Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 119 - អាល់គីតាប


ហ៊ូកុំ​របស់​អុលឡោះ

1 អ្នក​ណា​មាន​កិរិយា​មារ‌យាទ ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។

2 អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!

3 អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ គេ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់។

4 ទ្រង់​បាន​ប្រទាន​ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។

5 សូម​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ដោយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់។

6 ដូច្នេះ ពេល​ណា​ខ្ញុំ​ពិនិត្យ​មើល បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​ខ្ញុំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។

7 ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​ពិចារណា​មើល​ហ៊ូកុំ​ដ៏​សុចរិត ដែល​ទ្រង់​បាន​បង្គាប់​មក។

8 ខ្ញុំ​ចង់​ប្រតិបត្តិ​តាម ហ៊ូកុំ​របស់​ទ្រង់ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​សោះ​ឡើយ!

9 តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។

10 ខ្ញុំ​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ងាក​ចេញ ពី​បទ​បញ្ជា​របស់​ទ្រង់​ឡើយ!

11 ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។

12 អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ សូម​បង្រៀន​ឲ្យ​ខ្ញុំ ស្គាល់​ច្បាប់​របស់​ទ្រង់!

13 ខ្ញុំ​រៀប​រាប់​អំពី​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក។

14 ខ្ញុំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ទ្រង់ ដូច​ជា​ខ្ញុំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។

15 ខ្ញុំ​នឹង​ពិចារណា​ពី​ឱវាទ​របស់​ទ្រង់ ខ្ញុំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច។

16 ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ភ្លេច​បន្ទូល​របស់​ទ្រង់​ឡើយ។

17 សូម​ប្រណី​សន្ដោស​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។

18 សូម​បើក​ភ្នែក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ហ៊ូកុំ​របស់​ទ្រង់។

19 ខ្ញុំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ​បញ្ជា​របស់​ទ្រង់ នឹង​ខ្ញុំ​ឡើយ។

20 ចិត្ត​ខ្ញុំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ទ្រង់​បង្គាប់​មក​ជា‌និច្ច។

21 ទ្រង់​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ទ្រង់។

22 សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ខ្ញុំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​កាន់​តាម​ដំបូន្មាន របស់​ទ្រង់​ហើយ។

23 ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ខ្ញុំ​ក៏​ដោយ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នៅ​តែ​សញ្ជឹង​គិត​ពី​ហ៊កុំ​របស់​ទ្រង់​ជា‌និច្ច។

24 ខ្ញុំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ទ្រង់​ណាស់ ដំបូន្មាន​ទ្រង់​ជួយ​ជា​គំនិត​ដល់​ខ្ញុំ។

25 ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង។

26 ខ្ញុំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ហ៊ូកុំ របស់​ទ្រង់!។

27 សូម​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ឱវាទ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សំដែង!។

28 ខ្ញុំ​មាន​ទុក្ខ​សោក​សង្រេង សូម​លើក​ទឹក​ចិត្ត​ខ្ញុំ​ឡើង​វិញ ដូច​ទ្រង់​បាន​សន្យា។

29 សូម​នាំ​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម ហ៊ូកុំ​របស់​ទ្រង់!

30 ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ទ្រង់​បង្គាប់​មក។

31 ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ទ្រង់ អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ!

32 ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ដើរ តាម​បទ​បញ្ជា​នៃ​បញ្ញត្តិ​របស់​ទ្រង់ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ភ្លឺ​ស្វាង។

33 អុលឡោះ‌តាអាឡា​អើយ សូម​បង្រៀន​ឲ្យ​ខ្ញុំ ស្គាល់​ហ៊ូកុំ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។

34 សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។

35 សូម​នាំ​ខ្ញុំ​ដើរ​តាម​មាគ៌ា នៃ​បទ​បញ្ជា​របស់​ទ្រង់ ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា ទាំង​នេះ​ណាស់។

36 សូម​ទាក់‌ទាញ​ចិត្ត​ខ្ញុំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ទ្រង់ គឺ​មិន​មែន​ឲ្យ​រក​កំរៃ​ឡើយ!

37 សូម​ទាញ​អារម្មណ៍​ខ្ញុំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ទ្រង់!

38 សូម​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ គឺ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។

39 សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ខ្ញុំ ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដ្បិត​ហ៊ូកុំ​របស់​ទ្រង់​សុទ្ធ​តែ​ល្អ​ទាំង​អស់។

40 ខ្ញុំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ឱវាទ​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់!

41 អុលឡោះ‌តាអាឡា​អើយ សូម​សំដែង​ចិត្ត មេត្តា‌ករុណា​ចំពោះ​ខ្ញុំ សូម​សង្គ្រោះ ខ្ញុំ​តាម​បន្ទូល​សន្យា​របស់​ទ្រង់!

42 សូម​ជួយ​ឲ្យ​ខ្ញុំ​អាច​ឆ្លើយ​តប នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ខ្ញុំ ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​បន្ទូល​របស់​ទ្រង់។

43 សូម​កុំ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ប្រាស‌ចាក ពី​សេចក្ដី​ពិត​ឡើយ ដ្បិត​ខ្ញុំ​សង្ឃឹម​លើ​វិន័យ​របស់​ទ្រង់។

44 ខ្ញុំ​នឹង​គោរព​តាម​ហ៊ូកុំ​របស់​ទ្រង់ ជា‌និច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។

45 ខ្ញុំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទី ដ្បិត​ខ្ញុំ​ស្វែង​រក​ឱវាទ​របស់​ទ្រង់។

46 ខ្ញុំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ទ្រង់ ជម្រាប​ស្តេច​នានា ខ្ញុំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។

47 ខ្ញុំ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​របស់​ទ្រង់ ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​នេះ​ណាស់។

48 ខ្ញុំ​លើក​ដៃ​ប្រណម្យ​គោរព បទ​បញ្ជា​របស់​ទ្រង់ ព្រោះ​ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​នេះ ខ្ញុំ​ចង់​សញ្ជឹង​គិត​អំពី​ហ៊ូកុំ​របស់​ទ្រង់។

49 សូម​នឹក​ដល់​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សង្ឃឹម!

50 នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្បើយ បន្ទូល​សន្យា​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ។

51 មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ហ៊ូកុំ របស់​ទ្រង់​ឡើយ។

52 អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹក​ដល់ វិន័យ​របស់​ទ្រង់ កាល​ពី​អតីតកាល ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ។

53 មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ខ្ញុំ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ហ៊ូកុំ របស់​ទ្រង់។

54 ពេល​ដែល​ខ្ញុំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ខ្ញុំ​បាន​យក​ហ៊ូកុំ​របស់​ទ្រង់ មក​ធ្វើ​ជា គីតាបសាបូរ។


គីតាបសាបូរ។

55 ឱ​អុលឡោះ‌តាអាឡា​អើយ នៅ​ពេល​យប់​ខ្ញុំ​នឹក​ដល់ នាម​របស់​ទ្រង់ ហើយ​ខ្ញុំ ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់។

56 ខ្ញុំ​រក​ឃើញ​សុភ‌មង្គល ដោយ​អនុវត្ត​តាម​ឱវាទ​របស់​ទ្រង់។

57 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ជម្រាប​ទ្រង់​ថា ការ​ប្រតិបត្តិ​តាម​បន្ទូល​ទ្រង់ ជា​ចំណែក​មត៌ក​របស់​ខ្ញុំ។

58 ខ្ញុំ​សូម​អង្វរ‌ករ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់​ផង!

59 ខ្ញុំ​រិះ‌គិត​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ទ្រង់​វិញ។

60 ខ្ញុំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ​បញ្ជា​របស់​ទ្រង់ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។

61 មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ខ្ញុំ ជាប់​អន្ទាក់​របស់​គេ តែ​ខ្ញុំ​ឥត​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។

62 នៅ​ពាក់​កណ្ដាល​អធ្រាត្រ ខ្ញុំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ទ្រង់ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ទ្រង់។

63 ខ្ញុំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ឱវាទ​របស់​ទ្រង់។

64 ឱ​អុលឡោះ‌តាអាឡា​អើយ ផែនដី​ពេញ​ទៅ​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ហ៊ូកុំ របស់​ទ្រង់!

65 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ តាម​បន្ទូល​របស់​ទ្រង់​ផង។

66 សូម​បង្រៀន​ខ្ញុំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ខ្ញុំ​ទុក​ចិត្ត​លើ​បទ​បញ្ជា​របស់​ទ្រង់។

67 ពី​មុន​ខ្ញុំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ខ្ញុំ​ប្រតិបត្តិ​តាម​បន្ទូល របស់​ទ្រង់​ហើយ។

68 ទ្រង់​មាន​ចិត្ត​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ហ៊ូកុំ របស់​ទ្រង់!

69 មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ តែ​ខ្ញុំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ឱវាទ​របស់​ទ្រង់​ជា‌និច្ច។

70 អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ណាស់។

71 ខ្ញុំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ខ្ញុំ​អាច​រៀន​ហ៊ូកុំ​របស់​ទ្រង់។

72 ចំពោះ​ខ្ញុំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ហ៊ូកុំ​របស់​ទ្រង់​ដែរ។

73 ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ទ្រង់។

74 ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់ ឃើញ​ខ្ញុំ គេ​នឹង​មាន​អំណរ ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​បន្ទូល​របស់​ទ្រង់។

75 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ដឹង​ថា​ការ​អ្វី ដែល​ទ្រង់​សម្រេច​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ទ្រង់​ដាក់​ទោស​ខ្ញុំ​ក៏​ត្រឹម​ត្រូវ​ដែរ។

76 សូម​សំរាល​ទុក្ខ​ខ្ញុំ ដោយ‌សារ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់។

77 សូម​សំដែង​ចិត្ត​មេត្តា‌ករុណា​មក​លើ ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ណាស់។

78 សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ខ្ញុំ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សញ្ជឹង​គិត​ពី​ឱវាទ​របស់​ទ្រង់។

79 សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត ខ្លាច​ទ្រង់ នាំ​គ្នា​មក​រក​ខ្ញុំ ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ទ្រង់។

80 សូម​ជួយ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​តាម​ហ៊ូកុំ របស់​ទ្រង់​ឥត​ខ្ចោះ កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ខ្មាស​ឡើយ។

81 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​មើល​ទ្រង់​សង្គ្រោះ​ខ្ញុំ ខ្ញុំ​រង់‌ចាំ​ទ្រង់​មាន​បន្ទូល។

82 ខ្ញុំ​ខំ​ប្រឹង​រង់‌ចាំ​មើល​បន្ទូល​សន្យា របស់​ទ្រង់ ខ្ញុំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ?»។

83 ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ តែ​ខ្ញុំ​មិន​បំភ្លេច​ហ៊ូកុំ របស់​ទ្រង់​ឡើយ។

84 តើ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ទ្រង់​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ?

85 មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ហ៊ូកុំ របស់​ទ្រង់​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ខ្ញុំ​ធ្លាក់។

86 បទ​បញ្ជា​របស់​ទ្រង់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ខ្ញុំ​ផង ដ្បិត​គេ​បៀត‌បៀន​ខ្ញុំ​ដោយ​ឥត​ហេតុ​ផល។

87 នៅ​តែ​បន្តិច​ប៉ុណ្ណោះ គេ​នឹង​ប្រហារ​ខ្ញុំ​ឲ្យ​វិនាស​សូន្យ ប៉ុន្តែ ខ្ញុំ​មិន​បោះ​បង់​ចោល​ឱវាទ របស់​ទ្រង់​ឡើយ។

88 សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​ចិត្ត​មេត្តា‌ករុណា ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ទ្រង់​បង្គាប់​មក។

89 ឱ​អុលឡោះ‌តាអាឡា​អើយ បន្ទូល​របស់​ទ្រង់ ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​សូរ៉កា។

90 ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំ ហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។

91 អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយ‌សារ​វិន័យ​របស់​ទ្រង់ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម អំណាច​របស់​ទ្រង់។

92 ប្រសិន​បើ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ទេ ខ្ញុំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។

93 ខ្ញុំ​នឹង​មិន​ភ្លេច​ឱវាទ របស់​ទ្រង់​សោះ​ឡើយ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ឱវាទ​ទាំង​នេះ។

94 ខ្ញុំ​នៅ​ក្រោម​ឱវាទ​របស់​ទ្រង់​ហើយ សូម​សង្គ្រោះ​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់ នឹង​ឱវាទ​របស់​ទ្រង់។

95 មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ទ្រង់។

96 ខ្ញុំ​ឃើញ​ថា សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ ប៉ុន្តែ បទ​បញ្ជា​របស់​ទ្រង់​ទូលំ‌ទូលាយ ឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។

97 ខ្ញុំ​ស្រឡាញ់​ហ៊ូកុំ របស់​ទ្រង់​ខ្លាំង​ណាស់ ខ្ញុំ​សញ្ជឹង​គិត​អំពី​ហ៊ូកុំ​នេះ ជា​រៀង​រាល់​ថ្ងៃ។

98 បទ​បញ្ជា​របស់​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ខ្ញុំ​រិះ‌គិត​ពី​ហ៊ូកុំ​នេះ​ជា‌និច្ច។

99 ខ្ញុំ​ចេះ​ដឹង​ជាង​តួនៗ​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។

100 ខ្ញុំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​តាម​ឱវាទ​របស់​ទ្រង់។

101 ខ្ញុំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។

102 ខ្ញុំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ទ្រង់​បង្គាប់​មក​ខ្ញុំ​ឡើយ ដ្បិត​ទ្រង់​ប្រៀន‌ប្រដៅ​ខ្ញុំ​ដូច្នេះ។

103 បន្ទូល​របស់​ទ្រង់​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ខ្ញុំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។

104 ឱវាទ​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា ខ្ញុំ​ស្អប់​ការ​វៀច‌វេរ។

105 បន្ទូល​របស់​ទ្រង់​ជា​ចង្កៀង​បំភ្លឺ​ជំហាន ខ្ញុំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ខ្ញុំ។

106 ខ្ញុំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​ហ៊ូកុំ ដ៏​សុចរិត​ដែល​ទ្រង់​បង្គាប់​មក។

107 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត ឡើង​វិញ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង!

108 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ទទួល​យក​ពាក្យ​សរសើរ​របស់​ខ្ញុំ ទុក​ជា​ជំនូន ហើយ​សូម​បង្រៀន​ឲ្យ​ខ្ញុំ ស្គាល់​ហ៊ូកុំ​របស់​ទ្រង់!

109 ជីវិត​ខ្ញុំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជា‌និច្ច ប៉ុន្តែ ខ្ញុំ​មិន​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។

110 មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ខ្ញុំ តែ​ខ្ញុំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ឱវាទ​របស់​ទ្រង់​ឡើយ។

111 ដំបូន្មាន​របស់​ទ្រង់​ជា​កេរ‌មត៌ក​របស់​ខ្ញុំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។

112 ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ហ៊ូកុំ របស់​ទ្រង់​រហូត​ដល់​ទី​បំផុត។

113 ខ្ញុំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ខ្ញុំ​ស្រឡាញ់​ហ៊ូកុំ​របស់​ទ្រង់។

114 ទ្រង់​ជា​ជំរក និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​បន្ទូល របស់​ទ្រង់​ជា‌និច្ច។

115 មនុស្ស​អាក្រក់​អើយ ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ!

116 សូម​ជួយ​គាំទ្រ​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​ខ្ញុំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។

117 សូម​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ហ៊ូកុំ​របស់​ទ្រង់​ជា‌និច្ច។

118 ទ្រង់​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង ចេញ​ឆ្ងាយ​ពី​ហ៊ូកុំ​របស់​ទ្រង់​ឡើយ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ ជា​ការ​បោក​បញ្ឆោត។

119 ទ្រង់​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្រឡាញ់ ដំបូន្មាន​របស់​ទ្រង់។

120 រូប​កាយ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ទ្រង់ ខ្ញុំ​ភ័យ​ខ្លាច​វិន័យ​របស់​ទ្រង់។

121 ខ្ញុំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ខ្ញុំ​ឡើយ។

122 សូម​ធានា​ឲ្យ​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ទ្រង់​បាន​សុខ‌សាន្ត​ផង សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង សង្កត់‌សង្កិន​ខ្ញុំ​ឡើយ។

123 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​មើល​ទ្រង់​សង្គ្រោះ​ខ្ញុំ ខ្ញុំ​រង់‌ចាំ​បន្ទូល​សន្យា​ដ៏​សុចរិត របស់​ទ្រង់។

124 សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ របស់​ទ្រង់ ដោយ​ចិត្ត​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាប់ របស់​ទ្រង់!

125 ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ដំបូន្មាន​របស់​ទ្រង់។

126 អុលឡោះ‌តាអាឡា​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយ ដ្បិត​គេ​បាន​រំលោភ​លើ​ហ៊ូកុំ​របស់​ទ្រង់។

127 ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​របស់​ទ្រង់ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។

128 ខ្ញុំ​យល់​ឃើញ​ថា​ឱវាទ​ទាំង​ប៉ុន្មាន របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ខ្ញុំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។

129 ដំបូន្មាន​របស់​ទ្រង់​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​តាម។

130 ការ​ស្វែង​យល់​បន្ទូល​របស់​ទ្រង់ ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។

131 ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​បន្ទូល របស់​ទ្រង់​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បទ​បញ្ជា របស់​ទ្រង់​ណាស់។

132 សូម​បែរ​មើល​មក​ខ្ញុំ សូម​ប្រណី‌សន្ដោស​ខ្ញុំ ដូច​ទ្រង់​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់។

133 សូម​ពង្រឹង​ខ្ញុំ​ឲ្យ​បាន​មាំ‌មួន តាម​បន្ទូល​សន្យា​របស់​ទ្រង់ ហើយ​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។

134 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ខ្ញុំ ប្រតិបត្តិ​តាម​ឱវាទ​របស់​ទ្រង់។

135 សូម​សំដែង​ចិត្ត​អាណិត​មេត្តា ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សូម​បង្រៀន​ខ្ញុំ​ឲ្យ​ស្គាល់ ហ៊ូកុំ​របស់​ទ្រង់​ផង!។

136 ខ្ញុំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត ដោយ​ឃើញ​គេ​មិន​គោរព តាម​ហ៊ូកុំ​របស់​ទ្រង់។

137 ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​សុចរិត វិន័យ​របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ!

138 ទ្រង់​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត និង​ត្រឹម​ត្រូវ​បំផុត។

139 ខ្ញុំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ខ្ញុំ បំភ្លេច​បន្ទូល​របស់​ទ្រង់។

140 បន្ទូល​សន្យា​របស់​ទ្រង់ សម្រេច​ជាក់​ស្តែង​ហើយ ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ស្រឡាញ់​បន្ទូល​នេះ​ណាស់។

141 ខ្ញុំ​ជា​មនុស្ស​តូច‌តាច ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង តែ​ខ្ញុំ​មិន​ភ្លេច​ឱវាទ​របស់​ទ្រង់​ឡើយ។

142 សេចក្ដី​សុចរិត​របស់​ទ្រង់​នៅ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​ហ៊ូកុំ​របស់​ទ្រង់​ជា​សេចក្ដី​ពិត។

143 ខ្ញុំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង តែ​បទ​បញ្ជា​របស់​ទ្រង់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ។

144 ដំបូន្មាន​របស់​ទ្រង់​សុចរិត​ជា‌និច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត!

145 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់!

146 ខ្ញុំ​អង្វរ​ទ្រង់ សូម​សង្គ្រោះ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ទ្រង់!

147 ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ទ្រង់​មាន​បន្ទូល។

148 ខ្ញុំ​សញ្ជឹង​គិត​អំពី​បន្ទូល​សន្យា របស់​ទ្រង់​មួយ​យប់​ទល់​ភ្លឺ។

149 សូម​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ដោយ​ចិត្ត​មេត្តា‌ករុណា ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ជួយ​ខ្ញុំ ឲ្យ​រស់​នៅ​តាម​វិន័យ​របស់​ទ្រង់។

150 អស់​អ្នក​ដែល​តាម​ព្យាបាទ​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ហ៊ូកុំ​របស់​ទ្រង់។

151 ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​នៅ​ជិត​ខ្ញុំ បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់

152 តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​ប្រទាន​ដំបូន្មាន​របស់​ទ្រង់​មក ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

153 សូម​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​មិន​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។

154 សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី‌ភាព​ផង សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ តាម​បន្ទូល​សន្យា​របស់​ទ្រង់!

155 មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ហ៊ូកុំ​របស់​ទ្រង់​ទេ។

156 ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែងតែ មាន​ចិត្ត​អាណិត​មេត្តា​ជា‌និច្ច សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ តាម​ហ៊ូកុំ​ដែល​ទ្រង់​បាន​បង្គាប់​មក។

157 អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ និង​បច្ចា‌មិត្ត​របស់​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ តែ​ខ្ញុំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន របស់​ទ្រង់​ឡើយ។

158 ពេល​ខ្ញុំ​ឃើញ​មនុស្ស​ក្បត់ ខ្ញុំ​ទាស់​ចិត្ត​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​បន្ទូល របស់​ទ្រង់​ទេ។

159 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ឱវាទ​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់។

160 គោល‌ការណ៍​នៃ​បន្ទូល​របស់​ទ្រង់ ជា​សេចក្ដី​ពិត ហើយ​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​សម្រេច ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

161 ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ខ្ញុំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច!។

162 ខ្ញុំ​រីក‌រាយ​នឹង​បន្ទូល​សន្យា​របស់​ទ្រង់ ដូច​ជា​គេ​រក​ឃើញ​កំណប់ ដ៏​មាន​តម្លៃ​លើស‌លប់​ដែរ។

163 ខ្ញុំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់ តែ​ខ្ញុំ​ស្រឡាញ់​ហ៊ូកុំ​របស់​ទ្រង់។

164 ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​មួយ​ថ្ងៃ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​ហ៊ូកុំ​ដ៏​សុចរិត​របស់​ទ្រង់។

165 អស់​អ្នក​ដែល​ស្រឡាញ់​ហ៊ូកុំ​របស់​ទ្រង់ នឹង​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

166 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សង្ឃឹម​រង់‌ចាំ ទ្រង់​សង្គ្រោះ​ខ្ញុំ ខ្ញុំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ទ្រង់។

167 ខ្ញុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ខ្ញុំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។

168 ខ្ញុំ​ប្រព្រឹត្ត​តាម​ឱវាទ និង​ដំបូន្មាន​របស់​ទ្រង់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ ទ្រង់​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។

169 សូម​ឲ្យ​សំរែក​របស់​ខ្ញុំ​បាន​ឮ ទៅ​ដល់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់។

170 សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ខ្ញុំ បាន​ឮ​ទៅ​ដល់​ទ្រង់ សូម​រំដោះ​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់​ផង!។

171 ខ្ញុំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ទ្រង់ ឥត​ឈប់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ខ្ញុំ ឲ្យ​ស្គាល់​ហ៊ូកុំ​របស់​ទ្រង់។

172 ខ្ញុំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង បន្ទូល​សន្យា​របស់​ទ្រង់ ដ្បិត​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់ ទ្រង់​សុទ្ធ​តែ​សុចរិត។

173 សូម​សំដែង​អំណាច​សង្គ្រោះ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ឱវាទ របស់​ទ្រង់​ហើយ។

174 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឃើញ​ទ្រង់ សង្គ្រោះ​ខ្ញុំ​ណាស់ ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ជា​ខ្លាំង។

175 សូម​ឲ្យ​ខ្ញុំ​រស់‌រាន​មាន​ជីវិត ដើម្បី​សរសើរ​តម្កើង​ទ្រង់! សូម​ឲ្យ​បន្ទូល​របស់​ទ្រង់ ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ។

176 ខ្ញុំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​មក​រក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង! ដ្បិត​ខ្ញុំ​មិន​ភ្លេច​បទ​បញ្ជា របស់​ទ្រង់​ឡើយ!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម