Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 30 - អាល់គីតាប


ពាក្យ​សន្យា​នៅ​ពេល​អ៊ីស្រ‌អែល​វិល​មក​រក​អុលឡោះ‌ជាអម្ចាស់​វិញ

1 «សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ពរ ឬ​បណ្តាសា​ក្តី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្តី​ទាំង​នោះ

2 ហើយ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្តាប់​តាម​បន្ទូល​របស់​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ

3 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ស្តារ​ស្ថាន‌ភាព​របស់​អ្នក ទ្រង់​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​កំចាត់​កំចាយ​អ្នក​ទៅ​នោះ។

4 ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្តី ក៏អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។

5 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្ម‌សិទ្ធិ​របស់​ដូន​តា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ទ្រង់​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូន​តា​របស់​អ្នក​ទៅ​ទៀត។

6 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ជូន​ចិត្ត​គំនិត​ដល់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។

7 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ធ្វើ​ឲ្យ​បណ្តាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀត​បៀន​អ្នក។

8 រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រកអុលឡោះ‌តាអាឡា ហើយ​ស្តាប់​តាម​បន្ទូល​របស់​ទ្រង់ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។

9 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគ​ផល​យ៉ាង​ច្រើន​ដែរ ដ្បិតអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ប្រទាន​ឲ្យ​អ្នក​មាន​សុភ‌មង្គល ដូច​ដូន​តា​របស់​អ្នក។

10 ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​ទ្រង់ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ ហើយ​ត្រូវ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

11 បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។

12 បទ​បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។

13 បទ​បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។

14 ផ្ទុយ​ទៅ​វិញ បន្ទូល​នេះ​នៅ​ក្បែរ​អ្នក​នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រតិបត្តិ​តាម។

15 មើល៍​ថ្ងៃ​នេះ ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្តី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់

16 ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។

17 ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​អុលឡោះមិន​ព្រម​ស្តាប់​បង្គាប់​ទ្រង់ ដោយ​បណ្តោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ឯ​ទៀតៗ

18 នោះ​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ គឺ​អ្នក​ពុំ​អាច​មាន​អាយុ​យឺន​យូរ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​កាន់​កាប់​នោះ​ឡើយ។

19 ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្តី​ស្លាប់ ពរ ឬ​បណ្តាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​បាន​រស់​រាន។

20 ចូរ​ស្រឡាញ់អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ចូរ​ស្តាប់​តាម​បន្ទូល​របស់​ទ្រង់ និង​ជំពាក់​ចិត្ត​លើ​ទ្រង់។ ទ្រង់​ជា​ជីវិត​របស់​អ្នក ទ្រង់​ប្រទាន​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ ដើម្បី​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡាបាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ជា​បុព្វ‌បុរស​របស់​អ្នក»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម