Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ កូរិនថូស 10 - ព្រះគម្ពីរខ្មែរសាកល


សិទ្ធិអំណាចនៃភាពជាសាវ័ក

1 ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។

2 ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ថា កុំឲ្យ​ខ្ញុំ​បង្ហាញភាពក្លាហាន​នៅពេល​ខ្ញុំ​មកដល់ ដោយ​ទំនុកចិត្ត​ដែល​ខ្ញុំ​ចង់​តទល់​នឹង​អ្នកខ្លះ​ដែល​ចាត់ទុក​យើង​ថា​យើង​ដើរ​តាមសាច់ឈាម​។

3 ទោះបីជា​យើង​រស់នៅ​ក្នុង​សាច់ឈាម​ក៏ដោយ ក៏​យើង​មិនមែន​តយុទ្ធ​តាមសាច់ឈាម​ឡើយ

4 ដ្បិត​គ្រឿងសឹក​នៃ​សង្គ្រាម​របស់យើង​មិនមែន​ខាងសាច់ឈាម​ទេ គឺ​មានឫទ្ធានុភាព​របស់​ព្រះ សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ បំផ្លាញ​ហេតុផល​ផ្សេងៗ

5 និង​បំផ្លាញ​អស់ទាំង​អំនួត​ដែល​លើកខ្លួនឡើង​ទាស់នឹង​ចំណេះដឹង​របស់​ព្រះ ហើយ​ចាប់​គ្រប់ទាំង​គំនិត​ជាឈ្លើយសឹក​ដើម្បីឲ្យ​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ

6 ព្រមទាំង​ប្រុងប្រៀប​នឹង​ដាក់ទោស​ការមិនស្ដាប់បង្គាប់​គ្រប់យ៉ាង កាលណា​ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។

7 អ្នករាល់គ្នា​មើល​តែ​អ្វីៗ​តាម​សំបកក្រៅ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកណា​ជឿជាក់​ថា​ខ្លួនឯង​ជា​របស់​ព្រះ​គ្រីស្ទ ចូរឲ្យ​អ្នកនោះ​ពិចារណា​ការនេះ​ម្ដងទៀត​ដោយ​ខ្លួនឯង​ថា ដូចដែល​អ្នកនោះ​ជា​របស់​ព្រះ​គ្រីស្ទ​យ៉ាងណា យើង​ក៏​យ៉ាងនោះ​ដែរ​។

8 ខ្ញុំ​នឹង​មិន​អៀនខ្មាស​ឡើយ ទោះបីជា​ខ្ញុំ​បាន​អួត​ជ្រុល​បន្តិច​អំពី​សិទ្ធិអំណាច​របស់យើង ដែល​ព្រះអម្ចាស់​បាន​ប្រទានមក​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​អ្នករាល់គ្នា​ទេ

9 ដើម្បីកុំឲ្យ​មើលទៅ​ដូចជា​ខ្ញុំ​បំភ័យ​អ្នករាល់គ្នា​តាមរយៈ​សំបុត្រ​។

10 ដ្បិត​មាន​គេ​និយាយថា​៖ “សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ”។

11 មនុស្សបែបនេះ​ត្រូវ​ពិចារណា​ការនេះ​ថា យើង​ជា​យ៉ាងណា​តាមរយៈ​ពាក្យសម្ដី​ក្នុង​សំបុត្រ ពេល​យើង​មិននៅជាមួយ យើង​ក៏​នឹង​ប្រព្រឹត្ត​យ៉ាងនោះ ពេល​យើង​នៅជាមួយ​ដែរ​។

12 តាមពិត យើង​មិន​ហ៊ាន​រាប់បញ្ចូល ‍ឬ​ប្រៀបផ្ទឹម​ខ្លួន​ជាមួយ​អ្នកខ្លះ​ដែល​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​នោះ​ឡើយ​។ ប៉ុន្តែ​នៅពេល​អ្នកទាំងនោះ​វាស់​ខ្លួន​នឹង​គ្នាឯង ហើយ​ប្រៀបផ្ទឹម​ខ្លួន​ជាមួយ​គ្នាឯង នោះ​ពួកគេ​គ្មានការយល់ដឹងសោះ​។

13 រីឯ​យើង​វិញ យើង​នឹង​មិន​អួត​ហួសកម្រិត​ឡើយ គឺ​អួត​តាម​កម្រិត​នៃ​ដែនកំណត់​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង ជា​កម្រិត​ដែល​មក​រហូតដល់​អ្នករាល់គ្នា​ដែរ​។

14 ពិតមែនហើយ យើង​មិន​លូករំលងហួសខ្នាត ហាក់ដូចជា​មិន​បាន​មកដល់​អ្នករាល់គ្នា​ឡើយ ដ្បិត​យើង​បាន​មក‍រហូតដល់​អ្នករាល់គ្នា ដោយ​នាំ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​មក​ជាមួយ​។

15 យើង​មិន​អួត​ហួសកម្រិត​អំពី​ការនឿយហត់​របស់​អ្នកដទៃ​ឡើយ​។ យើង​គ្រាន់តែ​សង្ឃឹមថា ពេល​ជំនឿ​របស់អ្នករាល់គ្នា​ចម្រើនឡើង ដែនកំណត់​របស់យើង​នឹង​ត្រូវបាន​ពង្រីក​យ៉ាងទូលំទូលាយ​នៅក្នុងចំណោម​អ្នករាល់គ្នា

16 ដើម្បី​ផ្សាយដំណឹងល្អ​រហូតដល់​តំបន់​ខាងនាយ​របស់អ្នករាល់គ្នា​។ នេះ​មិនមែន​ដើម្បី​អួត​អំពី​អ្វី​ដែល​បាន​រៀបចំជាស្រេច នៅក្នុង​ដែនកំណត់​របស់​អ្នកដទៃ​ឡើយ​។

17 យ៉ាងណាមិញ“អ្នក​ដែល​អួត ចូរ​អួត​អំពី​ព្រះអម្ចាស់”

18 ដ្បិត​មិនមែន​អ្នក​ដែល​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ទេ ដែល​ជា​ទីគោរពរាប់អាន គឺ​អ្នកដែល​ព្រះអម្ចាស់​ណែនាំឲ្យទទួលយក​នោះ​វិញ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម