ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានមនុស្សសុចរិតហាសិបនាក់នៅទីក្រុងសូដុម យើងនឹងប្រណីដល់ទីនោះទាំងមូល ដោយយល់ដល់ពួកគេ»។
អេសាយ 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួច នោះយើងរាល់គ្នានឹងដូចជាក្រុងសូដុម ហើយដូចក្រុងកូម៉ូរ៉ាដែរ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល* មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ។ អាល់គីតាប ប្រសិនបើអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានមនុស្សសុចរិតហាសិបនាក់នៅទីក្រុងសូដុម យើងនឹងប្រណីដល់ទីនោះទាំងមូល ដោយយល់ដល់ពួកគេ»។
ពេលនោះ លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលតែម្តងនេះទៀតទេ។ នៅទីនោះប្រហែលជារកបានតែដប់នាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ ដោយយល់ដល់ដប់នាក់នោះ»។
ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា
ប៉ុន្តែ យើងនឹងទុកឲ្យមានមនុស្សប្រាំពីរពាន់នាក់នៅសល់ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ»។
ប្រហែលជាព្រះយេហូវ៉ា ជាព្រះរបស់លោក ព្រះអង្គនឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនឹងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់លោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ»។
កូនស្រីរបស់ក្រុងស៊ីយ៉ូន ត្រូវលះចោល ដូចជាបង្ហាដែលនៅចម្ការទំពាំងបាយជូរ ដូចជាជំរំនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវខ្មាំងឡោមព័ទ្ធហើយ។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
នោះនឹងមានថ្នល់មួយសម្រាប់ពួកសំណល់ នៃប្រជារាស្ត្រព្រះអង្គ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសម្រាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែពីរ ឬបីនៅលើចុងមែកដែលខ្ពស់បំផុត ហើយបួនឬប្រាំនៅមែកសំយាយ នៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ដ្បិតនៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី នឹងត្រូវដូចជាពេលអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពេលដែលគេប្រមូលផលរួចរាល់។
ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។
ឱពួកវង្សយ៉ាកុបអើយ ចូរស្តាប់យើងចុះ គឺសំណល់នៃវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលយើងបានថែរក្សាអ្នករាល់គ្នាតាំងពីកំណើត ហើយបានបីបាច់តាំងពីផ្ទៃម្តាយមក
ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ មួយចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញវា ដ្បិតជាផ្លែមានពរ គឺយ៉ាងនោះដែលយើងប្រព្រឹត្តចំពោះ ពួកអ្នកបម្រើរបស់យើងទាំងប៉ុន្មាន ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ។
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។
ហើយគេនិយាយទៅកាន់ហោរាយេរេមាថា៖ «សូមលោកមេត្តាស្តាប់សេចក្ដីដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់លោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងរកអំពើទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែរកមិនឃើញទេ ហើយរកអំពើបាបរបស់ពួកយូដា តែមិនឃើញឡើយ ពីព្រោះយើងនឹងអត់ទោសដល់ពួកអ្នកដែលយើងទុកឲ្យនៅសល់»។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត
ដ្បិតអំពើទុច្ចរិតរបស់កូនស្រីសាសន៍ខ្ញុំធ្ងន់ជាង អំពើបាបរបស់ក្រុងសូដុមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុងមួយរំពេច ឥតមានដៃអ្នកណាធ្វើឡើយ។
ប៉ុន្តែ មើល៍ នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល៍ គេនឹងចេញមកឯអ្នករាល់គ្នា នោះអ្នកនឹងឃើញផ្លូវ និងអំពើរបស់គេ រួចអ្នកនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលយើងបានទម្លាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលយើងបាននាំទៅលើក្រុងនោះ។
ប៉ុន្តែ យើងនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យមានអ្នកដែលរួចពីដាវនៅកណ្ដាលសាសន៍ដទៃ ក្នុងកាលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅតាមស្រុកផ្សេងៗ។
ពេលនោះ អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ ដ្បិតនៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម នោះនឹងមានអស់អ្នកដែលរត់គេច ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក ហើយក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះយេហូវ៉ាត្រាស់ហៅ។
យើងបានបំផ្លាញអ្នករាល់គ្នាខ្លះ ដូចកាលព្រះបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាបានដូចជាអង្កត់ឧស ដែលគេយកចេញពីភ្លើង ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
ហេតុនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គស្បថថា៖ ដរាបណាយើងមានជីវិតគង់នៅ ពិតប្រាកដជាស្រុកម៉ូអាប់ នឹងបានដូចជាក្រុងសូដុម ហើយពួកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ ជាស្រុកដែលមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ហើយជាទីស្មសានរហូតតទៅ។ ឯសំណល់នៃប្រជារាស្ត្ររបស់យើង នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ហើយពួកអ្នកនៅមានជីវិតនៃសាសន៍របស់យើង នឹងកាន់កាប់ស្រុករបស់គេ។
រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
ឯហោរាអេសាយស្រែកប្រកាសពីសាសន៍អ៊ីស្រាអែលថា៖ «ទោះជាកូនចៅអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ ក៏មានតែអ្នកនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ
ដូចលោកអេសាយបានថ្លែងទុកជាមុនថា៖ «ប្រសិនបើព្រះអម្ចាស់នៃពួកពលបរិវារ មិនបានបន្សល់ពូជទុកឲ្យយើងទេ នោះយើងនឹងវិនាសដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាមិនខាន» ។
គឺស្រុកទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ និងអំបិល គ្មានអ្វីបានសាបព្រោះ គ្មានអ្វីបានលូតលាស់ គ្មានរុក្ខជាតិណាចេញពន្លក ហើយត្រូវបំផ្លាញដូចនៅក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា និងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស
សាកសពអ្នកទាំងពីរនឹងដេកនៅតាមផ្លូវ ក្នុងទីក្រុងធំដែលមានឈ្មោះជានិមិត្តរូបថា «សុដុម» និង «អេស៊ីព្ទ» ជាក្រុងដែលមនុស្សបានឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។