្រង់វិញ! 7 អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។ 8 ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនមែនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។ 9 ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់ នៅមុខទង់ជ័យរបស់ទ្រង់។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន ហើយដុតជំនូនជូនទ្រង់ នៅក្រុងយេរូសាឡឹម។ |
© 2014 United Bible Societies, UK.
United Bible Societies