Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សេផានា 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ជំនុំ​ជម្រះ​លើ​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល

1 ម្នាល សាសន៍​ដែល​មិន​ចេះ​ខ្មាស​អើយ ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា

2 មុន​ដែល​ត្រូវ​សម្រេច​តាម​ច្បាប់ មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា គឺ​មុន​ដែល​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា។

3 អ្នក​ទាំង​អស់​គ្នា​ដែលរាប​សា​នៅ​ក្នុង​ស្រុក ដែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ព្រះ‌អង្គ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​រាប​សា​ចុះ ប្រហែល​ជា​ឯង​រាល់​គ្នា​នឹង​បាន​បិទ​បាំង នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា។

4 ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច‌បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ។

5 វេទនា​ដល់​ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ម្នាល​ឯង​រាល់​គ្នា​ជា​សាសន៍​កេរេ‌ធីម​អើយ! ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទាស់​នឹងឯង​រាល់​គ្នា​ហើយ ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក​មិន​ឲ្យ​មាន អ្នក​ណា​សល់​នៅ​ទៀត​ឡើយ។

6 ឯ​ឯង ឱ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​អើយ ឯង​នឹង​បាន​ជា​វាល​ស្មៅ ជា​កន្លែង​ឃ្វាល​សត្វ​សម្រាប់​ពួក​គង្វាល និង​ក្រោល​សម្រាប់​ហ្វូង​ចៀម។

7 ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ជា​កេរ‌អាករ នៃ​សំណល់​ពូជ​ពង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​នឹង​ប្រោស​គេ ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​គេ​ឡើង​វិញ។

8 យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល ដល់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។

9 ហេតុ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ស្បថ​ថា៖ ដរាប​ណា​យើង​មាន​ជីវិត​គង់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់ នឹង​បាន​ដូច​ជា​ក្រុង​សូដុម ហើយ​ពួក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ ជា​ស្រុក​ដែល​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ហើយ​ជា​ទី​ស្មសាន​រហូត​តទៅ។ ឯ​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ ហើយ​ពួក​អ្នក​នៅ​មាន​ជីវិត​នៃ​សាសន៍​របស់​យើង នឹង​កាន់​កាប់​ស្រុក​របស់​គេ។

10 នេះ​ជាហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​គេ សម្រាប់​អំនួត​របស់​គេ ដោយ​ព្រោះ​គេ​បាន​ត្មះ‌តិះ‌ដៀល ហើយ​អួត​ខ្លួនទាស់​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

11 ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ព្រះទាំង​ប៉ុន្មាន នៅ​ផែន‌ដី​រៀវ​សូន្យ​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន គឺ​អស់​ទាំង​ឆ្នេរ និង​កោះ​ទាំង​ប៉ុន្មាន របស់​សាសន៍​ទាំង​ឡាយ។

12 ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​យើង​ដែរ។

13 ព្រះ​អង្គ​នឹង​លូក​ព្រះ‌ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង ក៏​នឹង​បំផ្លាញ​ស្រុក​អាស‌ស៊ើរ ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច‌បង់ ជា​ទី​ហួត‌ហែង ដូច​ទី​រហោ‌ស្ថាន។

14 អស់​ទាំង​ហ្វូង​សត្វ​នឹង​ដេក​នៅ​កណ្ដាល​នោះ សត្វ​គ្រប់​ពូជ​ទាំង​អស់ ទាំង​ស្មោញ និង​ខ្វែក នឹង​ទំ​លើ​ក្បាល​សសរ នឹង​ឮ​សំឡេង​របស់​វា​យំ​នៅ​មាត់​បង្អួច ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ខូច‌បង់​ទទេ ដ្បិត​ឈើ​តា‌ត្រៅ​ដែល​ស្រោប​ជញ្ជាំង ក៏​ត្រូវ​រ​បើក​អស់​ដែរ។

15 នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ជម្រក​សម្រាប់​ពពួក​សត្វ​ព្រៃ​យ៉ាង​ណា​ហ្ន៎! អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ហួច​ចំអក ហើយ​រលាស់​ដៃ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម