Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 31 - ព្រះគម្ពីរខ្មែរសាកល


ព្រះយេហូវ៉ាជាជំនួយតែមួយគត់

1 វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។

2 យ៉ាងណាមិញ ព្រះអង្គ​ក៏​មានប្រាជ្ញា​ដែរ ព្រះអង្គ​នឹង​នាំ​មហន្តរាយ​មក ក៏​មិន​ដក​ព្រះបន្ទូល​របស់អង្គទ្រង់​វិញ​ឡើយ គឺ​ព្រះអង្គ​នឹង​ក្រោកឡើង​ទាស់នឹង​វង្សត្រកូល​របស់​អ្នកដែល​ធ្វើអាក្រក់ ហើយ​ទាស់នឹង​អ្នកជួយ​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។

3 រីឯ​ជនជាតិអេហ្ស៊ីប​គឺជា​មនុស្ស មិនមែន​ជា​ព្រះ​ទេ សេះ​របស់ពួកគេ​គឺជា​សាច់ មិនមែន​ជា​វិញ្ញាណ​ទេ​។ កាលណា​ព្រះយេហូវ៉ា​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅ អ្នកដែល​ជួយ​នឹង​ជំពប់ អ្នកដែល​ត្រូវគេ​ជួយ​នឹង​ដួល ហើយ​ពួកគេ​ទាំងអស់​នឹង​វិនាស​ជាមួយគ្នា​។

4 ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា​៖ “ដូចដែល​សិង្ហ ឬ​សិង្ហស្ទាវ​គ្រហឹម​ពីលើ​រំពា​របស់វា ហើយ​ទោះបីជា​គេ​ហៅ​ក្រុម​អ្នកគង្វាល​មក​ទាស់នឹង​វា​ក៏ដោយ ក៏​វា​មិន​ស្រយុតចិត្ត​ដោយ​សំឡេង​របស់ពួកគេ ក៏​មិន​រួញរា​ដោយ​សម្រែក​របស់ពួកគេ​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​យាង​ចុះមក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន និង​លើ​ទីទួល​នៃ​ភ្នំនោះ​យ៉ាងនោះដែរ​។

5 ដូចដែល​បក្សាបក្សី​ហើររេរា​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​ការពារ​យេរូសាឡិម​យ៉ាងនោះដែរ​។ ព្រះអង្គ​នឹង​ការពារ ហើយ​ស្រោចស្រង់ ព្រះអង្គ​នឹង​រំលង ហើយ​រំដោះ”។

6 កូនចៅ​អ៊ីស្រាអែល​អើយ ចូរ​ត្រឡប់មក​រក​ព្រះអង្គដែល​អ្នករាល់គ្នា​បាន​បះបោរ​យ៉ាងខ្លាំង​វិញ​ចុះ​!

7 ដ្បិត​នៅ​ថ្ងៃ​នោះ ម្នាក់ៗ​នឹង​បោះចោល​រូបបដិមាករឥតប្រយោជន៍​ជា​ប្រាក់ និង​រូបបដិមាករឥតប្រយោជន៍​ជា​មាស​របស់ខ្លួន ដែល​ដៃ​របស់អ្នករាល់គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន​ជា​បាប​។

8 “ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។

9 រីឯ​ថ្មដា​របស់ពួកគេ​នឹង​កន្លងបាត់ទៅ​ដោយព្រោះ​សេចក្ដីគួរឲ្យខ្លាច ហើយ​ពួក​មេដឹកនាំ​របស់ពួកគេ​នឹង​ស្រយុតចិត្ត​ដោយព្រោះ​ទង់សញ្ញា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​ភ្លើង​របស់​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​ឡ​របស់​ព្រះអង្គ​នៅ​យេរូសាឡិម​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម