អេសាយ 5 - ព្រះគម្ពីរខ្មែរសាកលចម្រៀងនៃចម្ការទំពាំងបាយជូរ 1 សូមឲ្យខ្ញុំច្រៀងសម្រាប់អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ នូវចម្រៀងមួយអំពីគូស្នេហ៍របស់ខ្ញុំ គឺអំពីចម្ការទំពាំងបាយជូររបស់គាត់។ អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានចម្ការទំពាំងបាយជូរមួយនៅលើភ្នំដែលមានជីជាតិ។ 2 គាត់បានកាប់គាស់ដី ហើយយកថ្មចេញ រួចដាំដើមទំពាំងបាយជូរល្អបំផុត ព្រមទាំងសាងសង់ប៉មមួយនៅកណ្ដាលចម្ការនោះ ហើយដាប់លុងទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះដែរ។ ក្រោយមក គាត់បានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ប៉ុន្តែវាបានបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ។ 3 ឥឡូវនេះ អ្នកដែលរស់នៅយេរូសាឡិម និងមនុស្សរបស់យូដាអើយ សូមវិនិច្ឆ័យរវាងយើង និងចម្ការទំពាំងបាយជូររបស់យើងផង! 4 តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការទំពាំងបាយជូររបស់យើង ដែលយើងមិនបានធ្វើដល់វា? យើងបានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ចុះម្ដេចក៏វាបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ? 5 ដូច្នេះឥឡូវនេះ សូមឲ្យយើងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងនឹងធ្វើដល់ចម្ការទំពាំងបាយជូររបស់យើង គឺយើងនឹងដករបងវាចេញ នោះវានឹងត្រូវបានបំផ្លាញ កំពែងរបស់វានឹងត្រូវបានរំលំ នោះវានឹងត្រូវបានជាន់ឈ្លី។ 6 យើងនឹងធ្វើឲ្យវាហិនហោច។ វានឹងមិនត្រូវបានលួសកាត់ ក៏មិនត្រូវបានជ្រួយដីដែរ នោះអញ្ចាញ និងបន្លានឹងដុះឡើង ហើយយើងនឹងបង្គាប់ពពកមិនឲ្យបង្អុរភ្លៀងលើចម្ការនោះឡើយ។ 7 ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ! បាប និងទុក្ខវេទនារបស់យូដា 8 វេទនាហើយ! ពួកអ្នកដែលភ្ជាប់ផ្ទះមួយទៅផ្ទះមួយទៀត ហើយបង្ខិតចម្ការមួយទៅចម្ការមួយទៀត រហូតដល់អស់ចន្លោះ នោះអ្នករាល់គ្នានឹងរស់នៅតែឯងនៅកណ្ដាលស្រុកនោះ។ 9 ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលនឹងត្រចៀកខ្ញុំថា៖ “ប្រាកដមែន ផ្ទះជាច្រើននឹងទៅជាទីហិនហោច គឺផ្ទះធំ ហើយល្អផង នឹងគ្មានអ្នកណារស់នៅឡើយ។ 10 ចម្ការទំពាំងបាយជូរបួនហិកតា នឹងបង្កើតផលតែម្ភៃពីរលីត្រ គ្រាប់ពូជពីររយម្ភៃពីរលីត្រ នឹងបង្កើតផលតែម្ភៃពីរលីត្រប៉ុណ្ណោះ”។ 11 វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា! 12 ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។ 13 ដោយហេតុនេះ ប្រជារាស្ត្ររបស់យើងនឹងត្រូវជម្លៀស ដោយសារគ្មានចំណេះដឹង។ អភិជនរបស់ពួកគេត្រឡប់ជាអ្នកអត់ឃ្លានវិញ ហើយហ្វូងមនុស្សរបស់ពួកគេក៏ខះកដោយស្រេកទឹក។ 14 ហេតុនេះហើយបានជាស្ថានមនុស្សស្លាប់ពង្រីកបំពង់ករបស់វា ហើយហាមាត់របស់វាដោយគ្មានដែនកំណត់ រីឯពួកអភិជនរបស់យេរូសាឡិម និងហ្វូងមនុស្សរបស់នាង ព្រមទាំងពួកតម្លង់គេ និងពួកឡូឡាសប្បាយដែលនៅក្នុងនាង ក៏ចុះទៅស្ថាននោះ។ 15 មនុស្សលោកនឹងត្រូវបានបង្អោនចុះ មនុស្សជាតិនឹងត្រូវបានបន្ទាបចុះ ហើយភ្នែករបស់អ្នកដែលលើកខ្លួនឡើងនឹងត្រូវបានបន្ទាបចុះដែរ។ 16 ចំណែកឯព្រះយេហូវ៉ានៃពលបរិវារវិញ ព្រះអង្គនឹងត្រូវបានលើកតម្កើងដោយសេចក្ដីយុត្តិធម៌ ព្រះដ៏វិសុទ្ធនឹងបង្ហាញអង្គទ្រង់ជាវិសុទ្ធដោយសេចក្ដីសុចរិត។ 17 នៅគ្រានោះ កូនចៀមនឹងមកស៊ីស្មៅ ដូចជានៅវាលស្មៅរបស់ខ្លួនវា រីឯជនរស់នៅបណ្ដោះអាសន្ននឹងហូបនៅទីបាក់បែករបស់អ្នកមាន។ 18 វេទនាហើយ! អ្នកដែលទាញសេចក្ដីទុច្ចរិតមកដោយខ្សែនៃសេចក្ដីមិនពិត អ្នកដែលទាញបាបមក ហាក់ដូចជាទាញដោយខ្សែរទេះ 19 ជាអ្នកដែលពោលថា៖ “ចូរឲ្យព្រះអង្គប្រញាប់ឡើង ចូរឲ្យព្រះអង្គពន្លឿនកិច្ចការរបស់ព្រះអង្គចុះ ដើម្បីឲ្យយើងបានឃើញ! ចូរឲ្យផែនការរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ដើម្បីឲ្យយើងបានស្គាល់!”។ 20 វេទនាហើយ! អ្នកដែលហៅអាក្រក់ថាល្អ ហើយហៅល្អថាអាក្រក់ អ្នកដែលចាត់ទុកសេចក្ដីងងឹតជាពន្លឺ ហើយចាត់ទុកពន្លឺជាសេចក្ដីងងឹត អ្នកដែលចាត់ទុកល្វីងជាផ្អែម ហើយចាត់ទុកផ្អែមជាល្វីង។ 21 វេទនាហើយ! អ្នកដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង និងអ្នកដែលមានការយល់ដឹងនៅចំពោះមុខខ្លួនឯង។ 22 វេទនាហើយ! មនុស្សខ្លាំងពូកែខាងផឹកស្រា និងមនុស្សអង់អាចខាងលាយគ្រឿងស្រវឹង។ 23 ពួកគេរាប់មនុស្សអាក្រក់ថាឥតទោសដើម្បីបានសំណូក ហើយដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត។ 24 ដោយហេតុនេះ ដូចដែលអណ្ដាតភ្លើងស៊ីបំផ្លាញចំបើង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា ឫសរបស់ពួកគេនឹងបានដូចជារបស់ខូចរលួយ ហើយផ្ការបស់ពួកគេនឹងហុយឡើងដូចធូលីយ៉ាងនោះដែរ ដ្បិតពួកគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៃពលបរិវារ ហើយមើលងាយព្រះបន្ទូលរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ 25 ដោយហេតុនោះ ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ រួចព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទាស់នឹងពួកគេ ហើយវាយពួកគេ នោះភ្នំទាំងឡាយក៏រញ្ជួយ ហើយសាកសពរបស់ពួកគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវ។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។ 26 ព្រះអង្គបានលើកទង់សញ្ញាសម្រាប់បណ្ដាប្រជាជាតិដែលនៅឆ្ងាយ ហើយបានហួចហៅពួកគេពីចុងបំផុតនៃផែនដី នោះមើល៍! ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងលឿន។ 27 ក្នុងចំណោមពួកគេ គ្មានអ្នកណាអស់កម្លាំង គ្មានអ្នកណាជំពប់ គ្មានអ្នកណាដេករលីវ ហើយគ្មានអ្នកណាលង់លក់; ខ្សែក្រវាត់នៅនឹងចង្កេះរបស់ពួកគេមិនបានបន្ធូរឡើយ ហើយខ្សែស្បែកជើងរបស់ពួកគេក៏មិនបានដាច់ដែរ។ 28 ព្រួញរបស់ពួកគេមុតណាស់ ហើយធ្នូទាំងអស់របស់ពួកគេបានយឹតហើយ រីឯក្រចកជើងសេះរបស់ពួកគេមើលទៅដូចជាថ្មដែកកេះ ហើយកង់រទេះរបស់ពួកគេដូចខ្យល់កួច។ 29 សូរគ្រហឹមរបស់ពួកគេដូចជាសិង្ហញី សូរសម្រែករបស់ពួកគេដូចជាសិង្ហស្ទាវ; ពួកគេគ្រហឹម ហើយចាប់រំពា រួចយកទៅ ក៏គ្មានអ្នកណាជួយសង្គ្រោះបានឡើយ។ 30 នៅថ្ងៃនោះ ពួកគេគ្រហឹមដាក់អ៊ីស្រាអែល ដូចជាសូរសន្ធឹកនៃសមុទ្រ។ បើអ្នកណាមើលទៅទឹកដីនោះ នោះមើល៍! មានតែភាពងងឹត និងទុក្ខវេទនា សូម្បីតែពន្លឺនឹងទៅជាងងឹតដោយពពក៕ |