ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល គេមុខជាមានសុភមង្គល និងអំណរសប្បាយ រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
យេរេមា 7:23 - អាល់គីតាប យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់យើង ដើម្បីឲ្យយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់សំឡេងយើង ដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ជំពូក ដើម្បីឲ្យឯងបានសេចក្ដីសុខស្រួល |
ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល គេមុខជាមានសុភមង្គល និងអំណរសប្បាយ រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង ប្រសិនបើអ៊ីស្រអែលដើរតាមមាគ៌ារបស់យើង
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
ម៉ូសាមានប្រសាសន៍ថា៖ អុលឡោះតាអាឡាបង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
អ្នករាល់គ្នាអាចពោលថា: មនុស្សសុចរិតបានសុខដុមរមនា គេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។
យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា”។
ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលស្រុកសុខសាន្ត យើងបាននិយាយជាមួយអ្នក តែអ្នកមិនព្រមស្ដាប់ទេ។ អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក គឺអ្នកមិនព្រមស្ដាប់យើងឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។
យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាអុលឡោះតាអាឡា។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង យើងធ្វើជាម្ចាស់របស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់បន្ទូលរបស់ទ្រង់ទេ ពួកគេពុំបានរស់នៅតាមហ៊ូកុំរបស់ទ្រង់ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាទ្រង់ឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
យេរេមាជម្រាបស្ដេចថា៖ «គេនឹងមិនប្រគល់ស្តេចទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមស្តេចធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ដែលខ្ញុំជម្រាបជូនស្តេច នោះស្តេចនឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។
យើងខ្ញុំបានសូមឲ្យអ្នកទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមបន្ទូលរបស់ទ្រង់ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ»។
ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើអុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។
អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ម៉ាស្ជិទរបស់អុលឡោះតាអាឡា”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាដោយចិត្តស្មោះ»។
ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកណាពីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងនាមអុលឡោះតាអាឡាដែរ»។
តែអុលឡោះបានសំដែងឲ្យយើងស្គាល់ នៅពេលនេះតាមរយៈគីតាបណាពី និងស្របតាមបញ្ជារបស់អុលឡោះ ដែលនៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់បានស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។
និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់អុលឡោះ។ យើងកៀរប្រមូលចិត្ដគំនិត ឲ្យមកស្ដាប់បង្គាប់អាល់ម៉ាហ្សៀសវិញ។
ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលពរ។
ចូរជំពាក់ចិត្តនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចូរកោតខ្លាចទ្រង់ កាន់តាមបទបញ្ជារបស់ទ្រង់ ស្តាប់បង្គាប់ទ្រង់ ហើយគោរពបម្រើទ្រង់ និងស្រឡាញ់តែទ្រង់មួយប៉ុណ្ណោះ។
រីឯណាពី ឬអ្នកទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេនិយាយបំផុសបំផុលប្រជាជន ឲ្យបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្តាប់តាមបន្ទូលរបស់ទ្រង់យ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ
ចូរស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ចូរស្តាប់តាមបន្ទូលរបស់ទ្រង់ និងជំពាក់ចិត្តលើទ្រង់។ ទ្រង់ជាជីវិតរបស់អ្នក ទ្រង់ប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក»។
រីឯអ្នកវិញ អ្នកនឹងវិលមករកអុលឡោះតាអាឡា ហើយស្តាប់តាមបន្ទូលរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។
ចូរនឹកចាំពីថ្ងៃដែលអ្នកមកជួបអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃដែលទ្រង់មានបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។
អ្នកត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរ នៅលើទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រទានឲ្យអ្នករហូតតទៅ»។
ចូរគោរពឪពុកម្តាយរបស់អ្នក ដូចអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក បានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ!
ត្រូវដើរតាមមាគ៌ាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នា មានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
អ៊ីស្រអែលអើយ ចូរស្តាប់ហ៊ូកុំ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់
សាំយូអែលមានប្រសាសន៍ថា៖ «តើអុលឡោះតាអាឡាពេញចិត្តនឹងគូរបានដុត ព្រមទាំងគូរបានផ្សេងៗ ខ្លាំងជាងការស្តាប់បង្គាប់ទ្រង់ឬ? ទេ! ការស្តាប់បង្គាប់ប្រសើរជាងធ្វើគូរបានទៅទៀត ការយកចិត្តទុកដាក់ស្តាប់ ក៏ប្រសើរជាងការជូនខ្លាញ់ចៀមឈ្មោលដែរ។