Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 11 - អាល់គីតាប


រាជ្យ​របស់​អាល់‌ម៉ាស្សៀស

1 មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ

2 រស​របស់អុលឡោះ‌តាអាឡា នឹង​សណ្ឋិត​នៅ​បុត្រា​នោះ គឺ​ជា​រស​ដែល​ផ្ដល់​ប្រាជ្ញា ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ រស​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច រស​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា

3 ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយ ក្នុង​ការ​កោត​ខ្លាចអុលឡោះ‌តាអាឡា បុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ទ្រង់​ក៏​មិន​កាត់​ក្ដី តាម​ដែល​ឮ​គេ​និយាយ​ដែរ។

4 គាត់​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។ គាត់​ប្រើ​បន្ទូល​របស់​អុលឡោះ​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​គាត់​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។

5 គាត់​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ចិត្ត​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។

6 ចចក និង​កូន​ចៀម នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។ កូន​គោ និង​កូន​សិង្ហ នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។

7 គោ​ញី និង​ខ្លា‌ឃ្មុំ ស៊ី​ស្មៅ​ជា​មួយ​គ្នា ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។ សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។

8 ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។

9 ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ អុលឡោះ‌តាអាឡា​យ៉ាង​នោះ​ដែរ។

10 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​លើក​ស្តេច ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ស្តេច ហើយ​កន្លែង​ដែល​គាត់​សម្រាក នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។


ប្រជា‌ជន​ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក នឹង​វិល​មក​ស្រុក​វិញ

11 នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។

12 ទ្រង់​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ទ្រង់​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​គេ​កៀរ​យក​ទៅ ហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល ឲ្យ​វិល​ត្រឡប់​មក​វិញ។

13 ពេល​នោះ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែន ហើយ​ខ្មាំង​សត្រូវ​របស់​យូដា​នឹង​វិនាស​សូន្យ។ អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដា យូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។

14 គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន‌ជាតិ​ភីលី‌ស្ទីន ដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យក សម្បត្តិ​របស់​ជន‌ជាតិ​នានា ដែល​នៅ​ខាង​កើត គេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។

15 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ទ្រង់​លើក​ដៃ​កំហែង​ទន្លេ​អឺប្រាត ទ្រង់​ប្រើ​អំណាច​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។

16 ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជា‌ជន អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរី ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់ បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម