ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។
អេសាយ 31:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំដូច្នេះថា៖ “ដូចដែលសិង្ហ ឬសិង្ហស្ទាវគ្រហឹមពីលើរំពារបស់វា ហើយទោះបីជាគេហៅក្រុមអ្នកគង្វាលមកទាស់នឹងវាក៏ដោយ ក៏វាមិនស្រយុតចិត្តដោយសំឡេងរបស់ពួកគេ ក៏មិនរួញរាដោយសម្រែករបស់ពួកគេយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន និងលើទីទួលនៃភ្នំនោះយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ នឹងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។ |
ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។
គ្រប់ទាំងចង្វាក់វាយនៃរំពាត់ទណ្ឌកម្ម ដែលព្រះយេហូវ៉ាទ្រង់ដាក់លើពួកគេ នឹងរួមជាមួយក្រាប់ និងពិណហាប។ ព្រះអង្គនឹងគ្រវីព្រះពាហុច្បាំងនឹងពួកគេក្នុងចម្បាំង។
ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលព្រះហឫទ័យឆេះឆួលឡើង ដូចអ្នកចម្បាំង; ព្រះអង្គនឹងស្រែកឡើង មែនហើយ ព្រះអង្គនឹងស្រែកយ៉ាងខ្លាំង ហើយមានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់ព្រះអង្គ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកដែលរស់នៅយេរូសាឡិម បានជាអ្នកដែលទន់ខ្សោយក្នុងពួកគេនឹងបានដូចដាវីឌនៅថ្ងៃនោះ ហើយវង្សត្រកូលដាវីឌនឹងបានដូចព្រះ គឺដូចទូតសួគ៌របស់ព្រះយេហូវ៉ានៅចំពោះពួកគេ។
ពេលនោះ ព្រះយេហូវ៉ានឹងចេញទៅច្បាំងនឹងប្រជាជាតិទាំងនោះ ដូចថ្ងៃដែលព្រះអង្គច្បាំងក្នុងថ្ងៃនៃចម្បាំង។
ដ្បិតយើងនឹងធ្វើជាកំពែងភ្លើងនៅជុំវិញនាង ក៏ធ្វើជាសិរីរុងរឿងនៅកណ្ដាលនាងដែរ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។
ព្រះយេហូវ៉ានៃពលបរិវារនឹងការពារពួកគេ ពួកគេនឹងស៊ីបំផ្លាញ ហើយបង្ក្រាបដុំថ្មពីខ្សែដង្ហក់។ ពួកគេនឹងផឹក ហើយគ្រហឹម ហាក់ដូចជាស្រវឹងស្រា ក៏បានពេញដូចជាចាន និងដូចជាជ្រុងនៃអាសនា។
យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។ គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។
រួចគាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម។ នៅពេលគាត់ស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏បន្លឺសំឡេងរបស់វាឡើង។
ប៉ុន្តែមានម្នាក់ក្នុងពួកចាស់ទុំ និយាយនឹងខ្ញុំថា៖ “កុំយំឡើយ! មើល៍! រាជសិង្ហពីកុលសម្ព័ន្ធយូដា ជាឫសរបស់ដាវីឌ មានជ័យជម្នះហើយ។ ព្រះអង្គអាចបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញបាន”។