អេសាយ 64:6 - ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់ អាល់គីតាប គ្មាននរណាម្នាក់អង្វររកនាមទ្រង់ទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងទ្រង់ឡើយ ដ្បិតទ្រង់បានលាក់មុខនឹងយើងខ្ញុំ ទ្រង់បណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ |
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ដែលត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ ក៏មិនហៅរកព្រះយេហូវ៉ា តើខ្លួនពួកគេមិនដឹងទេឬ?
មើល៍! ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយរបស់ទូលបង្គំមានទម្ងន់ទូលបង្គំ ក្នុងបាប។
ប៉ុន្តែពួកមនុស្សបំពាន និងពួកមនុស្សបាបនឹងមានសេចក្ដីអន្តរាយជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ានឹងត្រូវបានបំផ្លាញ។
ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមអូក ដែលស្លឹកវាស្រពោន និងដូចជាសួនច្បារដែលគ្មានទឹក។
យ៉ាងណាមិញ យ៉ាកុបអើយ អ្នកមិនបានស្រែកហៅយើងទេ ផ្ទុយទៅវិញ អ៊ីស្រាអែលអើយ អ្នកបាននឿយណាយនឹងយើង!
អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ!
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។
កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
ខ្ញុំនឹងរង់ចាំព្រះយេហូវ៉ាដែលលាក់ព្រះភក្ត្ររបស់ព្រះអង្គពីវង្សត្រកូលយ៉ាកុប ខ្ញុំនឹងរំពឹងមើលទៅព្រះអង្គ!
មហន្តរាយទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ដូចដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលសុំក្ដីសន្ដោសពីព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ និងដោយយកចិត្តទុកដាក់នឹងសេចក្ដីពិតរបស់ព្រះអង្គឡើយ។
ដ្បិតខ្ញុំដឹងហើយថា នៅក្នុងខ្ញុំ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំ គ្មានអ្វីល្អឡើយ ពីព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្តែធ្វើមិនបានសោះ។
ខ្ញុំជាមនុស្សវេទនាណាស់! តើនរណានឹងស្រោចស្រង់ខ្ញុំពីរូបកាយនៃសេចក្ដីស្លាប់នេះបាន?
និងឲ្យគេបានឃើញខ្ញុំក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំដែលមកពីក្រឹត្យវិន័យទេ គឺដោយសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រីស្ទវិញ ជាសេចក្ដីសុចរិតដែលមកពីព្រះដោយសារតែជំនឿ។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ពេលនោះ ម្នាក់ក្នុងពួកចាស់ទុំសួរខ្ញុំថា៖ “តើពួកអ្នកដែលពាក់អាវវែងពណ៌សទាំងនេះជានរណា ហើយមកពីណា?”។