Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 13 - អាល់គីតាប


ទោស​របស់​អ្នក​ថ្វាយ‌បង្គំ​រូប​បដិមា‌ករ

1 «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ណាពី ឬ​អ្នក​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​អ្វី​មួយ

2 បើ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់

3 កុំ​ស្តាប់​ពាក្យ​របស់​ណាពី ឬ​អ្នក​ទាយ​ឆុត​នោះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ចង់​ល្បងល​មើល​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។

4 ចូរ​ជំពាក់​ចិត្ត​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ទ្រង់ កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ស្តាប់​បង្គាប់​ទ្រង់ ហើយ​គោរព​បម្រើ​ទ្រង់ និង​ស្រឡាញ់​តែ​ទ្រង់​មួយ​ប៉ុណ្ណោះ។

5 រីឯ​ណាពី ឬ​អ្នក​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​និយាយ​បំផុស​បំផុល​ប្រជា‌ជន ឲ្យ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ទាស‌ភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

6 ប្រសិន​បើ​បង‌ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្ត‌ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់

7 គឺ​ព្រះ​របស់​ជាតិ​សាសន៍​នា​នា​ដែល​នៅ​ជុំ​វិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្តី

8 កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្តាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ការ‌ពារ​គេ​ដែរ។

9 ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​ប្រហារ​តាម​ក្រោយ។

10 ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់​ទាញ​អ្នក ឲ្យ​ចេញ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

11 ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

12 ក្នុង​បណ្តា​ក្រុង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា

13 មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។

14 ពេល​នោះ អ្នក​ត្រូវ​ស៊ើប​សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការ​នោះ ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន

15 ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គឺ​ត្រូវ​កំទេច​របស់​របរ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។

16 ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្តាល​ទី​លាន​ក្រុង រួច​ដុត​កំទេច​ក្រុង​ជា​មួយ​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន​រហូត​តទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។

17 កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា​ឡើយ ដើម្បី​ឲ្យអុលឡោះ‌តាអាឡា​លែង​ខឹង។ ទ្រង់​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក

18 ដ្បិត​អ្នក​ស្តាប់​បង្គាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម