អេសាយ 25:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ អាល់គីតាប នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។ |
សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ នឹងជ័យជម្នះរបស់ព្រះករុណា ហើយលើកទង់ជ័យឡើង ក្នុងព្រះនាមនៃព្រះរបស់យើង។ សូមព្រះយេហូវ៉ាសម្រេចតាម អស់ទាំងសំណូមរបស់ព្រះករុណាផង។
ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ!
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
ដើម្បីឲ្យទូលបង្គំបានថ្លែងពី អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ។
ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង!
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ពីព្រោះព្រះយេហូវ៉ាជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាជាមហាក្សត្រនៃយើងរាល់គ្នា ព្រះអង្គនឹងជួយសង្គ្រោះយើង។
ទីរហោស្ថាន ហើយទីហួតហែង នឹងមានអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះអង្គជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយអង្គទេ»។
ឱក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱយេរូសាឡិម ជាអ្នកនាំដំណឹងល្អអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា "មើល៍ ព្រះនៃអ្នករាល់គ្នា!"។
អ្នកនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកម្ចាត់កម្ចាយគេអស់ទៅដែរ អ្នកនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា អ្នកនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ជាទីអួតរបស់អ្នក។
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
អ្នកនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ អ្នកនឹងដឹងថា យើងនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាអំណរ។
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
ពួកអេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយដូចជាដោយសារស្រាទំពាំងបាយជូរ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានអំណរដែរ ចិត្តគេបានអរសាទរក្នុងព្រះយេហូវ៉ា។
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។
ម្យ៉ាងទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា ហើយក៏ជួយដល់អ្នករាល់គ្នាដែរ។
ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ
ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
ទាំងទន្ទឹងរង់ចាំ ហើយខំជួយឲ្យថ្ងៃរបស់ព្រះបានឆាប់មកដល់ ព្រោះជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះ ហើយរលាយទៅ ធាតុសព្វសារពើនឹងត្រូវរលាយដោយកម្ដៅភ្លើង!
មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។
ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកជាឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!។