អេសាយ 6 - ព្រះគម្ពីរខ្មែរសាកលការត្រាស់ហៅអេសាយ 1 នៅឆ្នាំដែលព្រះបាទអូសៀសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំគង់លើបល្ល័ង្កដែលខ្ពស់ និងដែលត្រូវបានតម្កើងឡើង ហើយរំភាយព្រះពស្ត្ររបស់ព្រះអង្គពេញក្នុងព្រះវិហារ។ 2 មានពួកសេរ៉ាភីមឈរនៅខាងលើព្រះអង្គ នីមួយៗមានស្លាបប្រាំមួយ ក៏បាំងមុខខ្លួនដោយស្លាបពីរ បាំងជើងខ្លួនដោយស្លាបពីរ ហើយហើរដោយស្លាបពីរ។ 3 ពួកគេស្រែកទៅវិញទៅមកថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះយេហូវ៉ានៃពលបរិវារ! ផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ”។ 4 គ្រឹះនៃមេទ្វារក៏ញ័រដោយសំឡេងនៃសម្រែកនោះ ហើយព្រះដំណាក់ក៏ពេញដោយផ្សែង។ 5 ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។ 6 នោះសេរ៉ាភមួយរូបក្នុងចំណោមសេរ៉ាភីមទាំងនោះ ហើរមករកខ្ញុំ ក្នុងដៃមានរងើកភ្លើង គឺបានយកពីលើអាសនាដោយដង្កៀប 7 ហើយប៉ះនឹងមាត់ខ្ញុំ ទាំងនិយាយថា៖ “មើល៍! រងើកនេះបានប៉ះនឹងបបូរមាត់អ្នក ដូច្នេះសេចក្ដីទុច្ចរិតរបស់អ្នកត្រូវបានដកចេញ ហើយបាបរបស់អ្នកក៏ត្រូវបានលុបលាងដែរ!”។ 8 បន្ទាប់មក ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ “តើយើងនឹងចាត់នរណាឲ្យទៅ? តើនរណានឹងទៅជំនួសពួកយើង?”។ នោះខ្ញុំក៏ទូលឆ្លើយថា៖ “មើល៍! ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំចុះ!”។ 9 ព្រះអង្គមានបន្ទូលថា៖ “ចូរទៅចុះ ហើយប្រាប់ប្រជាជននេះថា: ‘ចូរស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែកុំយល់ឡើយ; ចូរមើលហើយមើលទៀត ប៉ុន្តែកុំចាប់ភ្លឹកឡើយ’។ 10 ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។ 11 ខ្ញុំក៏ទូលសួរថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើរហូតដល់ពេលណា?”។ ព្រះអង្គមានបន្ទូលថា៖ “រហូតដល់ពេលដែលទីក្រុងនានាត្រូវបានបំផ្លាញ គ្មានអ្នកណារស់នៅ ហើយផ្ទះទាំងឡាយគ្មានមនុស្ស គឺទឹកដីនេះត្រូវបានបំផ្លាញ ហើយស្ងាត់ជ្រងំ 12 រហូតដល់ព្រះយេហូវ៉ាបានយកមនុស្សចេញឆ្ងាយ ហើយតំបន់ដែលត្រូវបានបោះបង់ចោលមានច្រើននៅកណ្ដាលទឹកដីនេះ។ 13 ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ ក៏វានឹងត្រូវបានដុតចោលទៀតដែរ គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។ គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕ |