ចោទិយកថា 6 - អាល់គីតាបត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក 1 «នេះជាបទបញ្ជា គឺហ៊ូកុំ និងវិន័យផ្សេងៗដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ 2 ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ជារៀងរាល់ថ្ងៃអស់មួយជីវិតអ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។ 3 អ៊ីស្រអែលអើយ ចូរស្តាប់ហ៊ូកុំ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។ 4 អ៊ីស្រអែលអើយ ចូរស្តាប់! មានតែអុលឡោះតាអាឡាជាម្ចាស់របស់យើង តែមួយគត់ ដែលពិតជាអុលឡោះតាអាឡា។ 5 អ្នកត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ 6 ត្រូវទុកឲ្យពាក្យដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ 7 ចូរបង្រៀនកូនចៅរបស់អ្នក អំពីបន្ទូលរបស់អុលឡោះគឺត្រូវនិយាយឲ្យវាស្តាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។ 8 ត្រូវចងបន្ទូលរបស់អុលឡោះទាំងនេះ ជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។ 9 ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។ កុំបំភ្លេចអុលឡោះឡើយ 10 «អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលទ្រង់បានសន្យាជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ ជាបុព្វបុរសរបស់អ្នកថានឹងប្រគល់ឲ្យអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗជាក្រុងដែលអ្នកមិនបានសង់ 11 ព្រមទាំងមានផ្ទះ ពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្តូងស្រាប់ គឺអណ្តូងដែលអ្នកពុំបានជីក ហើយមានចម្ការទំពាំងបាយជូរ និងចម្ការអូលីវដែលអ្នកពុំបានដាំ។ 12 ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ 13 ចូរកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយគោរពបម្រើទ្រង់ និងពោលពាក្យស្បថក្នុងនាមទ្រង់តែមួយប៉ុណ្ណោះ។ 14 មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ ក្នុងចំណោមព្រះរបស់ជាតិសាសន៍ទាំងឡាយដែលនៅជុំវិញអ្នករាល់គ្នាឡើយ 15 ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលនៅជាមួយអ្នក ទ្រង់មិនពេញចិត្តឲ្យអ្នកជំពាក់ចិត្ត ជាមួយព្រះណាផ្សេងទៀតជាដាច់ខាត។ បើមិនដូច្នោះទេ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទ្រង់ខឹងទាស់នឹងអ្នក ហើយលុបបំបាត់អ្នកពីផែនដីនេះ។ 16 មិនត្រូវល្បងលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលទ្រង់ នៅម៉ាសា នោះឡើយ។ 17 ផ្ទុយទៅវិញ ត្រូវកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងកាន់តាមដំបូន្មាន និងហ៊ូកុំដែលអុលឡោះបានបង្គាប់។ 18 ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ចិត្តអុលឡោះតាអាឡា ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក 19 ដោយបណ្តេញខ្មាំងសត្រូវទាំងអស់ចេញពីមុខអ្នក ដូចទ្រង់មានបន្ទូលទុក។ 20 នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នក សួរថា: តើដំបូន្មាន ហ៊ូកុំទាំងឡាយដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើង បានបង្គាប់មកយើងនេះ មានន័យដូចម្តេច? 21 អ្នកត្រូវប្រាប់កូនវិញថា: ពីមុន យើងធ្វើជាខ្ញុំបម្រើរបស់ស្តេចហ្វៀរ៉អ៊ូននៅស្រុកអេស៊ីប ហើយអុលឡោះតាអាឡាបាននាំយើងចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។ 22 អុលឡោះតាអាឡាបានសំដែងទីសំគាល់ និងការអស្ចារ្យយ៉ាងសំបើមឲ្យយើងឃើញ ដើម្បីកំទេចស្តេចហ្វៀរ៉អ៊ូន និងអស់អ្នកដែលនៅជាមួយស្តេច។ 23 អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងថា នឹងប្រគល់មកឲ្យយើង។ 24 អុលឡោះតាអាឡាបានបញ្ជាឲ្យយើងប្រតិបត្តិតាមហ៊ូកុំទាំងនេះ ព្រមទាំងគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដើម្បីឲ្យយើងមានសុភមង្គលជារៀងរាល់ថ្ងៃ និងឲ្យទ្រង់ថែរក្សាអាយុជីវិតរបស់យើង ដូចទ្រង់ថែរក្សានៅថ្ងៃនេះ។ 25 យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចទ្រង់បានបង្គាប់មក ដើម្បីឲ្យយើងបានសុចរិត ហើយគាប់បំណងអុលឡោះតាអាឡាជាម្ចាស់នៃយើង»។ |
© 2014 United Bible Societies, UK.
United Bible Societies