ទំនុកតម្កើង 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអរព្រះគុណចំពោះជ័យជម្នះ ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។ 1 ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ! 2 ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង ហើយមិនបានខាននឹងប្រទានតាមសំណូម ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់ 3 ៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ ដល់ព្រះរាជាជាបរិបូរ ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ លើព្រះសិរសាព្រះរាជា។ 4 ព្រះរាជាទូលសូមជីវិតពីព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យ គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។ 5 សិរីល្អរបស់ព្រះរាជាធំអស្ចារ្យ ដោយសារការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គប្រទានឲ្យព្រះរាជាមានកិត្តិយស និងអានុភាព។ 6 ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា មានព្រះពរជានិច្ច ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ។ 7 ដ្បិតព្រះរាជាទុកចិត្តដល់ព្រះយេហូវ៉ា ហើយដោយសារព្រះហឫទ័យសប្បុរស របស់ព្រះដ៏ខ្ពស់បំផុត នោះព្រះរាជានឹងមិនត្រូវរង្គើឡើយ។ 8 ព្រះហស្តរបស់ព្រះករុណា នឹងរកឲ្យឃើញអស់ទាំង ខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះហស្តស្តាំរបស់ព្រះករុណា នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។ 9 នៅវេលាដែលព្រះករុណាយាងមកដល់ ទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ានឹងលបគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។ 10 ព្រះករុណានឹងបំផ្លាញពូជវង្សរបស់គេ ឲ្យវិនាសបាត់ពីផែនដី ហើយកូនចៅរបស់គេ ពីកណ្ដាលពួកមនុស្សជាតិទៅដែរ។ 11 ដ្បិតគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែគេមិនអាចសម្រេចតាមបំណងអាក្រក់ របស់ខ្លួនបានឡើយ។ 12 ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។ 13 ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបានថ្កើងឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ យើងខ្ញុំនឹងច្រៀងសរសើរ ពីព្រះចេស្តារបស់ព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia