អេសាយ 59:4 - ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរទទេ គេមានទំងន់ជាគំនិតបៀតបៀន ហើយសំរាលចេញជាអំពើទុច្ចរិត អាល់គីតាប ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។ |
កុំទុកចិត្តលើការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមដោយឥតប្រយោជន៍លើការលួចប្លន់ដែរ; ទោះបីជាទ្រព្យសម្បត្តិកើនឡើងក៏ដោយ ក៏កុំផ្ចង់ចិត្តលើវាឡើយ។
ពួកគេពិគ្រោះគ្នា គ្រាន់តែដើម្បីបណ្ដេញអ្នកនោះចេញពីតំណែងខ្ពស់ប៉ុណ្ណោះ; ពួកគេពេញចិត្តនឹងសេចក្ដីភូតភរ; ពួកគេឲ្យពរដោយមាត់របស់ខ្លួន ប៉ុន្តែនៅក្នុងចិត្ត ពួកគេដាក់បណ្ដាសាវិញ។ សេឡា
ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់ ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់;
វេទនាហើយ! ពួកអ្នកដែលតែងបទបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលសរសេរសេចក្ដីសម្រេចអយុត្ដិធម៌
យើងខ្ញុំបានមានផ្ទៃពោះ យើងខ្ញុំបានឈឺចាប់ ប៉ុន្តែយើងខ្ញុំសម្រាលចេញជាខ្យល់ យើងខ្ញុំមិនបានសម្រេចបាននូវសេចក្ដីសង្គ្រោះសម្រាប់ផែនដី ហើយអ្នកដែលរស់នៅលើពិភពលោកក៏មិនបានកើតមកដែរ។
ដ្បិតអ្នករាល់គ្នាបាននិយាយថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយសេចក្ដីស្លាប់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់ហើយ; កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក វានឹងមិនមកដល់យើងឡើយ ពីព្រោះយើងបានយកសេចក្ដីភូតភរជាជម្រករបស់យើង ក៏បានលាក់ខ្លួនក្នុងសេចក្ដីកុហក”។
ដ្បិតមនុស្សកាចសាហាវនឹងបាត់ទៅ មនុស្សចំអកឡកឡឺយនឹងអស់ទៅ ហើយអស់អ្នកដែលរង់ចាំឱកាសប្រព្រឹត្តអំពើទុច្ចរិតក៏នឹងត្រូវបានកាត់ចេញដែរ។
ដោយហេតុនេះ អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “ដោយសារអ្នករាល់គ្នាបានបដិសេធពាក្យនេះ ហើយទុកចិត្តលើការសង្កត់សង្កិន និងការវៀចវេរ ព្រមទាំងពឹងផ្អែកលើការទាំងនោះ
ដ្បិតនេះជាប្រជាជនដែលបះបោរ ជាកូនចៅដែលភូតភរ ជាកូនចៅដែលមិនព្រមស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
អ្នករាល់គ្នានឹងមានផ្ទៃពោះជាស្មៅក្រៀម អ្នករាល់គ្នានឹងសម្រាលកូនជាចំបើង ដង្ហើមរបស់អ្នករាល់គ្នាជាភ្លើង វានឹងស៊ីបំផ្លាញអ្នករាល់គ្នា។
អ្នកនោះស៊ីផេះជាអាហារ; ចិត្តដែលត្រូវបានបោកបញ្ឆោតបានបង្វែរអ្នកនោះ; អ្នកនោះមិនអាចដោះខ្លួន ក៏មិនអាចនិយាយថា៖ “អ្វីដែលនៅក្នុងដៃស្ដាំខ្ញុំ តើមិនមែនជាសេចក្ដីកុហកទេឬ?” បានដែរ។
ដ្បិតអ្នកបានទុកចិត្តលើអំពើអាក្រក់របស់ខ្លួន ទាំងពោលថា: ‘គ្មានអ្នកណាឃើញអញទេ’។ ប្រាជ្ញា និងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេង ដូច្នេះអ្នកក៏និយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ!’។
វេទនាហើយ! អ្នកដែលទាញសេចក្ដីទុច្ចរិតមកដោយខ្សែនៃសេចក្ដីមិនពិត អ្នកដែលទាញបាបមក ហាក់ដូចជាទាញដោយខ្សែរទេះ
ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ!
មែនហើយ នៅខ្វះសេចក្ដីពិត ហើយអ្នកដែលបែរចេញពីការអាក្រក់ក៏ក្លាយជារំពា។ ព្រះយេហូវ៉ាបានទតឃើញ ហើយការដែលគ្មានសេចក្ដីយុត្តិធម៌ដូច្នេះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ។
ព្រះអង្គទតឃើញថា គ្មានអ្នកណាម្នាក់ឡើយ ព្រះអង្គទ្រង់នឹកឆ្ងល់ថា គ្មានអ្នកណាអង្វរជំនួស ដូច្នេះព្រះពាហុរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះដល់ព្រះអង្គ ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គក៏ទ្រទ្រង់ព្រះអង្គ។
ដ្បិតដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយអំពើទុច្ចរិត; បបូរមាត់របស់អ្នករាល់គ្នានិយាយមុសា ហើយអណ្ដាតរបស់អ្នករាល់គ្នាពោលសេចក្ដីទុច្ចរិត។
គ្មានអ្នកណាហៅរកព្រះនាមរបស់ព្រះអង្គ គ្មានអ្នកណាដាស់ខ្លួនឯងឡើងដើម្បីកាន់ខ្ជាប់តាមព្រះអង្គឡើយ ពីព្រោះព្រះអង្គបានលាក់ព្រះភក្ត្រពីយើងខ្ញុំ ហើយធ្វើឲ្យយើងខ្ញុំរលាយក្នុងកណ្ដាប់ដៃនៃអំពើទុច្ចរិតរបស់យើងខ្ញុំ។
បន្ទាប់មក នៅពេលតណ្ហាមានផ្ទៃពោះ ក៏សម្រាលបានបាប ហើយនៅពេលបាបពេញវ័យ ក៏បង្កើតសេចក្ដីស្លាប់។