ទំនុកតម្កើង 36 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីអាក្រក់របស់មនុស្ស និងសេចក្ដីស្រឡាញ់របស់ព្រះ បទតម្កើងរបស់ដាវីឌបាវបម្រើរបស់ព្រះយេហូវ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ 1 នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា៖ “គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែករបស់គេ 2 ដ្បិតគេបញ្ជោរខ្លួនឯងនៅក្នុងភ្នែករបស់ខ្លួន រហូតដល់មិនឃើញ ហើយមិនស្អប់អំពើទុច្ចរិតរបស់ខ្លួន។ 3 ពាក្យសម្ដីពីមាត់របស់គេ ជាសេចក្ដីទុច្ចរិត និងសេចក្ដីបោកបញ្ឆោត គេលែងប្រព្រឹត្តដោយប្រាជ្ញា និងលែងប្រព្រឹត្តល្អទៀតហើយ។ 4 គេគិតគូរអំពើទុច្ចរិតនៅលើគ្រែរបស់ខ្លួន គេឈរក្នុងផ្លូវមិនល្អ គេមិនបដិសេធការអាក្រក់ឡើយ”។ 5 ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់របស់ព្រះអង្គដល់ពពក! 6 សេចក្ដីសុចរិតរបស់ព្រះអង្គប្រៀបដូចជាភ្នំនានាដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌របស់ព្រះអង្គប្រៀបដូចជាទីជម្រៅដ៏មហិមា។ ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជួយសង្គ្រោះមនុស្ស និងសត្វ! 7 ឱព្រះអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គមានតម្លៃយ៉ាងណាហ្ន៎! មនុស្សលោកជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។ 8 ពួកគេបានស្កប់ស្កល់ដោយភាពបរិបូរនៃដំណាក់របស់ព្រះអង្គ ព្រះអង្គឲ្យពួកគេផឹកពីទឹកជ្រោះនៃសេចក្ដីរីករាយរបស់ព្រះអង្គ។ 9 ដ្បិតប្រភពទឹកនៃជីវិតនៅនឹងព្រះអង្គ; នៅក្នុងពន្លឺរបស់ព្រះអង្គ ទើបយើងឃើញពន្លឺ។ 10 សូមបន្តសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់អ្នកដែលស្គាល់ព្រះអង្គ សូមបន្តសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់អ្នកដែលមានចិត្តទៀងត្រង់ផង។ 11 កុំឲ្យជើងរបស់មនុស្សមានអំនួតមកដល់ទូលបង្គំឡើយ ក៏កុំឲ្យដៃរបស់មនុស្សអាក្រក់ធ្វើឲ្យទូលបង្គំសាត់អណ្ដែតដែរ។ 12 នៅទីនោះ អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងដួល; ពួកគេនឹងត្រូវបានផ្ដួលរំលំ ហើយមិនអាចក្រោកឡើងបានឡើយ៕ |