យេរេមា 42 - អាល់គីតាបណាពីយេរេមាជំទាស់នឹងជនជាតិយូដាដែលចង់ភៀសខ្លួនទៅស្រុកអេស៊ីប 1 ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបណាពីយេរេមា 2 ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក សូមទ្រង់ប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចអ្នកឃើញស្រាប់ហើយ។ 3 សូមអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។ 4 ណាពីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងជម្រាបឲ្យអ្នករាល់គ្នាដឹង នូវបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។ 5 ពួកគេពោលមកកាន់យេរេមាថា៖ «សូមអុលឡោះតាអាឡាធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់មកយើងខ្ញុំតាមរយៈអ្នកទេនោះ សូមទ្រង់ដាក់ទោសយើងខ្ញុំចុះ! 6 យើងខ្ញុំបានសូមឲ្យអ្នកទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមបន្ទូលរបស់ទ្រង់ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ»។ 7 ដប់ថ្ងៃកន្លងមក អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា 8 ហើយគាត់ក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងអស់ តាំងពីអ្នកតូចរហូតដល់អ្នកធំ។ 9 គាត់មានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលដូចតទៅ: 10 ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។ 11 កុំខ្លាចស្ដេចស្រុកបាប៊ីឡូន ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី កុំខ្លាចឲ្យសោះ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា- ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។ 12 យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូន អាណិតមេត្តាដល់អ្នករាល់គ្នា ហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាវិលមក រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។ 13 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា 14 ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!” 15 ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្ត ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ 16 មុខដាវដែលអ្នករាល់គ្នាខ្លាច នឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីប ទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភ នឹងតាមអ្នករាល់គ្នាជាប់ រហូតដល់ស្រុកអេស៊ីប ហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។ 17 អស់អ្នកដែលសម្រេចចិត្តភៀសខ្លួន ទៅរស់នៅស្រុកអេស៊ីប មុខជាត្រូវស្លាប់ ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ គឺគ្មាននរណាម្នាក់រួចជីវិត ឬគេចផុតពីគ្រោះកាចដែលយើងនឹង ធ្វើឲ្យកើតមានដល់ពួកគេឡើយ។ 18 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ 19 ជនជាតិយូដាដែលនៅសេសសល់អើយ អុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។ 20 អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទាំងពោលថា “សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ មានបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។ 21 ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។ 22 ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។ |
© 2014 United Bible Societies, UK.
United Bible Societies