អេសាយ 4 - អាល់គីតាប1 នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។ អនាគតរបស់ក្រុងយេរូសាឡឹម 2 នៅគ្រានោះ អុលឡោះតាអាឡានឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ 3 ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ អុលឡោះតាអាឡាកត់ឈ្មោះអ្នកទាំងនោះ ដើម្បីឲ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។ 4 អុលឡោះតាអាឡានឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជម្រះអ្នកក្រុងស៊ីយ៉ូន ឲ្យបានរួចផុតពីអំពើសៅហ្មង។ ទ្រង់ក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។ 5 បន្ទាប់មក អុលឡោះតាអាឡានឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់អុលឡោះតាអាឡានឹងគ្របបាំងការពារអ្វីៗទាំងអស់។ 6 សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies