Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 47 - ព្រះគម្ពីរខ្មែរសាកល


ការរលំរបស់បាប៊ីឡូន

1 “កូនស្រី​ក្រមុំ​បាប៊ីឡូន​អើយ ចូរ​ចុះមក ហើយ​អង្គុយ​ក្នុង​ធូលីដី​! កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅលើ​ដី​ដោយ​គ្មាន​បល្ល័ង្ក​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ទន់ភ្លន់ និង​ល្អប្រណិត​ទៀត​ហើយ​។

2 ចូរ​យក​ត្បាល់កិន ហើយ​កិន​ម្សៅ​ទៅ​! ចូរ​ដោះ​ស្បៃ​របស់អ្នក​ចេញ ចូរ​សម្រាត​សំពត់ បញ្ចេញ​ភ្លៅ ហើយ​លុយកាត់​ទន្លេ​ចុះ​។

3 ភាពអាក្រាត​របស់អ្នក​នឹង​ត្រូវបាន​បើកបង្ហាញ ភាពអាម៉ាស់​របស់អ្នក​នឹង​ត្រូវគេ​ឃើញ​។ យើង​នឹង​សងសឹក ឥត​ត្រាប្រណី​មនុស្ស​ណាឡើយ​។

4 ព្រះប្រោសលោះ​របស់ពួកយើង ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។

5 កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចូលទៅ​ក្នុង​ទីងងឹត​ចុះ​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ចៅហ្វាយស្រី​នៃ​អាណាចក្រ​នានា​ទៀត​ហើយ​។

6 យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់យើង ក៏​បាន​បន្ទាបបន្ថោក​មរតក​របស់យើង ព្រមទាំង​ប្រគល់​ពួកគេ​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក​។ ប៉ុន្តែ​អ្នក​មិន​បាន​បង្ហាញ​សេចក្ដីមេត្តា​ដល់​ពួកគេ​ទេ ក៏​បាន​ធ្វើឲ្យ​នឹម​របស់អ្នក​ធ្ងន់​ក្រៃលែង​លើ​មនុស្ស​ចំណាស់​ផង​។

7 អ្នក​បាន​ពោលថា​: ‘យើង​នឹង​ធ្វើជា​ចៅហ្វាយស្រី​ជារៀងរហូត​អស់កល្ប​!’។ អ្នក​មិន​បាន​យកចិត្តទុកដាក់​នឹង​ការទាំងនេះ ក៏មិន​បាន​នឹកចាំ​អំពី​ចុងបញ្ចប់​របស់ការទាំងនេះ​ដែរ​។

8 អ្នកដែល​ត្រេកត្រអាលនឹងការសប្បាយ ដែល​រស់នៅ​ដោយ​សុខដុមរមនា​អើយ អ្នក​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​។ អញ​នឹង​មិន​អង្គុយ​ជា​ស្ត្រីមេម៉ាយ​ឡើយ ក៏​មិន​ស្គាល់​ការបាត់បង់កូន​ដែរ’។ ដូច្នេះ​ឥឡូវនេះ ចូរ​ស្ដាប់​សេចក្ដីនេះ​ចុះ​:

9 សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!

10 ដ្បិត​អ្នក​បាន​ទុកចិត្តលើ​អំពើអាក្រក់​របស់ខ្លួន ទាំង​ពោលថា​: ‘គ្មានអ្នកណា​ឃើញ​អញ​ទេ’។ ប្រាជ្ញា និង​ចំណេះដឹង​របស់អ្នក​បាន​នាំ​អ្នក​ឲ្យវង្វេង ដូច្នេះ​អ្នក​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​!’។

11 ប៉ុន្តែ​មហន្តរាយ​នឹង​មក​លើ​អ្នក ដែល​អ្នក​មិន​ដឹង​ថា​ប្រើមន្តអាគមបញ្ចៀស​យ៉ាងណា​ឡើយ សេចក្ដីអន្តរាយ​នឹង​ធ្លាក់​មកលើ​អ្នក ដែល​អ្នក​មិនអាច​បង្វែរចេញ​បានឡើយ ការហិនវិនាស​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ដែល​អ្នក​មិនដែល​ស្គាល់​វា​ឡើយ​។

12 ឥឡូវនេះ ចូរ​ឈរឡើង​ដោយ​វេទមន្ត និង​មន្តអាគម​ជាច្រើន​របស់អ្នក ដែល​អ្នក​បាន​ប្រព្រឹត្តយ៉ាងនឿយហត់​តាំងពី​យុវវ័យ​របស់អ្នក​ចុះ​! ប្រហែលជា​អ្នក​អាច​ទទួលប្រយោជន៍ ប្រហែលជា​អ្នក​អាច​ធ្វើឲ្យតក់ស្លុត​ទេដឹង​!

13 អ្នក​បាន​នឿយណាយ​នឹង​សេចក្ដីប្រឹក្សា​ជាច្រើន​របស់អ្នក​; ឥឡូវនេះ ចូរឲ្យ​ពួក​គ្រូតារាសាស្ត្រ និង​ពួក​គ្រូមើលផ្កាយ ដែល​ទាយ​នៅ​ថ្ងៃចូលខែ​អំពី​អ្វីដែល​នឹង​មក​លើ​អ្នក ឈរឡើង ហើយ​សង្គ្រោះ​អ្នក​ចុះ​!

14 មើល៍! ពួកគេ​នឹង​បាន​ដូចជា​ចំបើង ភ្លើង​នឹង​ឆាបឆេះ​ពួកគេ ពួកគេ​នឹង​រំដោះ​ខ្លួន​ពី​អំណាច​នៃ​ភ្លើង​មិនបានឡើយ​; ភ្លើងនោះ​មិនមែន​ជា​រងើក​សម្រាប់​កម្ដៅខ្លួន ឬជា​ភ្លើង​សម្រាប់​អង្គុយ​ជុំវិញ​នោះ​ទេ​។

15 ពួក​អ្នកដែល​បាន​ធ្វើការនឿយហត់​ជាមួយអ្នក និង​ពួកអ្នកដែល​បាន​ធ្វើជំនួញ​ជាមួយ​អ្នក​តាំងពី​យុវវ័យ​របស់អ្នក ក៏​នឹង​បានជា​យ៉ាងនោះ​ដល់​អ្នក​ដែរ​; ពួកគេ​នឹង​ដើរសាត់អណ្ដែត​តាម​ផ្លូវ​របស់ពួកគេ​រៀងៗខ្លួន គ្មានអ្នកណា​សង្គ្រោះ​អ្នក​ឡើយ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម