Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 71 - អាល់គីតាប


ពាក្យ​ទូរអា​របស់​មនុស្ស​ចាស់​ជរា

1 អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ!

2 ដោយ​ទ្រង់​មាន​ចិត្ត​សុចរិត សូម​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី‌ភាព សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ សូម​សង្គ្រោះ​ខ្ញុំ​ផង!

3 សូម​ទ្រង់​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ខ្ញុំ​ជ្រក​កោន ទ្រង់​បង្គាប់​ឲ្យ​ខ្ញុំ មក​រក​ថ្ម‌ដា​នេះ​ជា‌និច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​ទ្រង់​ពិត​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ខ្ញុំ​មែន!

4 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ជួយ​ខ្ញុំ​ឲ្យ​គេច​ផុត ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច!

5 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់​តាំង​ពី​ក្មេង​មក!

6 ខ្ញុំ​ពឹង​ផ្អែក​លើ​ទ្រង់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ទ្រង់​ហើយ​ដែល​បាន​យក ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​ឈរ!

7 មនុស្ស​ជា​ច្រើន​យល់​ថា​អុលឡោះ បាន​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ប៉ុន្តែ តាម​ពិត ទ្រង់​ជា​ជំរក ដ៏​រឹង‌មាំ​របស់​ខ្ញុំ។

8 សូម​ឲ្យ​ខ្ញុំ​ពោល​ពាក្យ សរសើរ​តម្កើង​ទ្រង់​ជា‌និច្ច ខ្ញុំ​ចង់​លើក​តម្កើង​សិរី‌រុង‌រឿង របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ!

9 សូម​កុំ​លះ‌បង់​ខ្ញុំ នៅ​គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ នៅ​គ្រា​ដែល​កម្លាំង​ខ្ញុំ​ចុះ​អោន​ថយ​នេះ​ឡើយ!

10 ដ្បិត​សត្រូវ​របស់​ខ្ញុំ​កំពុង តែ​គិត​គ្នា​ប្រឆាំង​នឹង​ខ្ញុំ អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ខ្ញុំ កំពុង​តែ​ពិភាក្សា​គ្នា

11 គេ​ពោល​ថា: អុលឡោះ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!

12 ឱ​អុលឡោះ​អើយ សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់!

13 សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ខ្ញុំ វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!

14 រីឯ​ខ្ញុំ​វិញ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ជា‌និច្ច ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ហើយ​សរសើរ​តម្កើង​ទៀត!

15 ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ទ្រង់ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។

16 អុលឡោះ‌តាអាឡា ជា​ម្ចាស់​អើយ! ដោយ‌សារ​ទ្រង់​ជួយ ខ្ញុំ​នឹង​ចូល​មក​ក្នុង​ដំណាក់ ខ្ញុំ​នឹង​រំលឹក​ពី​សេចក្ដី​សុចរិត របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។

17 អុលឡោះ​អើយ ទ្រង់​បាន​ប្រៀន‌ប្រដៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ប្រកាស អំពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដដែល។

18 ឱ​អុលឡោះ​អើយ ឥឡូវ​នេះ ខ្ញុំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​អំពី​អំណាច របស់​ទ្រង់​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​អំណាច​របស់​ទ្រង់ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។

19 អុលឡោះ​អើយ ចិត្ត​សុចរិត​របស់​ទ្រង់​ខ្ពស់​ពន់​ពេក​ណាស់ ដ្បិត​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន អុលឡោះ​អើយ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ឡើយ!

20 ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ទ្រង់​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ទ្រង់​បាន​នាំ​ខ្ញុំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

21 ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ទ្រង់​នឹង​សំរាល​ទុក្ខ​ខ្ញុំ​សា​ជា​ថ្មី។

22 អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ដោយ​សំឡេង​ចាប៉ី ព្រោះ​ទ្រង់​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ ឱ​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ដោយ​ដេញ​ពិណ​កំដរ​ផង!


គីតាបសាបូរ​ជូន​ទ្រង់

23 ខ្ញុំ​នឹង​ច្រៀង​តម្កើង​ទ្រង់ ខ្ញុំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង​អស់​ពី​ចិត្ត ព្រោះ​ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ។

24 ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ខ្ញុំ​វេទនា ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម