២ ធីម៉ូថេ 3 - ព្រះគម្ពីរខ្មែរសាកលទុក្ខលំបាកនៃគ្រាចុងក្រោយ 1 ចូរអ្នកដឹងការនេះថា នៅថ្ងៃចុងបញ្ចប់ នឹងមានគ្រាលំបាកមកដល់។ 2 ដ្បិតមនុស្សនឹងទៅជាអ្នកស្រឡាញ់ខ្លួនឯង អ្នកស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ មនុស្សអកតញ្ញូ មនុស្សមិនវិសុទ្ធ 3 មនុស្សគ្មានមនោសញ្ចេតនា មនុស្សគ្មានអធ្យាស្រ័យ មនុស្សចោទប្រកាន់ដោយព្យាបាទ មនុស្សមិនចេះគ្រប់គ្រងចិត្ត មនុស្សឃោរឃៅ មនុស្សមិនស្រឡាញ់ការល្អ 4 មនុស្សក្បត់ មនុស្សតក់ក្រហល់ មនុស្សមានចិត្តធំ មនុស្សស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ 5 មានបែបផែននៃការគោរពព្រះ ប៉ុន្តែបដិសេធអំណាចនៃការគោរពព្រះវិញ។ ដូច្នេះ ចូរចៀសវាងពីមនុស្សបែបនេះចុះ។ 6 ដ្បិតក្នុងចំណោមពួកគេ មានអ្នកដែលលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្ត្រីល្ងង់ខ្លៅដែលពេញដោយបាប ដែលត្រូវបាននាំទៅតាមតណ្ហាផ្សេងៗ។ 7 ពួកគេតែងតែរៀនជានិច្ច ប៉ុន្តែមិនអាចទៅដល់ចំណេះដឹងនៃសេចក្ដីពិតបានឡើយ។ 8 ដូចដែលយ៉ានេស និងយ៉ាមប្រេសបានតតាំងនឹងម៉ូសេយ៉ាងណា អ្នកទាំងនោះក៏តែងតែតតាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយធ្លាក់ចេញពីការពិសោធខាងឯជំនឿ។ 9 ប៉ុន្តែពួកគេមិនអាចទៅមុខបានឆ្ងាយឡើយ ដ្បិតភាពលេលារបស់ពួកគេនឹងត្រូវបានលាតត្រដាងដល់មនុស្សទាំងអស់ ដូចដែលបានកើតឡើងដល់អ្នកទាំងពីរនោះដែរ។ ព្រះគម្ពីរទាំងមូល គឺសុទ្ធតែការបើកសម្ដែងពីព្រះ 10 រីឯអ្នកវិញ អ្នកបានដើរតាមសេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ 11 ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។ 12 ជាការពិត អស់អ្នកដែលចង់រស់នៅដោយគោរពព្រះក្នុងព្រះគ្រីស្ទយេស៊ូវ នឹងត្រូវបានបៀតបៀនដែរ 13 រីឯមនុស្សអាក្រក់ និងមនុស្សបោកប្រាស់នឹងបានកាន់តែអាក្រក់ទៅៗ ទាំងបោកគេ និងចាញ់បោកផង។ 14 រីឯអ្នកវិញ ចូរស្ថិតនៅក្នុងសេចក្ដីដែលអ្នកបានរៀន និងបានជឿជាក់ ពីព្រោះអ្នកដឹងថាខ្លួនអ្នកបានរៀនពីអ្នកណា 15 ព្រមទាំងដឹងថា អ្នកបានស្គាល់ព្រះគម្ពីរដ៏វិសុទ្ធតាំងពីក្មេងមកម្ល៉េះ។ ព្រះគម្ពីរអាចធ្វើឲ្យអ្នកមានប្រាជ្ញា ដែលនាំទៅដល់សេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ 16 ព្រះគម្ពីរទាំងមូល គឺសុទ្ធតែការបើកសម្ដែងពីព្រះ ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និងការបង្ហាត់ក្នុងសេចក្ដីសុចរិត 17 ដើម្បីឲ្យមនុស្សរបស់ព្រះបានគ្រប់លក្ខណ៍ ទាំងត្រៀមបានពេញលេញសម្រាប់ការល្អគ្រប់យ៉ាង៕ |