Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 19 - អាល់គីតាប


ពិភព​លោក​ទាំង​មូល​ថ្លែង​ពី​សិរី‌រុង‌រឿង​របស់​អុលឡោះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។

1 ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុង‌រឿង របស់​អុលឡោះ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា‌ដៃ របស់​ទ្រង់។

2 ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង

3 តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សំដី​ទេ ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។

4 ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ​ ជា​កន្លែង​ដែល​អុលឡោះ​បាន​ដំឡើង​ជំរំ​សម្រាប់ ព្រះ‌អាទិត្យ។

5 រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​នាក់ ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។

6 ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា អាច​បំបាំង​កំដៅ​របស់​ព្រះ‌អាទិត្យ​បាន​ឡើយ។


ហ៊ូកុំ​របស់​អុលឡោះ

7 ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​អុលឡោះ‌តាអាឡា​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា

8 ឱវាទ​របស់​អុលឡោះ‌តាអាឡា​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​អុលឡោះ‌តាអាឡា ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។

9 ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់

10 គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ ចេញ​ពី​សំបុក​ទៅ​ទៀត។

11 សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ខ្ញុំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។

12 គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ នូវ​កំហុស​ណា​ដែល​ខ្ញុំ​មើល មិន​ឃើញ​នោះ​ផង។

13 សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ ធ្វើ​ជា​ម្ចាស់​លើ​ខ្ញុំ​បាន​ឡើយ ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។

14 អុលឡោះ‌តាអាឡា​អើយ សូម​ប្រោស‌ប្រណី ទទួល​ពាក្យ​ដែល​ខ្ញុំ​ជម្រាប​ជូន ព្រម​ទាំង​ទទួល​គំនិត​ដែល​ខ្ញុំ​រិះ‌គិត នៅ​ចំពោះ​ទ្រង់​នេះ​ផង ដ្បិត​ទ្រង់​ជា​ថ្ម‌ដា និង​ជា​ម្ចាស់​ដែល​ការពារ​ខ្ញុំ!។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម