អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
២ កូរិនថូស 12:10 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំពេញចិត្តនឹងភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និងការឈឺចាប់ ដោយព្រោះព្រះគ្រីស្ទ។ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះហើយ ដែលខ្ញុំរឹងមាំ។ Khmer Christian Bible ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រោះតែព្រះគ្រិស្ត ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្ដីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្ដីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្ដីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។ អាល់គីតាប ហេតុនេះ ព្រោះតែអាល់ម៉ាហ្សៀស ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។ |
អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
ប៉ុន្តែគេនឹងប្រព្រឹត្តការទាំងអស់នេះដល់អ្នករាល់គ្នាដោយសារតែនាមរបស់ខ្ញុំ ពីព្រោះគេមិនបានស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
ដូច្នេះ ពួកសាវ័កបានចេញពីក្រុមប្រឹក្សា ទាំងអរសប្បាយដែលពួកគេត្រូវបានចាត់ទុកថាស័ក្ដិសមនឹងទទួលការបង្អាប់បង្អោនដោយព្រោះព្រះនាមរបស់ព្រះអង្គ។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងក៏អួតអំពីទុក្ខវេទនា ដោយដឹងថា ទុក្ខវេទនានាំឲ្យមានការស៊ូទ្រាំ
យើងជាមនុស្សល្ងង់ព្រោះតែព្រះគ្រីស្ទ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាមនុស្សមានប្រាជ្ញាក្នុងព្រះគ្រីស្ទ; យើងជាមនុស្សខ្សោយ រីឯអ្នករាល់គ្នាជាមនុស្សខ្លាំងពូកែ; អ្នករាល់គ្នាជាមនុស្សមានកិត្តិយស រីឯយើងជាមនុស្សអាប់ឱនកិត្តិយស។
គឺព្រះអង្គហើយ ដែលតែងតែកម្សាន្តចិត្តយើងក្នុងអស់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដែលនៅក្នុងទុក្ខវេទនាគ្រប់បែបយ៉ាងបានដែរ ដោយការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់ទទួលពីព្រះ
ដ្បិតមិនមែនអ្នកដែលណែនាំខ្លួនឯងឲ្យគេទទួលយកទេ ដែលជាទីគោរពរាប់អាន គឺអ្នកដែលព្រះអម្ចាស់ណែនាំឲ្យទទួលយកនោះវិញ៕
ប៉ុន្តែព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖“គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានគ្រប់លក្ខណៈនៅក្នុងភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំនឹងអួតអំពីភាពខ្សោយរបស់ខ្ញុំដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតលើខ្ញុំ។
ជាការពិត ព្រះអង្គត្រូវគេឆ្កាងដោយសារតែភាពខ្សោយ ប៉ុន្តែមានព្រះជន្មរស់ដោយសារតែព្រះចេស្ដារបស់ព្រះ។ រីឯយើងក៏ខ្សោយក្នុងព្រះអង្គមែន ប៉ុន្តែចំពោះអ្នករាល់គ្នា យើងនឹងរស់ជាមួយព្រះអង្គដោយសារតែព្រះចេស្ដារបស់ព្រះ។
ជាការពិត យើងអរសប្បាយ កាលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ; យើងអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។
ជាការពិត យើងប្រកាសមិនមែនអំពីខ្លួនយើងទេ គឺអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយសារតែព្រះយេស៊ូវ។
ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យអ្នកដែលនៅរស់ បានរស់សម្រាប់ខ្លួនឯងទៀតឡើយ គឺឲ្យរស់សម្រាប់ព្រះអង្គដែលសុគត និងត្រូវបានលើកឲ្យរស់ឡើងវិញសម្រាប់ពួកគេ។
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា; ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ ខ្ញុំបានពេញដោយសេចក្ដីកម្សាន្តចិត្ត ហើយក្នុងទុក្ខវេទនាទាំងអស់របស់យើង ខ្ញុំមានអំណរកើនឡើងរឹតតែខ្លាំងទៅទៀត។
ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។
ដ្បិតការនេះបានប្រទានដល់អ្នករាល់គ្នាដោយសារតែព្រះគ្រីស្ទ គឺមិនគ្រាន់តែឲ្យជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងឲ្យរងទុក្ខដើម្បីព្រះអង្គទៀតផង
ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។
ដូច្នេះ ខ្លួនយើងផ្ទាល់អួតអំពីអ្នករាល់គ្នានៅក្នុងបណ្ដាក្រុមជំនុំរបស់ព្រះ ដោយព្រោះការស៊ូទ្រាំ និងជំនឿរបស់អ្នករាល់គ្នា ក្នុងការបៀតបៀនគ្រប់បែបយ៉ាង និងទុក្ខវេទនាដែលអ្នករាល់គ្នាកំពុងស៊ូទ្រាំ។
ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។
បងប្អូនរបស់ខ្ញុំអើយ កាលណាអ្នករាល់គ្នាជួបប្រទះនឹងការសាកល្បងផ្សេងៗ ចូរចាត់ទុកថាជាអំណរដ៏ប្រសើរបំផុត