ទំនុកតម្កើង 139 - ព្រះគម្ពីរខ្មែរសាកលព្រះសព្វញ្ញូ បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ព្រះយេហូវ៉ាអើយ ព្រះអង្គបានស្ទង់មើលទូលបង្គំ ហើយស្គាល់ទូលបង្គំ។ 2 ព្រះអង្គទ្រង់ជ្រាបពេលដែលទូលបង្គំអង្គុយ និងពេលដែលទូលបង្គំក្រោកឡើង; ព្រះអង្គទ្រង់ឈ្វេងយល់គំនិតរបស់ទូលបង្គំពីចម្ងាយ។ 3 ព្រះអង្គទ្រង់សង្កេតមើលការធ្វើដំណើររបស់ទូលបង្គំ និងការដេកសម្រាករបស់ទូលបង្គំ; ព្រះអង្គទ្រង់ស្គាល់ច្បាស់នូវអស់ទាំងផ្លូវរបស់ទូលបង្គំ។ 4 ព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាននៅលើអណ្ដាតរបស់ទូលបង្គំផង មើល៍! ព្រះអង្គទ្រង់ជ្រាបទាំងអស់ហើយ! 5 ព្រះអង្គបានព័ទ្ធទូលបង្គំពីមុខពីក្រោយ ព្រមទាំងដាក់ព្រះហស្តរបស់ព្រះអង្គលើទូលបង្គំផង។ 6 ចំណេះដឹងនេះអស្ចារ្យពេកសម្រាប់ទូលបង្គំ; វាខ្ពស់ពេក ដែលទូលបង្គំរកយល់មិនដល់។ 7 តើទូលបង្គំនឹងទៅឯណាឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់គេចទៅឯណាឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? 8 ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គនៅទីនោះ; ប្រសិនបើទូលបង្គំរៀបគ្រែនៅស្ថានមនុស្សស្លាប់ មើល៍! ព្រះអង្គនៅទីនោះដែរ! 9 ប្រសិនបើទូលបង្គំត្រដាងស្លាបនៃអរុណទៅរស់នៅចុងម្ខាងនៃសមុទ្រ 10 សូម្បីតែនៅទីនោះ ព្រះហស្តរបស់ព្រះអង្គនឹងដឹកនាំទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងកាន់ទូលបង្គំ។ 11 ប្រសិនបើទូលបង្គំនិយាយថា៖ “ភាពងងឹតនឹងគ្របបាំងខ្ញុំជាប្រាកដ ហើយពន្លឺនៅជុំវិញខ្ញុំនឹងត្រឡប់ជាយប់” 12 ក៏ភាពងងឹតនឹងមិនងងឹតដល់ព្រះអង្គដែរ ហើយយប់នឹងភ្លឺដូចជាថ្ងៃ គឺភាពងងឹតក៏ដូចជាពន្លឺដែរ។ 13 គឺព្រះអង្គហើយ ដែលនិម្មិតបង្កើតគ្រឿងក្នុងរបស់ទូលបង្គំ ព្រះអង្គបានក្រងចេញជាទូលបង្គំឡើងនៅក្នុងផ្ទៃម្ដាយទូលបង្គំ។ 14 ទូលបង្គំអរព្រះគុណព្រះអង្គ ពីព្រោះទូលបង្គំត្រូវបានបង្កើតមកយ៉ាងអស្ចារ្យគួរឲ្យស្ញែងខ្លាច; កិច្ចការរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហើយព្រលឹងរបស់ទូលបង្គំដឹងយ៉ាងច្បាស់។ 15 គ្រោងឆ្អឹងទូលបង្គំមិនត្រូវបានលាក់ពីព្រះអង្គឡើយ កាលទូលបង្គំត្រូវបានបង្កើតនៅក្នុងទីលាក់កំបាំង កាលទូលបង្គំត្រូវបានប៉ាក់ឡើងនៅក្នុងទីជម្រៅនៃផែនដី។ 16 ព្រះនេត្ររបស់ព្រះអង្គបានទតឃើញសារធាតុរបស់ទូលបង្គំដែលមិនទាន់ចេញជារូបរាង; ថ្ងៃដែលត្រូវបានកំណត់សម្រាប់ទូលបង្គំ គឺគ្រប់ថ្ងៃទាំងនោះ ត្រូវបានកត់ត្រាទុកក្នុងបញ្ជីរបស់ព្រះអង្គ កាលមិនទាន់មានថ្ងៃណាមួយនៃថ្ងៃទាំងនោះនៅឡើយ។ 17 ឱព្រះអើយ គំនិតរបស់ព្រះអង្គមានតម្លៃដល់ទូលបង្គំយ៉ាងណាហ្ន៎! ចំនួននៃគំនិតទាំងនោះមានច្រើនយ៉ាងណាហ្ន៎! 18 ប្រសិនបើទូលបង្គំបានរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត; ពេលទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គនៅឡើយ! 19 ឱបើព្រះប្រហារមនុស្សអាក្រក់ទៅអេះ! មនុស្សបង្ហូរឈាមអើយ ចូរថយចេញពីខ្ញុំទៅ! 20 ដ្បិតពួកគេនិយាយទាស់នឹងព្រះអង្គដោយកលល្បិច; ពួកសត្រូវរបស់ព្រះអង្គលើកយកព្រះនាមរបស់ព្រះអង្គជាឥតប្រយោជន៍។ 21 ព្រះយេហូវ៉ាអើយ តើទូលបង្គំមិនស្អប់អ្នកដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនស្អប់ខ្ពើមអ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គទេឬ? 22 ទូលបង្គំបានស្អប់ពួកគេដោយសម្អប់ដ៏ពេញទំហឹង ពួកគេបានត្រឡប់ជាសត្រូវដល់ទូលបង្គំ។ 23 ឱព្រះអើយ សូមស្ទង់មើលទូលបង្គំ ហើយជ្រាបចិត្តរបស់ទូលបង្គំផង! សូមពិសោធទូលបង្គំ ហើយជ្រាបគំនិតរបស់ទូលបង្គំផង! 24 សូមទតមើលថាតើមានផ្លូវដែលធ្វើឲ្យព្រួយព្រះហឫទ័យនៅក្នុងទូលបង្គំឬយ៉ាងណា ហើយសូមដឹកនាំទូលបង្គំក្នុងផ្លូវដ៏អស់កល្បជានិច្ចផង៕ |