សាការី 6 - អាល់គីតាបនិមិត្តហេតុអស្ចារ្យអំពីរទេះបួន 1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។ 2 រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ 3 រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ 4 ខ្ញុំក៏សួរម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។ 5 ម៉ាឡាអ៊ីកាត់តបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលនៅ»។ 6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។ 7 សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ អុលឡោះតាអាឡាប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ 8 ទ្រង់ហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំរសរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។ បន្ទូលរបស់អុលឡោះណែនាំ និងសន្យា ស្ដីអំពីការសង់ម៉ាស្ជិទឡើងវិញ 9 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 10 «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកជំនូនរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។ 11 ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមូស្ទីយេសួរ ជាកូនរបស់យូសាដាក។ 12 ចូរប្រាប់គាត់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក គាត់នៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ គាត់នឹងសង់ម៉ាស្ជិទរបស់អុលឡោះតាអាឡា។ 13 គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។ 14 មកុដទាំងនេះត្រូវទុកនៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ដើម្បីរំលឹកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។ 15 អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ម៉ាស្ជិទរបស់អុលឡោះតាអាឡា”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាដោយចិត្តស្មោះ»។ |
© 2014 United Bible Societies, UK.
United Bible Societies