ទំនុកតម្កើង 71:19 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គខ្ពស់ដល់ស្ថានដ៏ខ្ពស់; ព្រះអង្គបានធ្វើកិច្ចការដ៏ធំឧត្ដម! ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សេចក្ដីសុចរិតរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ ខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ព្រះជាម្ចាស់អើយ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ នោះខ្ពស់ណាស់ ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។ អាល់គីតាប អុលឡោះអើយ ចិត្តសុចរិតរបស់ទ្រង់ខ្ពស់ពន់ពេកណាស់ ដ្បិតទ្រង់បានធ្វើការដ៏ធំអស្ចារ្យជាច្រើន អុលឡោះអើយ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានឡើយ! |
អស់ទាំងឆ្អឹងទូលបង្គំនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ តើនរណាដូចព្រះអង្គដែលរំដោះមនុស្សទ័លក្រពីអ្នកដែលខ្លាំងជាងខ្លួនអ្នកនោះ គឺរំដោះមនុស្សទ័លក្រ និងមនុស្សខ្វះខាតពីអ្នកដែលប្លន់ពួកគេ?”។
ឱព្រះអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គមានតម្លៃយ៉ាងណាហ្ន៎! មនុស្សលោកជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គធំធេងដល់ផ្ទៃមេឃ ហើយសេចក្ដីពិតត្រង់របស់ព្រះអង្គធំធេងដល់ពពក។
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ព្រះអម្ចាស់នៃទូលបង្គំអើយ នៅក្នុងចំណោមព្រះនានា គ្មានព្រះណាដូចព្រះអង្គឡើយ ហើយក៏គ្មានកិច្ចការណាដូចកិច្ចការរបស់ព្រះអង្គដែរ!
ផ្លូវនៃជីវិតធ្វើឲ្យមនុស្សមានប្រាជ្ញាបានទៅខាងលើ ដើម្បីឲ្យបានបែរចេញពីស្ថានមនុស្សស្លាប់ខាងក្រោម។
ប្រាជ្ញាខ្ពស់ពេកសម្រាប់មនុស្សល្ងីល្ងើ ដូច្នេះពួកគេបើកមាត់របស់ខ្លួននៅទ្វារក្រុងមិនបានឡើយ។
ដូច្នេះ តើអ្នករាល់គ្នាប្រដូចព្រះនឹងនរណា? តើអ្នករាល់គ្នាប្រៀបធៀបព្រះអង្គជាមួយទ្រង់ទ្រាយអ្វី?
ដូច្នេះ អង្គដ៏វិសុទ្ធមានបន្ទូលថា៖ “តើអ្នករាល់គ្នាប្រដូចយើងនឹងអ្នកណាឲ្យយើងស្មើនឹងអ្នកនោះ?”។
ចំណែកឯព្រះយេហូវ៉ានៃពលបរិវារវិញ ព្រះអង្គនឹងត្រូវបានលើកតម្កើងដោយសេចក្ដីយុត្តិធម៌ ព្រះដ៏វិសុទ្ធនឹងបង្ហាញអង្គទ្រង់ជាវិសុទ្ធដោយសេចក្ដីសុចរិត។
ដ្បិតដូចដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ផ្លូវរបស់យើងក៏ខ្ពស់ជាងផ្លូវរបស់អ្នករាល់គ្នា ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
ដ្បិតព្រះអង្គដែលមានព្រះចេស្ដា បានធ្វើការដ៏អស្ចារ្យដល់ខ្ញុំ; ព្រះនាមរបស់ព្រះអង្គវិសុទ្ធ។