ទំនុកតម្កើង 81 - អាល់គីតាបប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។ 1 ចូរបន្លឺសំឡេង ដោយអំណរជូនអុលឡោះ ដែលជាកម្លាំងរបស់យើង! ចូរបន្លឺសំឡេងសរសើរតម្កើងអុលឡោះជាម្ចាស់ របស់យ៉ាកកូប! 2 ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! 3 ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត នៅពេលខែពេញបូណ៌មី គឺជាថ្ងៃបុណ្យរបស់យើង 4 ព្រោះជាហ៊ូកុំនៅស្រុកអ៊ីស្រអែល ជាហ៊ូកុំនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប 5 ជាដំបូន្មានដែលទ្រង់បង្គាប់មក ពូជពង្សរបស់យូសុះ នៅពេលទ្រង់វាយប្រហារស្រុកអេស៊ីប។ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ទាល់តែសោះ បន្លឺថា: 6 យើងបានយកអំរែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! 7 នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សម្រាក 8 ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រអែលអើយ ចូរស្ដាប់ពាក្យយើង 9 កុំឲ្យមានម្ចាស់ណាមួយទៀត នៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំម្ចាស់ដទៃឲ្យសោះ 10 ដ្បិតយើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តឲ្យទូលាយ យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។ 11 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានធ្វើតាមពាក្យយើងទេ អ៊ីស្រអែលមិនចង់ស្គាល់យើងទៀតទេ។ 12 ហេតុនេះហើយបានជាយើងបណ្ដោយគេ ទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។ 13 ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង ប្រសិនបើអ៊ីស្រអែលដើរតាមមាគ៌ារបស់យើង 14 យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ 15 អស់អ្នកដែលស្អប់អុលឡោះតាអាឡា នឹងនាំគ្នាមកចុះចូលនឹងទ្រង់ ហើយអ៊ីស្រអែលនឹងបានសុខសាន្តរហូតតទៅ។ 16 អុលឡោះនឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។ |
© 2014 United Bible Societies, UK.
United Bible Societies