នេះនែ៎ ទ្វារដែលនាំចូលទៅរកអុលឡោះតាអាឡា មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
អេសាយ 35:8 - អាល់គីតាប នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។ ព្រះគម្ពីរខ្មែរសាកល នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ |
នេះនែ៎ ទ្វារដែលនាំចូលទៅរកអុលឡោះតាអាឡា មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
ការស្វែងយល់បន្ទូលរបស់ទ្រង់ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
ហ៊ូកុំរបស់អុលឡោះតាអាឡាល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់អុលឡោះតាអាឡាគួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
ទោះបីខ្ញុំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្វីសោះឡើយ ដ្បិតទ្រង់នៅជាមួយខ្ញុំ ទ្រង់ការពារ និងរក្សាខ្ញុំជានិច្ច ។
ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។
ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជន អ៊ីស្រអែលដែលនៅសេសសល់ពីស្លាប់ គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។
នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើអុលឡោះតាអាឡាជាមួយគ្នា។
បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
ផ្លូវនានាស្ងាត់ជ្រងំ ឥតមាននរណាដើរកាត់តាមនោះទៀតទេ គូភាគីលែងគោរពសន្ធិសញ្ញា គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ គឺគេមិនគោរពនរណាទាំងអស់។
ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ អុលឡោះតាអាឡាកត់ឈ្មោះអ្នកទាំងនោះ ដើម្បីឲ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។
យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺ នៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជា ផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។
បន្តិចទៀតយើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
ទ្រង់បានធ្វើឲ្យសមុទ្ររីងស្ងួត ទ្រង់បានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ទ្រង់បានលោះ ដើរឆ្លងកាត់។
ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ របស់អុលឡោះតាអាឡា ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ! ចូរចាកចេញពីក្រុងបាប៊ីឡូននេះ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!
អុលឡោះតាអាឡាមានបន្ទូលថា: ចូរត្រួសត្រាយរៀបចំផ្លូវ ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ របស់ប្រជាជនយើង!
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលអុលឡោះតាអាឡាបានលោះ។ រីឯអ្នកវិញមនុស្សម្នានឹងហៅអ្នកថា ទីក្រុងបណ្ដូលចិត្ត ក្រុងដែលគេមិនបោះបង់ចោល។
«ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ នាងព្រហ្មចារីអ៊ីស្រអែលអើយ ចូរវិលត្រឡប់មកវិញ ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
រីឯហ៊ូកុំដ៏សំខាន់របស់ដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាកន្លែងសក្ការៈ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «មិនត្រូវឲ្យជនបរទេស ដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទីសក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែលក៏ដោយ។
«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់អុលឡោះជាបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
អ្នកដែលចង់ធ្វើតាមបំណងរបស់អុលឡោះមុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីអុលឡោះ ឬមកពីខ្ញុំផ្ទាល់មិនខាន។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។
រីឯអ្នករាល់គ្នាវិញ អុលឡោះដ៏វិសុទ្ធបានប្រទានរសរបស់ទ្រង់មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
រសដែលអុលឡោះប្រទានមកអ្នករាល់គ្នា ទ្រង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើរសអុលឡោះបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ទ្រង់មិនកុហកទេ ទ្រង់ជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាត្រូវស្ថិតនៅជាប់នឹងអាល់ម៉ាហ្សៀសដូចរសអុលឡោះបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្ដអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហកក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។