Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 31 - អាល់គីតាប


ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា នឹង​ត្រូវ​ស្ដារ​ឡើង​វិញ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ម្ចាស់​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថាន យើង​បាន​សំដែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចំបាំង ហើយ​អ៊ីស្រ‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

3 ពួក​គេ​ពោល​ថា អុលឡោះ‌តាអាឡា​បាន​សំដែង ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។

4 នាង​ព្រហ្មចារី​អ៊ីស្រ‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ រួច​នាង​នឹង​ចេញ​មក​លោត​រាំ ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។

5 នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការ នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។ អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។

6 បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក នៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា: “ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង!”»

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកកូប! ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំ នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​អុលឡោះ​! ហើយ​ពោល​ថា: “អុលឡោះ‌តាអាឡា​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់”។

8 យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សំរាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។

9 ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូរអា‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង​ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។

10 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «អុលឡោះ​ដែល​កំចាត់‌កំចាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ទ្រង់​ថែ‌រក្សា​អ៊ីស្រ‌អែល ដូច​អ្នក​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។

11 អុលឡោះ‌តាអាឡា​រំដោះ​កូន​ចៅ​របស់​យ៉ាកកូប ទ្រង់​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។

12 ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។

13 ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ប្រែ​ទៅ​ជា​អំណរ​រីក‌រាយ យើង​នឹង​សំរាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ ឡើង​វិញ។

14 យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ ពួក​អ៊ីមុាំ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ ដល់​ប្រជា‌រាស្ត្រ​របស់​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

15 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «មាន​ឮ​សំឡេង​យំ​នៅ​ភូមិ​រ៉ាម៉ា ជា​ទំនួញ​សោក‌សៅ និង​សំរែក​ឈឺ​ចាប់ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​លួង‌លោម​ឡើយ ព្រោះ​កូន​របស់​នាង​បាត់​បង់​ជីវិត អស់​ទៅ​ហើយ»។

16 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឈប់​យំ​សោក និង​ឈប់​បង្ហូរ​ទឹក​ភ្នែក​ទៅ! ដ្បិត​នាង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត កូន​ចៅ​របស់​នាង​នឹង​វិល​ត្រឡប់​ពី​ស្រុក របស់​ខ្មាំង​សត្រូវ​មក​វិញ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា -

17 អនាគត​នាង​ពោរ‌ពេញ​ដោយ​សេចក្ដី​សង្ឃឹម ព្រោះ​កូន​ចៅ​របស់​នាង​វិល​ត្រឡប់​មក ទឹក​ដី​របស់​ខ្លួន​វិញ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

18 យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា: “ទ្រង់​បាន​ដាក់​ទោស​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទោស ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ សូម​នាំ​ខ្ញុំ​ឲ្យ​វិល​មក​វិញ នោះ​ខ្ញុំ​នឹង​វិល​មក​វិញ ដ្បិត​ទ្រង់​ជាអុលឡោះ‌តាអាឡា និង​ជា​ម្ចាស់​របស់​ខ្ញុំ។

19 ខ្ញុំ​វិល​មក​វិញ ទាំង​នឹក​ស្តាយ​កំហុស។ ពេល​ដឹង​ខ្លួន​ខុស​ខ្ញុំ​ក៏​គក់​ទ្រូង នឹក​ស្តាយ ហើយ​អៀន​ខ្មាស។ ខ្ញុំ​បាក់​មុខ ព្រោះ​តែ​អំពើ​ដែល​ខ្ញុំ ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង”។

20 អេប្រាអ៊ីម​ជា​កូន​សម្លាញ់ ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីម យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ច យើង​ខ្លោច​ចិត្ត​អាណិត​គេ យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

21 «ចូរ​លើក​ទង់​សញ្ញា និង​បង្គោល​ចំណាំ​ឡើង ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ដែល​អ្នក​ដើរ នាង​ព្រហ្មចារី​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​វិល​ត្រឡប់​មក​ក្រុង​នានា​របស់​នាង​វិញ។

22 កូន​ស្រី​ដែល​បះ‌បោរ​អើយ តើ​នាង​នៅ​តែ​ដើរ​តែល‌តោល ដល់​កាល​ណា​ទៀត? អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មី កើត​ឡើង​នៅ​លើ​ផែនដី​នេះ គឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។


សម្ពន្ធ‌មេត្រី​ថ្មី

23 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ នឹង​ពោល​ថា: “អ្នក​ជា​ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏‌វិសុទ្ធ សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​អ្នក!”

24 អ្នក​ស្រែ​ចម្ការ ព្រម​ទាំង​អ្នក​ចិញ្ចឹម​សត្វ នឹង​រស់​នៅ​ជា​មួយ​គ្នា នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។

25 យើង​នឹង​ឲ្យ​ទឹក​ដល់​អ្នក​ដែល​ស្រេក ហើយ​ជួយ​អ្នក​ខ្សោះ​ល្វើយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ»។

26 ពេល​នោះ ខ្ញុំ​ភ្ញាក់​ឡើង ហើយ​ឃើញ​ថា ខ្ញុំ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់!

27 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស ទាំង​សត្វ កើន​ចំនួន​ច្រើន​ឡើង នៅ​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា។

28 ពី​មុន យើង​ធ្លាប់​មក​រក​ពួក​គេ ដើម្បី​រំលើង រំលំ កំទេច និង​បំផ្លាញ​ឲ្យ​វិនាស​យ៉ាង​ណា យើង​នឹង​មក​រក​ពួក​គេ ដើម្បី​សង់ និង​ដាំ​ឡើង​វិញ​យ៉ាង​នោះ​ដែរ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

29 នៅ​គ្រា​នោះ គេ​លែង​ពោល​ថា “ឪពុក​បរិភោគ​ក្តឹប​ទំពាំង‌បាយជូរ តែ​កូន​បែរ​ជា​ឈឺ​ធ្មេញ”ទៀត​ហើយ

30 គឺ​ម្នាក់ៗ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ក្តឹប​ទំពាំង‌បាយជូរ អ្នក​នោះ​នឹង​ឈឺ​ធ្មេញ»។

31 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «បន្តិច​ទៀត​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី​ជា​មួយ​ពូជ​ពង្ស​របស់​អ៊ីស្រ‌អែល និង​ពូជ​ពង្ស​របស់​យូដា។

32 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្តី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។

33 សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ហ៊ូកុំ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ហ៊ូកុំ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

34 គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់អុលឡោះ‌តាអាឡា” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

35 អុលឡោះ‌តាអាឡា​ដែល​តែង‌តាំង​ព្រះ‌អាទិត្យ ឲ្យ​បំភ្លឺ​នៅ​ពេល​ថ្ងៃ ហើយ​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា បំភ្លឺ​នៅ​ពេល​យប់ តាម​ពេល​កំណត់ ទ្រង់​ធ្វើ​ឲ្យ​កក្រើក​ទឹក​សមុទ្រ និង​មាន​រលក​បក់​បោក ទ្រង់​ដែល​មាន​នាម​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល” មាន​បន្ទូល​ថា៖

36 «ប្រសិន​បើ​ច្បាប់​ធម្ម‌ជាតិ​ទាំង​នេះ​លែង​មាន នោះ​អ៊ីស្រ‌អែល​ក៏​លែង​មាន​ឈ្មោះ​ជា ប្រជា‌ជាតិ​នៅ​ចំពោះ​មុខ​យើង រហូត​ត​ទៅ​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

37 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ប្រសិន​បើ​គេ​អាច​វាស់​បណ្ដោយ​ផ្ទៃ​មេឃ និង​ជម្រៅ​ផែនដី​បាន នោះ​យើង​ក៏​បោះ​បង់​ចោល​ពូជ‌ពង្ស​អ៊ីស្រ‌អែល ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

38 នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ជូនអុលឡោះ‌តាអាឡា គឺ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។

39 គេ​នឹង​កំណត់​ព្រំ‌ប្រទល់​ថ្មី​របស់​ទីក្រុង ចាប់​ពី​កន្លែង​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ភ្នំ​ការេប រួច​បត់​ឆ្ពោះ​ទៅ​កូអាត។

40 ជ្រលង​ភ្នំ​សាក‌សព និង​ផេះ​ទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កំទេច​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម