Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេម៉ុស 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ អ្នក​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ជាន់​ឈ្លី​មនុស្ស​កម្សត់​ទុគ៌ត ក៏​ពោល​ទៅ​ចៅ​ហ្វាយ​របស់​ខ្លួន​ថា "យក​មក៍ ឲ្យ​យើង​បាន​ផឹក​ជា‌មួយ​គ្នា!"

2 ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ថា មើល៍ គ្រា​នោះ​នឹង​ធ្លាក់​លើ​អ្នក​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​អូស​អ្នក​រាល់​គ្នា ចេញ​ទៅ​ដោយ​តម្ពក់ ហើយ​អូស​អ្នក​ចុង​ក្រោយ របស់​អ្នក​រាល់​គ្នា​ដោយ​ផ្លែ​សន្ទូច។

3 អ្នក​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ម្នាក់ៗ​ត្រង់​ទៅ​មុខ​រៀង​ខ្លួន ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​គេ​បោះ​ទៅ​ក្នុង​ហាម៉ូន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

4 ចូរ​មក​ឯ​បេត-អែល ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ទៅ ចូរ​មក​ឯ​គីល‌កាល ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ឲ្យ​ច្រើន​ទៅ! ចូរ​យក​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា​រាល់​ព្រឹក​មក ហើយ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ រាល់​បី​ថ្ងៃ​ម្ដង​មក​ផង

5 ចូរ​ថ្វាយ​យញ្ញ​បូជា​នៃ​ការ​អរ​ព្រះ​គុណ​ដែល​មាន​ដំបែ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់ ឲ្យ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្តទៅ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។


អ៊ីស្រាអែល​មិន​ព្រម​ទទួល​ការ​កែ​តម្រង់

6 យើងបាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​អ្នក ហើយ​ឲ្យ​ខ្វះ​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​អ្នក ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម វិល​ត្រឡប់​មក​រក​យើង​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

7 យើង​បាន​បង្ខាំង​មិន​ឲ្យ​ភ្លៀង​បង្អុរ​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​នៅ​ខ្វះ​តែ​បី​ខែ​ទៀត​ចូល​ដល់​រដូវ​ចម្រូត យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​មួយ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ទី​ក្រុង​មួយ​ទៀត ស្រែ​មួយ​មាន​ភ្លៀង​ធ្លាក់ ហើយ​ស្រែ​មួយ​ទៀត​ដែល​គ្មាន​ក៏​ស្វិត​ក្រៀម​ទៅ

8 ដូច្នេះ ទី​ក្រុង​ពីរ ឬទីក្រុង​បី​ក៏​ដើរ​ត្រាច់ចរ​ទៅ​ទី​ក្រុង​ទៀត ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ទោះ​បី​យ៉ាង​នេះក្ដី ក៏​អ្នក​រាល់​គ្នា​មិន​ព្រម​វិល​មក​រក​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

9 យើង​បាន​វាយ​អ្នក​រាល់​គ្នា​ដោយ​ស្រូវ​ស្កក ហើយ​ក្រា​ស៊ី សួន​ដំណាំ​ជា​ច្រើន និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏ត្រូវ​ដង្កូវ​ស៊ី​បំផ្លាញ​អស់​ដែរ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​ព្រម វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

10 យើង​បាន​ចាត់​ជំងឺ​អាសន្ន‌រោគ​ឲ្យ​រាត​ត្បាត ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីព្ទ យើង​បាន​ប្រហារ​ជីវិត​កំលោះ​ៗ របស់​អ្នក​រាល់​គ្នា​ដោយ​ដាវ យើង​បាន​ដឹក​យក​សេះ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ ក៏​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា សាយ​ឡើង​ដល់​ច្រមុះ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា មិន​ព្រម​វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

11 យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នាខ្លះ ដូច​កាល​ព្រះ​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ហើយ​អ្នក​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឧស ដែល​គេ​យក​ចេញ​ពី​ភ្លើង ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា មិន​ព្រម​វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

12 ហេតុ​នេះ ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​នេះ​ឯង ដោយ​ព្រោះ​យើង​នឹង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​អ្នក​រាល់​គ្នា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀបចំខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក​ទៅ!

13 ដ្បិត​មើល៍ ព្រះ​ដែល​សូន​ធ្វើ​ភ្នំ ហើយ​បង្កើត​ខ្យល់ ព្រះ‌អង្គ​ថ្លែង​ប្រាប់​ឲ្យ​មនុស្ស​ស្គាល់​គំនិត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយព្រះ‌អង្គ​ដើរ​ជាន់​ទី​ខ្ពស់​ៗ​នៃ​ផែនដី ព្រះ‌នាម​របស់​ព្រះ‌អង្គ​គឺ «យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម