២ កូរិនថូស 12 - ព្រះគម្ពីរខ្មែរសាកលព្រះគុណល្មមហើយ 1 ខ្ញុំត្រូវតែអួត។ ទោះបីជាគ្មានប្រយោជន៍ក៏ដោយ ក៏ខ្ញុំសូមបន្តនិយាយអំពីនិមិត្ត និងការបើកសម្ដែងពីព្រះអម្ចាស់។ 2 ខ្ញុំស្គាល់បុរសម្នាក់ដែលនៅក្នុងព្រះគ្រីស្ទ គាត់ត្រូវបានឆក់យកទៅស្ថានសួគ៌ទីបីកាលពីដប់បួនឆ្នាំមុន។ គាត់នៅក្នុងរូបកាយ ឬនៅក្រៅរូបកាយ ខ្ញុំមិនដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាប។ 3 យ៉ាងណាមិញ ខ្ញុំដឹងថា បុរសនោះ (គាត់នៅក្នុងរូបកាយ ឬនៅក្រៅរូបកាយ ខ្ញុំមិនដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាប) 4 គាត់ត្រូវបានឆក់យកទៅស្ថានបរមសុខ ហើយបានឮពាក្យដែលរកថ្លែងមិនបាន ដែលមិនអនុញ្ញាតឲ្យមនុស្សនិយាយឡើយ។ 5 ខ្ញុំនឹងអួតជំនួសមនុស្សបែបនេះ រីឯសម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ 6 តាមពិត ទោះបីជាខ្ញុំចង់អួតក៏ដោយ ក៏ខ្ញុំមិនមែនល្ងង់ទេ ដ្បិតខ្ញុំនិយាយសេចក្ដីពិត។ ប៉ុន្តែខ្ញុំសូមទប់មិនអួត ក្រែងលោមានអ្នកណាចាត់ទុកខ្ញុំលើសជាងអ្វីដែលខ្លួនគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ។ 7 ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។ 8 ចំពោះការនេះ ខ្ញុំបានទូលអង្វរព្រះអម្ចាស់បីដង ឲ្យបន្លានោះថយចេញពីខ្ញុំ 9 ប៉ុន្តែព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖“គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានគ្រប់លក្ខណៈនៅក្នុងភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំនឹងអួតអំពីភាពខ្សោយរបស់ខ្ញុំដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតលើខ្ញុំ។ 10 ដោយហេតុនេះ ខ្ញុំពេញចិត្តនឹងភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និងការឈឺចាប់ ដោយព្រោះព្រះគ្រីស្ទ។ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះហើយ ដែលខ្ញុំរឹងមាំ។ សញ្ញាសម្គាល់នៃសាវ័ក 11 ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។ 12 សញ្ញាសម្គាល់ដែលបញ្ជាក់ថាខ្ញុំជាសាវ័ក ប្រាកដជាត្រូវបានសម្ដែងនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈការអត់ធ្មត់បំផុត ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិ។ 13 ក្រៅពីការដែលខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នា តើមានអ្វីធ្វើឲ្យអ្នករាល់គ្នាអន់ជាងក្រុមជំនុំឯទៀតៗ? សូមអត់ទោសឲ្យខ្ញុំចំពោះការអយុត្តិធម៌នេះផង! កង្វល់ចំពោះអ្នកកូរិនថូស 14 មើល៍! នេះជាលើកទីបីហើយ ដែលខ្ញុំបានរៀបចំខ្លួនដើម្បីមករកអ្នករាល់គ្នា ហើយខ្ញុំនឹងមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ពីព្រោះខ្ញុំមិនប្រាថ្នាចង់បានអ្វីពីអ្នករាល់គ្នាឡើយ គឺប្រាថ្នាចង់បានអ្នករាល់គ្នាវិញ។ ដ្បិតមិនមែនកូនៗទេ ដែលត្រូវតែប្រមូលទុកសម្រាប់ឪពុកម្ដាយ គឺឪពុកម្ដាយវិញ ដែលត្រូវតែប្រមូលទុកសម្រាប់កូនៗ។ 15 ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ? 16 ទោះបីជាដូច្នោះក៏ដោយ ក៏ខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នាទេ។ តើខ្ញុំជាមនុស្សមានល្បិច ដែលចាប់អ្នករាល់គ្នាដោយឧបាយកលឬ? 17 តើខ្ញុំបានឆ្លៀតឱកាសលើអ្នករាល់គ្នាតាមរយៈអ្នកណាម្នាក់ដែលខ្ញុំចាត់ឲ្យមករកអ្នករាល់គ្នាឬ? 18 ខ្ញុំបានជំរុញទីតុស ទាំងចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់។ ទីតុសមិនបានឆ្លៀតឱកាសលើអ្នករាល់គ្នាទេ មែនទេ? តើយើងមិនបានដើរដោយវិញ្ញាណតែមួយទេឬ? តើយើងមិនបានដើរក្នុងជំហានតែមួយទេឬ? 19 តើអ្នករាល់គ្នានឹកស្មានរហូតមកថា យើងកំពុងដោះសានឹងអ្នករាល់គ្នាឬ? យើងបាននិយាយក្នុងព្រះគ្រីស្ទ នៅចំពោះព្រះទេតើ! អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ សេចក្ដីទាំងអស់នេះ គឺដើម្បីស្អាងទឹកចិត្តអ្នករាល់គ្នាទេ។ 20 តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។ 21 ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕ |