Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ កូរិនថូស 13 - ព្រះគម្ពីរខ្មែរសាកល


ពាក្យដាស់តឿន និងពាក្យជំរុញទឹកចិត្តចុងក្រោយ

1 នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។“ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់”។

2 ខ្ញុំ​បាន​ដាស់តឿនទុកមុន​ដល់​អ្នក​ដែល​ប្រព្រឹត្តបាប​ពីមុន និង​ដល់​អ្នក​ឯទៀត​ទាំងអស់ ហើយ​ក្នុងពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដែរ ដូចដែល​ខ្ញុំ​បាន​ដាស់តឿន​អ្នករាល់គ្នា កាល​ខ្ញុំ​នៅជាមួយ​ជាលើកទីពីរ ថា​ប្រសិនបើ​ខ្ញុំ​បាន​មកដល់​ម្ដងទៀត ខ្ញុំ​នឹង​មិន​ត្រាប្រណី​ឡើយ

3 ពីព្រោះ​អ្នករាល់គ្នា​កំពុង​រក​ភស្តុតាង​ដែលបញ្ជាក់ថា​ព្រះ​គ្រីស្ទ​កំពុង​មានបន្ទូល​តាមរយៈ​ខ្ញុំ​។ ព្រះអង្គ​មិន​ទន់ខ្សោយ​ចំពោះ​អ្នករាល់គ្នា​ទេ ផ្ទុយទៅវិញ ព្រះអង្គ​មានព្រះចេស្ដា​ក្នុងចំណោម​អ្នករាល់គ្នា​។

4 ជាការពិត ព្រះអង្គ​ត្រូវគេ​ឆ្កាង​ដោយសារតែ​ភាពខ្សោយ ប៉ុន្តែ​មានព្រះជន្មរស់​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ រីឯ​យើង​ក៏​ខ្សោយ​ក្នុង​ព្រះអង្គ​មែន ប៉ុន្តែ​ចំពោះ​អ្នករាល់គ្នា យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។

5 ចូរ​ពិចារណា​ខ្លួនឯង​មើល៍ ថា​តើ​អ្នករាល់គ្នា​ស្ថិត​ក្នុង​ជំនឿ​ឬយ៉ាងណា​។ ចូរ​ពិសោធ​ខ្លួនឯង​មើល៍​ចុះ​។ ឬមួយក៏​ខ្លួនអ្នករាល់គ្នាផ្ទាល់​មិន​យល់ឃើញ​ទេ​ឬ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា​? លើកលែងតែ​អ្នករាល់គ្នា​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ប៉ុណ្ណោះ​។

6 ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​ឃើញ​ថា យើង​មិនមែន​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ឡើយ​។

7 យើង​អធិស្ឋាន​ទៅ​ព្រះ កុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​ការ​អាក្រក់​អ្វីមួយ​ឡើយ​។ នេះ​មិនមែន​ដើម្បីឲ្យ​មើលទៅ​ដូចជា​យើង​បាន​ជាប់ការពិសោធ​នោះ​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការល្អ ទោះបី​មើលទៅ​ដូចជា​យើង​ធ្លាក់ចេញពីការពិសោធ​ក៏ដោយ​។

8 ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់នឹង​សេចក្ដីពិត​បាន​ឡើយ គឺ​អាច​ធ្វើ​អ្វី​បាន​សម្រាប់​តែ​សេចក្ដីពិត​ប៉ុណ្ណោះ​។

9 ជាការពិត យើង​អរសប្បាយ កាលណា​យើង​ខ្សោយ ហើយ​អ្នករាល់គ្នា​រឹងមាំ​; យើង​អធិស្ឋាន​សូម​សេចក្ដីនេះ​ទៀត គឺឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍​។

10 ហេតុនេះហើយបានជា​ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​ពេល​ខ្ញុំ​មិននៅជាមួយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះអ្នករាល់គ្នា​យ៉ាងតឹងរ៉ឹង​នៅពេល​ខ្ញុំ​មកដល់ ដោយ​សិទ្ធិអំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​ទេ​។

11 ជាទីបញ្ចប់ បងប្អូន​អើយ ចូរ​អ្នករាល់គ្នា​អរសប្បាយ​! ចូរ​ឲ្យបានគ្រប់លក្ខណ៍ ចូរ​ទទួល​ការ​កម្សាន្តចិត្ត ចូរ​មានចិត្តតែមួយ ចូរ​នៅសុខ​ជាមួយគ្នា នោះ​ព្រះ​នៃ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។

12 ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ វិសុទ្ធជន​ទាំងអស់គ្នា​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។

13-14 សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​សេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំង​ការប្រកបគ្នា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម