Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 15 - អាល់គីតាប


ស្តេច​សូល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អាម៉ាឡេក

1 សាំយូ‌អែល​ជម្រាប​ស្តេច​សូល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាត់​ខ្ញុំ ឲ្យ​មក​តែង​តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។ ឥឡូវ​នេះ សូម​ស្តេច​ស្តាប់​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល។

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន‌ជាតិ​អាម៉ាឡេក ដែល​បាន​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​រា‌រាំង​ផ្លូវ​ជន‌ជាតិ​អ៊ីស្រ‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

3 ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន‌ជាតិ​អាម៉ាឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។

4 ស្តេច​សូល​ក៏​កេណ្ឌ​ទ័ព ហើយ​ចេញ​មក​ត្រួត​ពល​នៅ​ថេ‌លែម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន២០០ ០០០នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០នាក់ ពី​កុល‌សម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។

5 កាល​ស្តេច​សូល​ទៅ​ដល់​ក្រុង​របស់​ជន‌ជាតិ​អាម៉ាឡេក គាត់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។

6 បន្ទាប់​មក​ស្តេច​សូល​បាន​បញ្ជា​ទៅ​ជន‌ជាតិ​កែន​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ាឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន‌ជាតិ​កែន​ចាក​ចេញ​ពី​ចំណោម​ជន‌ជាតិ​អាម៉ាឡេក។

7 ស្តេច​សូល​វាយ​ពួក​អាម៉ាឡេក ចាប់​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។

8 គាត់​ចាប់​បាន​ស្តេច​អកាក់ ជា​ស្តេច​របស់​ពួក​អាម៉ាឡេក​ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជា‌ជន​ទាំង​អស់​ដោយ​មុខ​ដាវ ជូន​ផ្តាច់​ដល់​អុលឡោះ

9 តែ​ស្តេច​សូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្តេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ជូន​ផ្តាច់​ដល់​អុលឡោះ​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។


អុលឡោះ​បោះ​បង់​ចោល​ស្តេច​សូល

10 ពេល​នោះអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​សាំយូ‌អែល​ថា

11 «យើង​សោក​ស្តាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្តេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​ទេ»។ សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង គាត់​ទូរអា​អង្វរអុលឡោះ‌តាអាឡា​ពេញ​មួយ​យប់។

12 សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​ជួប​ស្តេច​សូល តែ​គេ​ជម្រាប​គាត់​ថា ស្តេច​សូល​ទៅ​កើ‌មែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្តេច​ផ្ទាល់ រួច​ហើយ​ស្តេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។

13 កាល​សាំយូ‌អែល​ជួប​ស្តេច​សូល​ហើយ ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា​ហើយ»។

14 សាំយូ‌អែល​បាន​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ឮ​សំរែក​ចៀម និង​គោ​ដូច្នេះ?»។

15 ស្តេច​សូល​ឆ្លើយ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ាឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា​អស់​ហើយ»។

16 សាំយូ‌អែល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ខ្ញុំ​កាល​ពី​យប់​មិញ»។ ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សូម​លោក​និយាយ​មក​ចុះ!»។

17 សាំយូ‌អែល​ប្រាប់​ថា៖ «ទោះ​បី​ស្តេច​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់​ទាប​ក្តី ក៏​ស្តេច​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង​តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​រួច​ហើយ។

18 អុលឡោះ‌តាអាឡា​ចាត់​ស្តេច​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​បន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន‌ជាតិ​អាម៉ាឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ”។

19 ហេតុ​អ្វី​បាន​ជា​ស្តេច​មិន​គោរព​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា? ហេតុ​អ្វី​បាន​ជា​ស្តេច​យក​ជយ‌ភ័ណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ចិត្ត​អុលឡោះ​ទៀត​ដូច្នេះ?»។

20 ស្តេច​សូល​ឆ្លើយ​តប​ទៅ​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែលអុលឡោះ‌តាអាឡា​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ាឡេក​មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន‌ជាតិ​អាម៉ាឡេក​ទាំង​អស់​ជូន​អុលឡោះ​ដែរ។

21 ពួក​ពល​ទាហាន​រើស​យក​ជយ‌ភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ជូន​ដល់អុលឡោះ‌តាអាឡា ដើម្បី​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​នៅ​គីល‌កាល់»។

22 សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ ខ្លាំង​ជាង​ការ​ស្តាប់​បង្គាប់​ទ្រង់​ឬ? ទេ! ការ​ស្តាប់​បង្គាប់​ប្រសើរ​ជាង​ធ្វើ​គូរបាន​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។

23 រីឯ​ការ​បះ‌បោរ អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង​រូស ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ស្តេច​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត​ហើយ»។

24 ស្តេច​សូល​មាន​ប្រសាសន៍​ទៅ​កាន់​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។

25 ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់​ទោស​ឲ្យ​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា»។

26 សាំយូ‌អែល​ឆ្លើយ​តប​ស្តេច​សូល​ថា៖ «ខ្ញុំ​មិន​វិល​ទៅ​ជា​មួយ​ស្តេច​វិញ​ទេ ដ្បិត​ស្តេច​បាន​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ដែរ។

27 កាល​សាំយូ‌អែល​បែរ​ខ្នង​ចេញ​ទៅ ស្តេច​សូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក​ធ្វើ​ឲ្យ​រហែក។

28 សាំយូ‌អែល​ជម្រាប​ស្តេច​ថា៖ «ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ដក​ហូត​អំណាច​ចេញ​ពី​ស្តេច លែង​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ ទ្រង់​ប្រគល់​រាជ្យ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​អ្នក។

29 អុលឡោះដែល​ជា​សិរី‌រុង‌រឿង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សំដី ហើយ​មិន​ចេះ​ស្តាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។

30 ស្តេច​សូល​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ​ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​អះលី‌ជំអះ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រ‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក»។

31 សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ គាត់​ដើរ​តាម​ពី​ក្រោយ​ស្តេច​សូល ហើយ​ស្តេច​សូល​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។

32 សាំយូ‌អែល​និយាយ​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ាឡេក​មក»។ ស្តេច​អកាក់​ចូល​មក​ជិត​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់​បស់ ព្រោះ​នឹក​ស្មាន​ថា​បាន​រួច​ពី​ស្លាប់»។

33 សាំយូ‌អែល​និយាយ​ថា៖ «ដាវ​របស់​ឯង បាន​ធ្វើ​ឲ្យ​ម្តាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្តាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក សាំយូ‌អែល​ប្រហារ​ជីវិត​ស្តេច​អកាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីល‌កាល់។

34 សាំយូ‌អែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ស្តេច​សូល​ក៏​វិល​ទៅ​‌ម៉ាស្ទិទ នៅ​គីបៀរ​ដែរ។

35 សាំយូ‌អែល​លែង​ទៅ​ជួប​ស្តេច​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ សាំយូ‌អែល​យំ​សោក​ស្តាយ​ស្តេច​សូល ដ្បិតអុលឡោះ‌តាអាឡា​ខក​ចិត្ត ដោយ​បាន​តែង‌តាំង​ស្តេច​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម