យ៉ូប 36 - អាល់គីតាបលោកអេលីហ៊ូវពន្យល់ពីរបៀបដែលអុលឡោះប្រៀនប្រដៅមនុស្សលោក 1 លោកអេលីហ៊ូវមានប្រសាសន៍ ទៀតថា៖ 2 «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យអ្នកដឹង ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែង ក្នុងនាមអុលឡោះ។ 3 ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញថា អុលឡោះដែលបង្កើតខ្ញុំ ទ្រង់សុចរិត 4 ដ្បិតសេចក្ដីដែលខ្ញុំថ្លែង មិនមែនជាពាក្យបោកបញ្ឆោតទេ ខ្ញុំនិយាយជាមួយអ្នក ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ! 5 អុលឡោះដ៏ឧត្តុង្គឧត្ដម មិនមើលងាយនរណាម្នាក់ឡើយ ទ្រង់មានអំណាចដ៏ឧត្តុង្គឧត្ដម ទ្រង់ឈ្វេងយល់អ្វីៗទាំងអស់។ 6 ទ្រង់មិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយទ្រង់តែងតែរកយុត្តិធម៌ឲ្យ ជនទុគ៌តជានិច្ច។ 7 ទ្រង់មិនបែរចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ទ្រង់ប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ នៅស្ថិតស្ថេរ ព្រមទាំងលើកតម្កើងគេថែមទៀតផង។ 8 ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់ ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក 9 គឺមកពីទ្រង់បង្ហាញឲ្យគេស្គាល់ អំពើដែលខ្លួនប្រព្រឹត្ត នៅពេលមានអំនួត គេបានបះបោរ ប្រឆាំងនឹងទ្រង់។ 10 ទ្រង់ជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ទ្រង់ណែនាំគេឲ្យលះបង់អំពើទុច្ចរិត។ 11 ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល គេមុខជាមានសុភមង្គល និងអំណរសប្បាយ រហូតដល់ថ្ងៃលាចាកលោកនេះទៅ។ 12 ប្រសិនបើគេមិនព្រមស្ដាប់ទេ គេមុខជាត្រូវវិនាសដោយមុខលំពែង គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។ 13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលអុលឡោះយកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរទ្រង់ឡើយ។ 14 គេស្លាប់ទៅ ទាំងខ្លួននៅក្មេង គេបាត់បង់ជីវិតជាមួយពួកពេស្យា។ 15 ក៏ប៉ុន្តែ អុលឡោះប្រើភាពទុគ៌ត ដើម្បីរំដោះជនទុគ៌ត ទ្រង់ប្រើទុក្ខលំបាក ដើម្បីអប់រំគេ។ 16 ទ្រង់នឹងនាំអ្នកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យអ្នកបានចំរុងចំរើន ហើយតុរបស់អ្នកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។ 17 ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់ លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ ចៀសមិនផុតឡើយ។ 18 សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញអ្នក រហូតដល់ទៅមាក់ងាយទ្រង់ ហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើន ទាក់ទាញអ្នកឲ្យវង្វេងដែរ! 19 ទ្រព្យសម្បត្តិរបស់អ្នកពុំអាចជួយអ្នក ឲ្យរួចពីភាពអាសន្នបានទេ រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក ក៏ពុំអាចជួយអ្នកបានដែរ។ 20 កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែល ជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។ 21 ចូរប្រយ័ត្ន ក្រែងអ្នកបែរទៅរកអំពើអាក្រក់ ដ្បិតអ្នកសុខចិត្តប្រព្រឹត្តដូច្នេះ ជាជាងស៊ូទ្រាំរងទុក្ខលំបាក។ 22 អុលឡោះសំដែងភាពឧត្តុង្គឧត្ដម តាមរយៈអំណាចរបស់ទ្រង់ តើនរណាចេះប្រៀនប្រដៅដូចទ្រង់? 23 តើនរណាអាចបញ្ជាទ្រង់អំពីមាគ៌ារស់នៅ តើនរណាអាចពោលថា: “ទ្រង់ធ្វើដូច្នេះ ខុសហើយ!”? 24 ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាដៃរបស់ទ្រង់ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។ 25 មនុស្សលោកទាំងអស់មើលឃើញ ស្នាដៃនេះពីចម្ងាយ ហើយស្ងើចសរសើរគ្រប់ៗគ្នា។ 26 អុលឡោះជាម្ចាស់ដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីអាយុ របស់ទ្រង់បានដែរ។ 27 ទ្រង់ទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា ជាចំហាយ និងទឹកភ្លៀង។ 28 ពពកបង្អុរភ្លៀងចុះមកស្រោចស្រព បណ្ដាជននៅលើផែនដី។ 29 តើនរណាអាចយល់ដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍? 30 ទ្រង់ជះពន្លឺរស្មីនៅជុំវិញទ្រង់ តែទ្រង់ធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។ 31 ទ្រង់គ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។ 32 ទ្រង់កាន់ផ្លេកបន្ទោរនៅក្នុងដៃ ហើយបាញ់តម្រង់ទៅរកទិសដៅ។ 33 ទ្រង់ប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ទ្រង់ ពេលទ្រង់ចូលមកជិត នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។ |
© 2014 United Bible Societies, UK.
United Bible Societies