Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 24 - ព្រះគម្ពីរខ្មែរសាកល

1 កុំ​ច្រណែន​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ចេះតែចង់​នៅ​ជាមួយ​ពួកគេ​ដែរ

2 ដ្បិត​ចិត្ត​ពួកគេ​ប៉ុនប៉ង​អំពើហិង្សា ហើយ​បបូរមាត់​ពួកគេ​ពោល​អំពី​ការបង្កអន្តរាយ​។

3 ដោយ​ប្រាជ្ញា ផ្ទះ​ត្រូវបាន​សាងសង់ ដោយ​ការយល់ដឹង វា​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ

4 ហើយ​ដោយ​ចំណេះដឹង បន្ទប់​ទាំងឡាយ​ក៏​ត្រូវបាន​បំពេញ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​ដ៏មានតម្លៃ និង​ដ៏ជាទីគាប់ចិត្ត​។

5 មនុស្ស​មានប្រាជ្ញា​មាន​ភាពរឹងមាំ ហើយ​មនុស្ស​មាន​ចំណេះដឹង​ចម្រើន​កម្លាំង​ឡើង

6 ដ្បិត​អ្នក​នឹង​ធ្វើសង្គ្រាម​បាន​ដោយសារតែ​ការណែនាំ ហើយ​មាន​ជ័យជម្នះ​ដោយសារ​មាន​ទីប្រឹក្សា​ច្រើន​។

7 ប្រាជ្ញា​ខ្ពស់​ពេក​សម្រាប់​មនុស្សល្ងីល្ងើ ដូច្នេះ​ពួកគេ​បើក​មាត់​របស់ខ្លួន​នៅ​ទ្វារក្រុង​មិនបានឡើយ​។

8 អ្នកដែល​គិតគូរ​ធ្វើអាក្រក់ នឹង​ត្រូវគេ​ហៅថា​មេ​កលល្បិច​។

9 បំណងអាក្រក់​ដ៏ល្ងីល្ងើ​ជា​បាប ហើយ​មនុស្សចំអកឡកឡឺយ​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្សជាតិ​។

10 បើ​អ្នក​ខ្សោយល្វើយ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា នោះ​កម្លាំង​របស់អ្នក​មាន​តិច​ណាស់​។

11 ចូរ​រំដោះ​ពួកអ្នកដែល​ត្រូវបាន​នាំទៅ​រក​សេចក្ដីស្លាប់ ហើយ​រារាំង​ពួកអ្នកដែល​ដើរទ្រេតទ្រោត​ទៅរក​ទីពិឃាត​។

12 ប្រសិនបើ​អ្នក​និយាយថា​៖ “មើល៍! យើង​មិន​បាន​ដឹង​រឿងនេះ​ទេ” តើ​ព្រះអង្គ​ដែល​ស្ទង់​ចិត្ត​មិន​ឈ្វេងយល់​ទេ​ឬ​? តើ​ព្រះអង្គ​ដែល​ថែរក្សា​ព្រលឹង​របស់អ្នក​មិន​ជ្រាប​ទេ​ឬ​? តើ​ព្រះអង្គ​មិន​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​ទេ​ឬ​?

13 កូន​របស់ខ្ញុំ​អើយ ចូរ​ហូប​ទឹកឃ្មុំ​ចុះ ដ្បិត​វា​ល្អ ហើយ​ផ្លិតឃ្មុំ​ក៏​ផ្អែម​ដល់​មាត់​អ្នក​ដែរ​។

14 ចូរ​ដឹង​ថា​ប្រាជ្ញា​ក៏ដូចគ្នាដែរ​សម្រាប់​ព្រលឹង​របស់អ្នក​; ប្រសិនបើ​អ្នក​រក​នាង​ឃើញ នោះ​អ្នកនឹង​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។

15 មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ

16 ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។

17 នៅពេល​សត្រូវ​របស់អ្នក​ដួល កុំ​អរសប្បាយ​ឡើយ នៅពេល​គេ​ជំពប់ ក៏​កុំឲ្យ​ចិត្ត​អ្នក​ត្រេកអរ​ដែរ

18 ក្រែងលោ​ព្រះយេហូវ៉ា​ទត​ឃើញ ហើយ​ការនោះ​ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បង្វែរ​ព្រះពិរោធ​របស់ព្រះអង្គ​ចេញពី​គេ​។

19 កុំ​រសាប់រសល់​ព្រោះតែ​មនុស្សដែល​ធ្វើអាក្រក់​ឡើយ ក៏កុំ​ច្រណែន​មនុស្ស​អាក្រក់​ដែរ

20 ដ្បិត​មនុស្ស​ពាល​គ្មាន​អនាគត​ទេ ហើយ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។

21 កូន​របស់ខ្ញុំ​អើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា និង​ស្ដេច ក៏កុំ​សេពគប់​ជាមួយ​ពួក​បះបោរ​ឡើយ​។

22 ដ្បិត​សេចក្ដីអន្តរាយ​ពី​ព្រះយេហូវ៉ា និងស្ដេច នឹង​កើតឡើង​ក្នុងមួយរំពេច តើ​នរណា​អាច​ស្គាល់​ភយន្តរាយ​ដែលមកពី​ព្រះយេហូវ៉ា និងស្ដេច​បាន​?

23 សេចក្ដីទាំងនេះ​ក៏​ជាពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​ដែរ​: មានការរើសមុខ​ក្នុង​ការកាត់ក្ដី នោះ​មិន​ល្អ​ទេ​។

24 អ្នកដែល​និយាយ​នឹង​មនុស្ស​អាក្រក់​ថា​៖ “អ្នក​ជា​មនុស្ស​សុចរិត” បណ្ដាជន​នឹង​ដាក់បណ្ដាសា​អ្នកនោះ ជាតិសាសន៍​ទាំងឡាយ​នឹង​ស្អប់ខ្ពើម​អ្នកនោះ

25 រីឯ​ពួកអ្នក​ដែល​ស្ដីបន្ទោស​មនុស្សអាក្រក់​នឹង​បាន​រីករាយ ហើយ​ពរ​ដ៏ល្អ​នឹង​មក​លើ​ពួកគេ​។

26 អ្នកដែល​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ ប្រៀបដូចជា​ថើប​បបូរមាត់​។

27 ចូរ​រៀបចំ​កិច្ចការ​របស់អ្នក​នៅ​ខាងក្រៅ ហើយ​ត្រៀម​កិច្ចការ​នៅក្នុង​ស្រែចម្ការ​សិន ក្រោយមក​សឹម​សាងសង់​ផ្ទះ​របស់ខ្លួន​ចុះ​។

28 កុំ​ធ្វើជា​សាក្សី​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ដោយគ្មានមូលហេតុ​ឡើយ តើ​អ្នក​នឹង​បញ្ឆោត​គេ​ដោយ​បបូរមាត់​របស់អ្នក​ឬ​?

29 កុំ​ពោលថា​៖ “ដូចដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ​យ៉ាងណា ខ្ញុំ​ក៏​នឹង​ធ្វើ​ដល់​គេ​យ៉ាងនោះដែរ​។ ខ្ញុំ​នឹង​តបសង​ដល់​អ្នក​នោះ​តាម​ការប្រព្រឹត្ត​របស់គេ”។

30 ខ្ញុំ​បាន​ដើរកាត់​តាម​ស្រែចម្ការ​របស់​មនុស្ស​ខ្ជិលច្រអូស និង​តាម​ចម្ការទំពាំងបាយជូរ​របស់​មនុស្ស​ខ្វះ​វិចារណញ្ញាណ

31 នោះ​មើល៍! មាន​គុម្ពបន្លា​ដុះឡើង​ពាសពេញ ដើមកន្ទេចអាល​ក៏​គ្របដណ្ដប់​ផ្ទៃដី ហើយ​របង​ថ្ម​ក៏​រលំ​ដែរ​។

32 ខ្ញុំ​ក៏​សង្កេតមើល ហើយ​ផ្ចង់ចិត្ត ខ្ញុំ​បាន​ឃើញ ហើយ​បាន​ទទួលយក​សេចក្ដីប្រៀនប្រដៅ​។

33 ដេក​បន្តិច រលីវ​បន្តិច ឱបដៃ​សម្រាក​បន្តិច

34 នោះ​ភាពក្រីក្រ​របស់អ្នក​នឹង​មក​ដូចជា​ចោរប្លន់ ហើយ​ភាពខ្វះខាត​របស់អ្នក​នឹង​មក​ដូចជា​អ្នកកាន់គ្រឿងសឹក​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម